ដោយៈ បាយ័ន / សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ នេះ ប្រតិភូ​អង្គទូត បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ មាន​ចំនួន ១៩ ប្រទេស មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដូចជា​ប្រាសាទ​អង្គ​វត្ត​។​

​ប្រតិភូ​អង្គទូត​ខាងលើ ដឹកនាំ​ដោយ​លោក អ៊ូ​ក សោ​ភ័​ណ្ឌ ឯកអង្គ​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ។ លោក អ៊ូ​ក សោ​ភ័​ណ្ឌ បានឱ្យដឹងថាៈ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​រៀបចំ​ជា​សិក្ខាសាលា ដើម្បី​ផ្សព្វផ្សាយ អំពី​ការទូត​សេដ្ឋកិច្ច ដែល​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​មួយចំនួន ដូចជា​៖ ក្រសួង​ការ​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ​កម្ពុជា (CDC) ដោយមាន​តំណាង​ពី​ក្រសួង​-​ស្ថាប័ន​នីមួយៗ ធ្វើ​បទ​បង្ហាញ​អំពី​សក្ដានុពល​របស់ ស្ថាប័ន​នោះ​ផងដែរ ។​

លោក អ៊ូ​ក សោ​ភ័​ណ្ឌ ឯកអង្គ​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ

​លោក​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​បន្តថាៈ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​មុខមាត់​កម្ពុ​ជា ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ផ្សព្វផ្សាយ​ការទូត​សេដ្ឋកិច្ច រួមមាន វិស័យ​ទេសចរណ៍​, វិនិយោគ​, ពាណិជ្ជកម្ម និង​វប្បធម៌ និង​ការស្តារ​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ បរទេស ឱ្យមក​ទស្សនា​ក្នុង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ កាន់តែ​ច្រើនឡើង ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្រោយ​វិបត្តិ​ជំងឺ កូ​វីដ​-១៩ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រាសាទបាយ័ន លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូត​ប៉ូឡូញ ប្រចាំ​ប្រទេស​ថៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថាៈ លោក​ពិតជា មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​បានមក​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ដោយបាន​ដឹង និង​ឃើញ​ផ្ទាល់ អំពី​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់ៗ និង​កា​រីកចម្រើន​របស់​កម្ពុ​ជា ពិសេស​បានមក​ដល់​ទឹកដី​អង្គរ ខេត្តសៀមរាប ដោយបាន​ទស្សនា​សំណង់​ស្ថាបត្យកម្ម ដ៏​អស្ចារ្យ ដែលជា​សក្ដានុពល​ទេសចរណ៍ ដ៏​ទាក់ទាញ​របស់​កម្ពុជា ។

​លោក​ឯកអគ្គរដ្ឋទូត​ប៉ូឡូញ បាន​ថ្លែង​ការកោតសរសើរ ចំពោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ហើយ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត ចំពោះ​ប្រតិភូ​គ្រប់​ប្រទេស​ទាំងអស់ ៕V / N