ដោយៈ បូកគោ / កំពត​: ជា​កិច្ច​ទទួល​អំណរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ព្រះ​រាជពិធី​បុណ្យអុំទូក ដែល​ខេត្តកំពត គ្រោង​នឹង​រៀបចំ​ការប្រណាំង​ទូក​ផង​នោះ រដ្ឋបាលខេត្ត​នេះ បានចាប់ផ្តើម​តុបតែង​លម្អ​ក្រុង ឱ្យ​ស្រស់បំព្រង ដើម្បី​ផ្តល់​ភាពស្រស់​ស្រាយ ស​ម្តា​ប់​ភ្ញៀវ​ជិត​ឆ្ងាយ​។​

​លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បាន​ប្រាប់​ឱ្យដឹងថាៈ ក្រោម​ការចង្អុល​ណែនាំ ពី​លោក ម៉ៅ ធនិន ក្នុង​គោលដៅ​បង្កើន​សោភ័ណភាព និង​អនាម័យ​ក្រុង ក៏ដូចជា ដើម្បី​ទទួល​អំណរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នាពេលខាងមុខ រដ្ឋបាល​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​សម្អាត​បរិស្ថាន​អនាម័យ​ខេត្ត​-​ក្រុង បានចាប់ផ្តើម​កែលម្អ​សោភ័ណភាព នៅ​តំបន់​សំខាន់ៗ​មួយចំនួន​។ កិច្ចការ​ទាំងនោះ រួមមាន ការ​លាបថ្នាំ​ពណ៌​លម្អ​រង្វង់​មូល​រូបសំណាក​ផ្លែ​ទុរេន សម្អាត​អាងទឹក ដាក់​បន្ថែម​ថូផ្កា អំពូល​ភ្លើង​ជាដើម​។


​លោក​អភិបាលក្រុង បាន​បន្តថាៈ ចំណែក​ទីកន្លែង​ផ្សេងទៀត ដូចជា​រង្វង់​មូល​រូបសំណាក កម្មករ ប្រមូល​ផល​អំបិល​រង្វង់​មូល មិត្តភាព​កម្ពុជា​-​កូរ៉េ រូបសំណាក​ទឹករលក ក៏ត្រូវ​បាន​តុបតែង​លម្អ​ដូចគ្នា​ដែរ​។ ជាមួយនេះ សួនច្បារ​សាធារណៈ ចំណតរថយន្ត តាក់ស៊ី សួនច្បារ ឆ្នាំ​២០០០ សួនច្បារ​នៃ​រមណីយដ្ឋាន​ស្រះ​ឈូក សួនច្បារ​មាត់​ព្រែក និង​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង ក៏មាន​ការសម្អាត និង​កាត់​មែ​ង​ឈើ ព្រមទាំង​ដោះដូរ រួច​ដាក់​អំពូល​ភ្លើង បន្ថែម​ទៀតផង​។​

​លោក លាង រឿន​សុធី បានបញ្ជាក់​ថាៈ ក្រៅពី​តុបតែង​ក្រុង រដ្ឋបាលខេត្ត កំពុង​រៀបចំ ស្ថាបនា​សួនច្បារ និង​ឆ្នេរ​ខ្សាច់ ពីរ​កន្លែង​បន្ថែមទៀត នៅតាម​ឆ្នេរ​ព្រែក​កំពត ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង និង​ស្រុក​ទឹកឈូ​។ លោក រំពឹងថា ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ នឹង​ទទួលបាន​នូវ​ភាព​រីករាយ ក្នុង​ដំណើរ​កម្សាន្ត មកកាន់​ខេត្តកំពត នាឱកាស​បុណ្យ​ប្រពៃណីជាតិ ខាងមុខ​៕/V​