​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​ហង្ស​ក្រហម Liverpool នឹង​ធ្វើដំណើរ​ទៅ​ទឹកដី​គូប្រជែង​ក្នុង​ក្រុង​តែមួយ គឺ Everton នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ ដោយ​រំពឹង​ទទួល​លទ្ធផល​ល្អ​ខណៈ​​តោ​ខៀវ Chelsea ក៏​នឹង​ទទួល​ក្រុម​ក្នុង​ក្រុង​តែ​មួយ​ដូច​គ្នា គឺ​ញញួរ​ធំ West Ham ស្របពេល Spurs រំពឹង​ឈ្នះ​ជា​បន្ត​ក្នុង​ទឹកដី​ខ្លួន​ឯង ពេល​ស្វាគមន៍ Fulham​មកពី​ទីក្រុង​ឡុង​ដ៍​តែមួយ​​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។

​គូ​ធំ​ប្រចាំ​សប្តាហ៍​នេះ​គឺ​ជំនួប​រវាង Man U និង Arsenal ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃអាទិត្យ​។​

​ការព្យាករណ៍​សម្រាប់​ចុង​សប្តាហ៍ ៖

– Everton vs Liverpool

​ហង្ស​ក្រហម Liverpool បាន​លួច​យក​បី​ពិន្ទុ​ពី​ក្រុម​សារិកា​ព្រៃ Newcastle កាលពី​យប់​ថ្ងៃ​ពុធ​ទី​៣១​សីហា នៅពេលដែល​កីឡាករ​បម្រុង Fabio Carvalho ស៊ុត​គ្រាប់​ជ័យជម្នះ​ចុង​ម៉ោង​នៅ​នាទី​ទី ៧ នៃ​ម៉ោង​បន្ថែម ៥ នាទី​នៅ​កីឡដ្ឋាន Anfield ។​

​ទោះយ៉ាងណា ហង្ស​ក្រហម​លេង​មិន​បាន​ល្អ​ទាល់តែសោះ​ក្នុង​ពេល​ឈ្នះ​ទាំង​ហេង​មួយ​នេះ​។ ពួកគេ​មិន​ស័ក្តិសម​ទទួល​ជ័យជម្នះ​លើ​ក្រុម Newcastle ដ៏​ខ្លាំងក្លា​កាលពី​ពាក់កណ្តាល​សប្តាហ៍​នោះទេ​។​

​យ៉ាងណាក៏ដោយ កូនក្រុម​របស់លោក Jurgen Klopp នៅតែ​អាច​ទទួល​ជ័យជម្នះ​២​លើ​ក​ជាប់ៗ​គ្នា បន្ទាប់ពី​បើក​ឆាក​អន់​បី​ជុំ​ដំបូង​នៃ​រដូវ​កាល​នេះ​។​

​យ៉ាងហោច​ណាស់​ពួកគេ​អាច​រក្សា​ការ​ប្រជែង​លើ Manchester City ដែល​កំពុង​រីករាយ​នឹង​ទម្រង់​លេង​ល្អ​ខ្លាំង​នៅ​ដើមរដូវ​កាល​នេះ​។​

​ឥឡូវនេះ Liverpool ត្រូវ​ងាក​មក​ប៉ះ​គូប្រជែង​ក្នុង​ក្រុង​តែ​មួយ​របស់​ពួកគេ គឺ​ក្រុម​ស្ករ​គ្រាប់ Everton ក្នុង​ការប្រកួត​ជុំ​ទី ៦ ក្នុង​ក្របខ័ណ្ឌ English Premier League នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​នៅ​កីឡដ្ឋាន Goodison ។​

​ហង្ស​ក្រហម​គឺ​ជា​កម្លាំង​លេចធ្លោ​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​នៃ​ការប្រកួត​នៅ​តំបន់ Merseyside ហើយ​ពួកគេ​ឈាន​ចូល​ការប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ​ខ្លាំង​បំផុត​។​

Everton ត្រូវបាន​អ្នកជំនាញ​និង​អ្នកវិភាគ​ភាគច្រើន​ព្យាករណ៍​ថា​នឹង​ប្រឈម​ការ​កាត់ចោល​នៅក្នុង​លក្ខខណ្ឌ Premier League រដូវ​កាល​នេះ​។​

​យ៉ាងណាក៏ដោយ ក្រុម​ស្ករ​គ្រាប់​បាន​បង្ហាញ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ថា​ពួកគេ​មិនមែន​ងាយ​ឱ្យ​គេ​បំបា​ក់បាន​នោះឡើយ​។ បន្ទាប់​ពី​ចាញ់ Chelsea និង Aston Villa នៅ​ពីរ​ប្រកួត​ដំបូង Everton បាន​ស្មើ ១-១ ជាប់ៗ​គ្នា​ជាមួយ Nottingham Forest, Brentford និង Leeds ។​

​ដោយហេតុ​ថា Liverpool មានប្រៀប​ភាគច្រើន​លើ Everton ពួក​គេ​រំពឹង​ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍​យ៉ាងតិច ១-២៕

– Chelsea vs West Ham

​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​តឹងតែង​រវាង Chelsea និង West Ham ដែល​មកពី​ទីក្រុង​ឡុង​ដ៍​ដូចគ្នា នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​កីឡដ្ឋាន Stamford Bridge ។​

​ក្រុម​ទាំង​ពីរ​កំពុង​ឆ្លងកាត់​ការចាប់ផ្តើម​រដូវ​កាល​ដ៏​លំបាក​ដូចគ្នា ហើយ​លទ្ធផល​នៅក្នុង​ជំនួប​រវាង​ពួកគេ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ជំរុញ​ស្មារតី​ក្រុម​ឡើងវិញ​។​

Chelsea ឈ្នះ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​លី​ក​ទាំង​៤​លើកចុងក្រោយ បើទោះបីជា​លេង​ប៉ះ​ក្រុម​ល្មមៗ​ដូចជា Leeds, Leicester និង Southampton ក្នុង​បី​ប្រកួត​ចុងក្រោយ​ក៏ដោយ​។​

​លោក Thomas Tuchel មាន​បញ្ហា​ធំ​ដោយសារ​ខ្សែបម្រើ​សំខាន់ៗ​របស់​គាត់​របួស​ទាំង​អស់ តួយ៉ាង Mateo Kovacic និង Ngolo Kante បាន​ខកខាន​ការប្រកួត​ជាច្រើន​រួច​ទៅ​ហើយ​។​

​កង្វះ​ជម្រើស​បម្រើ​ការពារ​បាន​បង្ក​ឱ្យមាន​បញ្ហា​បន្ថែម​ទៀត​នៅក្នុង​តំបន់​ការពារ កន្លែង​ដែល​ខ្សែការពារ​កណ្តាល Kalidou Koulibaly នៅ​លេង​មិនទាន់​ល្អ​នៅ​ឡើយ​នៅ​ដើម​រដូវ​កាល​នេះ​។​

Chelsea កំពុង​របូត​គ្រាប់​បាល់​តាម​អំពើ​ចិត្ត​នាពេល​បច្ចុប្បន្ន​។ ពួកគេ​បាន​អនុញ្ញាត​ឱ្យ​គេ​ស៊ុត​ចាប់ពី​ពីរ​គ្រាប់​ឡើង​ទៅ​នៅ​ក្នុង​ការប្រកួត Premier League បី​លើក​ចុងក្រោយ​។​

​នេះ​នឹង​ក្លាយ​ជា​តន្ត្រី​ពិរោះ​ស្តាប់​ដល់​ត្រចៀក​របស់លោក David Moyes ដែល​កូនក្រុម​របស់គាត់​នៅ​ទីបំផុត​បាន​បង្ហាញ​សញ្ញា​នៃ​ទម្រង់​រើប​ឡើងវិញ​ក្នុង​ការប្រកួត​នៅ​ពាក់កណ្តាល​សប្តាហ៍​ទល់នឹង Tottenham​។​

West Ham ប៊ិះ​នឹង​អាច​ឆក់​យក​ជ័យជម្នះ​ចុង​ម៉ោង​បាន​យ៉ាង​ងាយ ដោយ​ការ​ទះ​ផ្លា​តិចៗ​ពី​កីឡាករ Michail Antonio ក្រោយ Jarrod Bowen បញ្ជូន​បាល់​យ៉ាង​ស្អាត​កាលពី​យប់​ថ្ងៃ​ពុធ​។​

​ទោះយ៉ាងណា សូម្បី​តែ​លទ្ធផល​ស្មើ ១-១ ទល់នឹង Spurs របស់លោក Antonio Conte ក៏​អាច​ចាត់ទុកថា​ជា​លទ្ធផល​វិជ្ជមាន​ដែរ​សម្រាប់​ក្រុម West Ham ដែល​លេង​អន់​បំផុត​នៅក្នុង​ការប្រកួត​បើកឆាក​បួន​ជុំ​នៃ​រដូវ​កាល​នេះ​។​

​តើ​ពួកគេ​អាច​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នៅ​កីឡដ្ឋាន Stamford Bridge បានទេ​? ចម្លើយ​ប្រហែលជា​មិន​អាច​ទេ ព្រោះ​ពួកគេ​កម្រ​ឈ្នះ​នៅ​ទឹកដី​នេះ​ខ្លាំងណាស់​។

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ២-០​។​

– Tottenham vs Fulham

Tottenham ខកខាន​បន្ត​ជ័យជម្នះ​របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ ដោយ​លេង​បាន​ត្រឹម ១-១ ទល់នឹង West Ham ក្នុងជំនួប London Derby ។​

Spurs នឹង​លេង​ប្រកួត​មួយទៀត​ទល់នឹង​គូប្រជែង​ក្នុង​ទីក្រុង​ឡុង​ដ៍​ដដែល​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ពេល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល Fulham នៅ​កីឡដ្ឋាន Tottenham Hotspur​។​

​ក្រុម​របស់​លោក Antonio Conte បាន​ពង្រឹង​ប្រព័ន្ធ​ការពារ​បាន​យ៉ាង​ល្អ​ក្នុង​ពីរ​បី​សប្តាហ៍​ចុងក្រោយ​នេះ​។ Spurs បាន​រក្សា​សំណាញ់​ទី​ស្អាត​ក្នុងពេល​ទទួល​ជ័យជម្នះ​លើ​ក្រុម Wolves និង Nottingham Forest មុន​ពេល​របូត​មួយ​គ្រាប់​នៅ​ពាក់កណ្តាល​សប្តាហ៍​ទល់នឹង West Ham ។​

​ខ្សែការពារ​របស់​ពួកគេ​នឹង​ត្រូវ​ធ្វើតេស្តិ៍​យ៉ាង​ខ្លាំង​នៅ​ថ្ងៃសៅរ៍​នេះ ដោយហេតុ​ថា​ពួកគេ​នឹង​លេង​ទល់​នឹង​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​ម្នាក់​នៅក្នុង​លី​ក​។​

​ខ្សែ​ប្រយុទ្ធ Aleksandar Mitrovic របស់ Fulham បាន​ស៊ុត​បញ្ចូល​ទី​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​ជួយ​ក្រុម​របស់​គេ​ឱ្យ​ទទួលបាន​ជ័យជម្នះ​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាល​នេះ​។​

​ក្រុម​ផ្កាឈូក​ស​បាន​ឈ្នះ Brighton ២-១ នៅ​ពាក់កណ្តាល​សប្តាហ៍ ដោយ​បង្ក​បរាជ័យ​ជា​លើកដំបូង​នៃ​រដូវ​កាល​នេះ​ទៅ​លើ​ក្រុម​រំពេរ​សមុទ្រ​។​

​តើ​ពួកគេ​អាច​ធ្វើ​ដូច​គ្នា​នៅទីនេះ​ទល់នឹង Tottenham ដែល​បាន​ឈ្នះ ៣ ដង និង​ស្មើ ២ ដង បន្ទាប់​ពី​ការបើក​ដំណើរការ ៥ ជុំ​នៃ​រដូវ​កាល​នេះ បាន​ដែរឬទេ​?

Spurs បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ទាំង​ពីរ​លើក​មក​ទល់​ពេល​នេះ​ក្នុង​រដូវ​កាល​នេះ ហើយ​ពួកគេ​រំពឹង​ឈ្នះ​ជា​លើក​ទី​បី​ក្នុង​ទឹកដី​ខ្លួនឯង​។​

Harry Kane ដែល​ស៊ុត​ចូល​៤​គ្រាប់​រហូតមកទល់​ពេលនេះ គួរតែ​មាន​កន្លែង​ទំនេរ​ច្រើន​ដើម្បី​ស៊ុត​ចូល​ក្រុម Fulham ដែល​របូត​យ៉ាងហោច​ពីរ​គ្រាប់​រាល់​ការប្រកួត​ក្រៅ​ដី​ចុងក្រោយ (​ទល់នឹង Crawley Town ក្នុង League Cup និង Arsenal ក្នុង Premier League) ។

​លទ្ធផល​ព្យាករណ៍ Spurs ឈ្នះ ២-០៕

Chelsea ត្រូវការ​ឈ្នះ​លើ West Ham ដាច់ខាត​ដើម្បី​ស្តារ​ស្មារតី​ក្រុម​ឡើង​វិញ

គូប្រកួតក្នុងលីកអឺរ៉ុបធំៗនៅចុងសប្តាហ៍នេះ