ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា លោក ស្រ៊ុន លាង បានឱ្យដឹងថាៈ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ សហព័ន្ធ ត្រូវការ​គណៈកម្មការ​បច្ចេកទេស​ជំនាញ ចំនួន ៥០​នាក់ ។

​លោក​បាន​និយាយ​បែបនេះ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ម​ន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ លើក​ទី​១ រយៈពេល ៦​ថ្ងៃ ដល់​មន្ត្រី​របស់​មន្ទីរ​អប់រំ​យុវជន និង​កីឡា នៅ​ខេត្តកំពត កាលពីពេល​ថ្មីៗ​កន្លងទៅ​។

​លោក​បាន​បន្តថាៈ តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ក្នុង​ឆ្នាំ​២០១៩-២០២៣ ត្រូវការ​គណៈកម្មការ​បច្ចេកទេស​ជំនាញ​ចំនួន ៧៥​នាក់ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ការប្រកួត​នានា​ទាំង​ជាតិ និង​អន្តរជាតិ​។ ប៉ុន្តែ ការងារ​បណ្តុះបណ្តាល​ក​ន្ល​ង​មក សហព័ន្ធ បានធ្វើ ៥ លើក​រួចហើយ គិត​មកដល់ពេលនេះ យើង​មាន​មន្ត្រី​ជំនាញ​ជាង ២០០ នាក់​។ ប៉ុន្តែ​ប្រតិភូ​សហព័ន្ធ​កីឡា​ទូក​អន្តរជាតិ លោក Dick Lim ប្រាប់ថា ត្រូវការ​អ្នកជំនាញ​ត្រឹមតែ ៥០​នាក់ គឺ​គ្រប់គ្រាន់​ហើយ​។

​សម្រាប់​គណៈកម្មការ​ស​ហ​ព័ន្ធ​កីឡា​ទូក​អន្តរជាតិ​វិញ លោក​អគ្គលេខាធិការ​ង បានឱ្យដឹងថាៈ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឬ​ការប្រកួត​កម្រិត​អន្តរជាតិ​នានា ត្រូវការ​គណៈកម្មការ​ជំនាញ ចំនួន ២២​នាក់ មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជ្រើសរើស​ដោយ​សហព័ន្ធ​កីឡា​ទូក​អន្តរជាតិ ក្នុងនោះ ប្រទេស​ខ្លះ អាច​យក ៣​នាក់ ដោយសារ​គេ​ធ្លាប់​បណ្តុះបណ្តាល​ទូក​ប្រពៃណី ទូក​នាគ​ខ្នាត​អន្តរជាតិ ច្រើនដង​។ ប្រទេស​ខ្លះ អាច​យក ២​នាក់ តែ​គិត​មកដល់ពេលនេះ សម្រាប់​កម្ពុជា មានតែ​ម្នាក់​ប៉ុណ្ណោះ​។

​អ្នកជំនាញ​ផ្នែក​ទូក​កា​នូ និង​កា​យ៉ាក គឺ​លោក ស្រ៊ុន លាង ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ទទួលបន្ទុក​ផ្នែក​បច្ចេកទេស​សហព័ន្ធ ប៉ុន្តែ​ផ្នែក​ទូក​ប្រពៃណី ទូក​នាគ​ខ្នាត​អន្តរជាតិ កម្ពុជា​មិនទាន់មាន​នោះទេ​។ លោក បាន​បន្តថាៈ សហព័ន្ធ មាន​ផែនការ​បញ្ជូន​មន្ត្រី​បច្ចេកទេស ដែល​ចេះ​ភាសា​ស្ទាត់ជំនាញ ចេះ​ការងារ​បច្ចេកទេស (IT) និង​យល់ច្បាស់​ពី​ច្បាប់ លក្ខន្តិកៈ​អន្តរជាតិ ទៅ​ចូលរួម​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ទូក​នាគ ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​សិក្សា​រៀនសូត្រ ពី​អ្នកជំនាញ​អន្តរជាតិ ទាំង​ទ្រឹស្តី ការអនុវត្ត​ផ្ទាល់ បូករួម​ទាំង​ការ​កាត់សេចក្តី​ការប្រកួត​ផ្ទាល់ ដើម្បី​ឲ្យ​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ទូក​អន្តរជាតិ ទទួលស្គាល់ និង​ផ្តល់​វិញ្ញាបនបត្រ ជា​ផ្លូវការ​។

​លោក​អគ្គលេខាធិការរង បាន​វាយតម្លៃថាៈ វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ លើក​ទី​១ នៅ​ខេត្តកំពត រយៈពេល ៦​ថ្ងៃនេះ ទទួលបាន​លទ្ធផល ៨៩% ហើយ​មាន​មន្ត្រី​បច្ចេកទេស ដែល​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ៤ លើក​កន្លងមក មាន​សរុប​ជាង ២០០​នាក់ ដើម្បី​បន្ត​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ចុងក្រោយ ដែល​បង្រៀន​ដោយ​សហព័ន្ធ​កីឡា​ទូក​អាស៊ី ដោយ​ជ្រើសរើស​យកតែ ៥០​នាក់ តាម​ការកំណត់​របស់​សហព័ន្ធ​កីឡា​ទូក​អន្តរជាតិ សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ក​ម្រិ​ត​អន្តរជាតិ ពី​សហព័ន្ធ​កីឡា​ទូក​អាស៊ី កម្ពុ​ជាមាន​គម្រោង នឹង​បញ្ជូនទៅ​សិក្សា​បន្ថែម​នៅក្រៅ​ប្រទេស ពី​ការ​កាត់សេចក្តី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឱ្យបាន​ច្រើនដង មុន​ស៊ី​ហ្គេម នៅ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ឱ្យបាន​ល្អ ។

​គួរ​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ លើក​ទី​១ រយៈពេល ៦​ថ្ងៃ នៅ​ខេត្តកំពត មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥​នាក់ ដែល​សុទ្ធសឹង​ជា​មន្ត្រី​របស់​មន្ទីរអប់រំ យុវជន និង​កីឡា និង​បង្ហាត់បង្រៀន​ដោយ​គ្រូឧទ្ទេស ៣​រូប រួមមាន លោក​បណ្ឌិត មាស សារិន អនុប្រធាន លោក ស្រ៊ុន លាង អគ្គលេខាធិការរង និង​លោក សាំង សុភ័ក្ត្រ​។ ដោយឡែក សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវការ​គណៈកម្មការ​បច្ចេកទេស​ជំនាញ​សរុប​ចំនួន ៥០​នាក់​៕V / N