​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ បានប្រកាស​ការលក់​សព្វាវុធ​មួយ​កញ្ចប់​ធំ​តំលៃ​សរុប​១.១០០​លាន​ដុល្លារ​សំរាប់​កោះ​តៃវ៉ាន់ ដោយ​ប្តេជ្ញា​ជំរុញ​សមត្ថភាព​ការពារ​ខ្លួន​របស់​​កោះ​នេះ​នៅពេល​ភាព​តានតឹង​ជាមួយ​ចិន​ប៉េកាំង​កាន់តែ​តឹងតែង​ឡើង​។​

​ការលក់​ដោយ​ផ្គើន​នឹង​ការអំពាវនាវ​របស់​ចិន​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​កោះ​តៃវ៉ាន់ ដែលនាំអោយ​ចិន​ច្រឡោតខឹង​ជាខ្លាំង​​និង​បញចេញ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​តៃវ៉ាន់ដែល​អាច​ជា​ការហាត់​សម​ដើម្បី​ចូល​ចាប់​យក​កោះ​នេះ​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​

​វា​ជា​ការលក់​អាវុធ​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​សំរាប់​កោះ​តៃវ៉ាន់ ដែល​ត្រូវបាន​អនុម័ត​នៅក្រោម​រដ្ឋបាល​លោកចូ បៃ​ដិន ។​វា​រួម​មាន​ថ្លៃ​ជួសជុល​និង​ធ្វើអោយ​ប្រសើរ​ឡើង​ប្រព័ន្ធ​រ៉ា​ដា​ព្រមាន​ជា​មុន​របស់​ក្រុម​​ហ៊ុន​រ៉េ​ធី​អន​(Raytheon)​ចំនួន​៦៦៥​លាន​ដុល្លារ ដែល​ត្រូវបាន​ដាក់​ដំណើរការ​នៅ​លើ​កោះ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៣​។​ប្រព័ន្ធប្រភេទនេះនឹង​ជួយ​ព្រមាន​ប្រាប់​តៃវ៉ាន់​អំពី​ការវាយប្រហារ​កំពុង​សំដៅ​មក​។​

​តៃវ៉ាន់​ក៏​នឹង​ចំណាយ​៣៥៥​លាន​ដុល្លារ​ដើម្បី​ទិញ​កាំ​ជ្រួច​Harpoon Block II​ចំនួន​៦០​គ្រាប់​ដែល​អាច​វាយប្រហារ​នាវា​ដែល​បើក​ចូល​មក បើសិនជា​ចិន​បើក​ការវាយប្រហារ​តាម​ជើង​ទឹក​។​ប្រាក់​៨៥,៦​លាន​ដុល្លារ​ទៀត​សំរាប់​កាំ​ជ្រួច​Sidewinder​ចំនួន​ជាង​១០០​ដើមដើម្បីបំពាក់លើស្លាបយន្តហោះប្រយុទ្ធ ។​

​ការប្រកាស​លក់​អាវុធ​សន្ធឹកសន្ធាប់​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយពី​កងកម្លាំង​តៃវ៉ាន់​បាន​បាញ់​ទម្លាក់ដ្រូន​ស៊ីវិល​មួយ​ចំពេ​លមាន​ការ​បង្ហោះ​ដ្រូ​ន​ចូលក្នុង​ដែនអាកាស​ម្តុំ​កោះ​ជួរមុខ​របស់​កងកម្លាំង​​តៃវ៉ាន់​។​

​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ទឹក​ដី​មិន​អាច​បំបែក​បាន​របស់​ខ្លួន​និង​បាន​អំពាវនាវ​អោយ​អាម៉េរិក​ដកចេញ​ការលក់​អាវុធ​នេះ​ជា​បន្ទាន់​។​

​អ្នកនាំពាក្យ​ស្ថានទូត​ចិន​នៅ​ក្រុង​វ៉ាស៊ីនតោន​លោក លីវ ផឹង​យូ​(Liu Pengyu)​បាន​និយាយថា​« វា​បញ្ជូន​សញ្ញា​ខុស​ទៅកាន់​កងកម្លាំង​ផ្តាច់ខ្លួន​”​គាំទ្រ​ឯករាជ្យ​តៃវ៉ាន់​” និង​ធ្វើអោយ​គ្រោះថ្នាក់​ទំនាក់​​ទំនង​ចិន​-​អាម៉េរិក សន្តិភាព​ព្រមទាំង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ចិន​នឹង​ចាត់​វិធា​ការតត​ប​ដាច់ខាត​និង​ចាំបាច់​ស្របតាម​ដំណើរការ​វិវត្តន៍​សភា​ព​ការណ៍​»​។​

​តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក បាន​និយាយថា សព្វាវុធ​មួយកញ្ចប់​នេះ​«​មាន​សារសំខាន់​សំរាប់​សន្តិសុខ​តៃវ៉ាន់​»​និង​បាន​បញ្ជាក់ថា អាម៉េរិក​នឹង​នៅតែ​ទទួលស្គាល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មិនមែន​តៃប៉ិ​ទេ​តែ​«​យើង​ទទូច​សុំអោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​យោធា​និង​ការដាក់សម្ពាធ​សេដ្ឋកិច្ច​រួម​ទាំង​ការទូត​លើ​តៃវ៉ាន់​។​ការលក់​នេះ​ជាករណី​តាម​ទម្លាប់​ធម្មតា​ដើម្បី​គាំទ្រ​កិច្ចខិតខំ​​របស់​តៃវ៉ាន់​ដើម្បី​ធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន​…»​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា «​អាម៉េរិក​នឹង​បន្ត​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​នៃ​បញ្ហា​កាត់​ច្រក​សមុទ្រ ស្រប​តាម​បំណងប្រាថ្នា​និង​ផលប្រយោជន៍​របស់​ប្រជាជន​តៃវ៉ាន់​»៕

​សព្វាវុធ​លក់​អោយ​តៃវ៉ាន់​រួមមាន​កាំ​ជ្រួច​Harpoon Block II​និង​កាំជ្រួច​Sidewinder