​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋបាលបៃដិ​ន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​ថា​ខ្លួន​នឹង​រក្សា​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​នៅ​ដដែល​ខណៈ​ខ្លួន​​បន្ត​ការត្រួតពិនិត្យ​ឡើងវិញ​តាម​ច្បាប់​ស្តីពី​ពន្ធ​ដែល​បាន​ដាក់ចេញ​ដោយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​អាម៉េរិក (USTR) បាន​និយាយ​នៅក្នុង​សេចក្តីជូនដំណឹង​សហព័ន្ធ​ថា ខ្លួន​បាន​ទទួល​សំណើ​ពី​ក្រុមហ៊ុន​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​រក្សា​ពន្ធ “​ផ្នែក​ទី ៣០១” ដែល​បាន​ដាក់ចេញ​ក្នុង​ឆ្នាំ ២០១៨ និង ២០១៩​។ មតិយោបល់​ត្រូវបាន​ប្រមូល​ក្នុងអំឡុង​និទាឃ​រដូវ​និង​រដូវក្តៅ​។​

​ដោយ​ផ្អែក​លើ​ច្បាប់ពាណិជ្ជកម្ម​ឆ្នាំ ១៩៧៤ ដែល​ពន្ធ​ត្រូវ​បាន​ដាក់ចេញ USTR​នឹង​បន្ត​ពិនិត្យ​ឡើងវិញ​ជា​ផ្លូវការ​ថា​តើ​ត្រូវ​រក្សា​ពន្ធ​នៅ​នឹង​កន្លែង​ឬ​អត់ ដែល​ដំណើរការ​នេះ​អាច​ចំណាយ​ពេល​ជា​ច្រើន​ខែ​។​

​រដ្ឋបាលបៃដិ​ន​បាន​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ដក​ពន្ធ​មួយចំនួន​ចេញ​ឬ​យ៉ាងណា ដើម្បី​ជា​មធ្យោបាយ​កាត់បន្ថយ​សម្ពាធ​អតិផរណា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​កា​លពី​ខែ​មុន​ថា ការពិចារណា​លើ​វិធានការ​នេះ​ត្រូវបាន​ផ្អាក​បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់​នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធាន​សភា​លោក​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​កោះ​នេះ​៕