​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​ថា​យន្តហោះ​ដឹក​គ្រឿង​ផ្គត់ផ្គង់​ស្រស់ៗ​កំពុង​មាន​ចំនួន​កើនឡើង​ក្នុង​ការផ្តល់​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​​ប៉ា​គី​ស្ថាន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​លើស​ពី ១.២០០ នាក់ ស្រប​ពេល​គ្រួសារ​នានា​និង​កុមារ​ប្រឈម​ហានិភ័យ​កើត​ជំងឺ​និង​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ​។​

​ជើងហោះហើរ​ទី​ប្រាំបួន​ពី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​និង​លើក​ទី​មួយ​ពី​អ៊ូ​ស​បេគី​ស្ថាន​គឺជា​ជើងហោះហើរ​ចុងក្រោយ​បំផុត​ដែល​បាន​ចុះចត​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ពេញ​មួយ​យប់​ខណៈ​ប្រតិបត្តិ​ការជួយ​​សង្គ្រោះ​ដែល​គាំទ្រ​ដោយ​យោធា​នៅ​កន្លែង​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​បាន​ទៅ​ដល់​មនុស្ស​ជាង​បី​លាន​នាក់ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នេះ​។​

​យន្តហោះ​ពីរ​គ្រឿង​ទៀត​ពី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​និង​កាតា​គ្រោង​ដឹក​ជំនួយ​មក​ដល់​ប៉ា​គី​ស្ថាន​នៅ​យប់​ជ្រៅ​ថ្ងៃ​សុក្រ​ហើយ​រថភ្លើង​តួ​ក​គី​មួយ​ដែល​កំពុង​ដឹក​សម្ភារៈ​សង្គ្រោះ​សម្រាប់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​​កំពុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ក្រីក្រ​មួយ​នេះ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​។​

​មន្ត្រី​និង​អ្នកជំនាញ​ជាច្រើន​បាន​ស្តីបន្ទោស​ភ្លៀង​រដូវវស្សា​ខុសពី​ធម្មតា​និង​ទឹកជំនន់​ទៅលើ​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស ដែល​កាលពី​ដើម​សប្តាហ៍​នេះ បាន​អំពាវនាវ​ឱ្យ​ពិភពលោក​បញ្ឈប់ “​ការ​ដេក​ម​មើល​” អំឡុង​វិបត្តិ​ដ៏​សាហាវ​នេះ​។​

​លោក​គូថេ​រ៉េស​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី ៩ កញ្ញា ដើម្បី​ចុះ​មើល​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​និង​ជួប​ជាមួយ​ក្រុម​មន្ត្រី​។​

​យោង​តាម​ការប៉ាន់ប្រមាណ​ដំបូង​របស់​រដ្ឋាភិបាល ការបំផ្លិចបំផ្លាញ​បាន​បណ្តាលឱ្យ​មាន​ការខូចខាត​ចំនួន ១០ ពាន់​លាន​ដុល្លារ​៕

​ស្ត្រី​ប៉ា​គី​ស្ថាន​ដើរ​ឆ្លងកាត់​ទឹកជំនន់​ពេល​ពួកគេ​ជ្រកកោន​នៅ​ស្រុក​ស៊ី​កាពួ ខេត្ត​ស៊ីន ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​សុក្រ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២២