ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រាសាទភិមានអាកាស ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​នគរ​ក្រៅ ឃុំ​គោកចក ស្រុក​នគរធំ ខេត្តសៀមរាប ពោល​គឺមាន​ចម្ងាយ​ប្រមាណ​ជា ១០ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ជាទី​បុរាណ​ដ្ឋា​ន​មួយ ដែល​កុលបុត្រ​ខ្មែរ​គួរតែ ទៅលេង​ឲ្យ​ស្គាល់ និង ស្វែងយល់​ពី​ទីនោះ ។

ប្រាសាទភិមានអាកាស

​ទីនោះ ជា​ប្រាសាទ​មួយ​ដែល​កសាងឡើង​អំពី​ថ្មភក់​នៅលើ​ជើង​គ្រឹះ​ថ្មបាយក្រៀម មាន​បី​ជាន់​ស្រដៀង​នឹង​ប្រាសាទពី​រ៉ា​មី​ឌ ប៉ុន្តែ​បច្ចុប្បន្ន​ប្រាសាទ​នេះ មិន​អនុញ្ញាតអោយ​ភ្ញៀវទេសចរ​ឡើងទៅ​ទស្សនា នៅ​ផ្នែក​ខាងលើ​នោះទេ​។​

​ប្រាសាទ​នេះ​ត្រូវបាន​គេ​ដឹងថា បាន​កសាង​នៅ​ពាក់កណ្ដាល​សតវត្ស​ទី​១០​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​បណ្ដោយ ៥៨១ និង​ទទឹង​២៤២​ម៉ែត្រ​។ មាន​ស្រះ​ទឹក ២​នៅ​ខាងជើង​ប្រាសាទ គឺ​ស្រះ​ប្រុស និង​ស្រះស្រី ដោយ​ស្រះ​ប្រុស​មាន​ទំហំ​តូច​ជា​ស្រះស្រី ហើយ​សិលា​ចា​រឺ​ក​ហៅ​ស្រះស្រី​នេះ​ថា “​សិលា​ត​ដាក​” ពោលគឺ​ស្រះ​ថ្ម​។​

​តាមរយៈ​គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា​មួយ​របស់​សាលា​បារាំង​ចុង​បូព៌ា បាន​អះអាងថា អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ ដើម​ធ្លក និង​គ្រាប់​ធ្លក កប់​នៅក្រោម​គ្រឹះ​ប្រាសាទ និង​សំណល់​ផ្សេងៗ​ទៀត ដែល​បញ្ជាក់បាន​ថា ទីនេះ ទំនងជា​ព្រះបរមរាជវាំង​តាំងពី​សតវត្ស​ទី​៩ ដោយ​រាជវាំង​ដំបូង​កសាង​ពី​ឈើ ប្រក់​ក្បឿង ហើយ​បន្ត​រៀបចំ​ពី​ក្សត្រ​មួយអង្គ​ទៅមួយ​អង្គ​ទៀត និង​បន្ត​ប្រើប្រាស់​រហូតដល់​សតវត្ស​ទី​១៦​។​
​ឯ​ការប្រទះឃើញ​ដើម​ធ្លក ជា​តឹកតាង​បញ្ជាក់ថា រឿង​នគរ​គោកធ្លក មាន​ប្រភព​ចេញពី​ប្រាសាទភិមានអាកាស​តំបន់​អង្គរ​នេះឯង​៕ N