​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អតីត​ប្រធានាធិបតី​ស្រីលង្កា​លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ខែកក្កដា​ចំពេល​បាតុករ​រាប់ម៉ឺន​នាក់​សំរុកចូល​គេហដ្ឋាន​និង​កា​​រិ​យាល័យ​របស់​លោក​ដោយសារ​តែ​ពួកគេ​ខឹង​ការ​ដែល​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បាន​វិល​ទៅកាន់​ប្រទេស​វិញ​។​

​លោក​បាន​ចេញដំណើរ​ពី​ក្រុង​បាងកក​ឆ្លងកាត់​សិង្ហ​បុរី​និង​ទៅដល់​ស្រីលង្កា​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​សុក្រ​បន្ទាប់ពី​នៅ​ក្រៅ​ប្រទេស​អស់​៧​សប្តាហ៍​។​

​ពេល​ទៅ​ដល់​លោក​ត្រូវបាន​ក្រុម​សមាជិកសភា​ក្នុង​គណបក្ស​របស់​លោក ស្វាគមន៍​ហើយ​លោក​បាន​ចាកចេញ​ពី​អាកាសយានដ្ឋាន​តាម​ក្បួន​រថយន្ត​ក្រោម​ការការពារ​សន្តិសុខ​ពី​ទាហាន​ដ៏​ក្រាស់ក្រែល​និង​​បាន​ទៅដល់​ផ្ទះ​នៅ​កណ្តាល​ទីក្រុង​កូឡុំបូ​មួយ ជាផ្ទះជួល​ដោយ​រដ្ឋាភិបាល​សំរាប់​លោក ក្នុងនាម​ជា​អតីត​ប្រធានាធិបតី​ម្នាក់​។​

​សូម​រំលឹក​បន្តិច​ថា នៅ​ថ្ងៃ​១៣​កក្កដា លោក​រ៉ា​ចា​ប៉ាក់​សា ភរិយា​និង​អង្គរក្ស​ពីរ​នាក់​បាន​ចាកចេញ​ពី​ប្រទេស​តាម​យន្តហោះ​យោធា​មួយ​ឆ្ពោះទៅ​កាន់​កោះ​ម៉ាល់​ឌី​វ មុន​ធ្វើដំណើរ​ទៅកាន់​សិង្ហ​បុរី​ដើម្បី​ដាក់​​ពាក្យសុំ​លាឈប់​ជា​ផ្លូវការ​។​នៅ​ពីរ​សប្តាហ៍​ក្រោយមក​លោក​បាន​បន្ត​ដំណើ​រ​ទៅ​កាន់​ក្រុង​បាងកក ប្រទេស​ថៃ​និង​ត្រូវ​បង្ខំ​វិល​ចូល​ស្រុកវិញ​ក្រោយ​អស់​ទិដ្ឋាកា​។​

​លោក​មិន​មាន​ដីកាចាប់ខ្លួន​ឬ​បណ្តឹង​នៅ​តុលាការ​ទេ​។​បណ្តឹង​តែ​មួយ​ដែល​លោក​ប្រឈម​គឺ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាល​ពី​លោក​កាន់តំណែង​ជា​លេខា​ក្រសួងការពារជាតិ តែ​វា​ត្រូវ​​បាន​ដកចេញ​វិញ​នៅ​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៩ ដោយសារ​តែ​អភ័យឯកសិទ្ធិ​ប្រធានាធិបតីចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​សូមបញ្ជាក់​ថា ស្រីលង្កា​បាន​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​អស់​ពេល​រាប់​ខែ ដោយ​បង្ក​អោយមាន​ការតវ៉ា​ប្រឆាំង​និង​កំហឹង​ប្រជាជន​ដែល​នៅ​ទីបំផុត​បាន​បង្ខំ​អោយ​លោក​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា​និង​ប្អូនប្រុស ជា​នាយករដ្ឋមន្ត្រី​ពេលនោះ លាឈប់​ពី​តំណែង​ទាំង​ពីរ​នាក់​។​

​ការដួលរលំ​សេដ្ឋកិច្ច​នាំអោយ​មាន​ការ​ខ្វះខាត​ទំនិញ​ចាំបាច់​ដូច​ជា ប្រេងឥន្ធនៈ ថ្នាំពេទ្យ​និង​ហ្គាស​ចំអិន​អាហារ​អស់​ពេល​រាប់​ខែ​ដោយសារ​រដ្ឋ​ខ្វះ​រូបិយប័ណ្ណ​បរទេស​សំរាប់​នាំ​ទំនិញ​ចូល​។​ប្រជា​ជាតិដែន​​កោះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ បាន​ផ្អាក​ការ​សងបំណុល​បរទេស​ជិត​៧​ពាន់​លាន​នៅ​ឆ្នាំ​នេះ ខណៈ​ខ្លួន​ជំពាក់​បំណុល​បរទេស​សរុប​ជាង​៥១​ពាន់​លាន​ដុល្លារ ក្នុងនេះ​២៨​ពាន់​លាន​ត្រូវ​សង​អោយបាន​មុន​​ឆ្នាំ​២០២៧​។​

​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ស្រីលង្កា​និង​រដ្ឋភិបាល​របស់​លោក​បាន​សំរេច​កិច្ចព្រមព្រៀង​ជំហាន​ដំបូង​ជាមួយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​សំរាប់​ប្រាក់​សង្គ្រោះ​សេដ្ឋកិច្ច​មួយ​កញ្ចប់​ចំនួន​២,៩​ពាន់​​លាន​ដុល្លារ​សំរាប់​រយៈពេល​បួន​ឆ្នាំ​ដើម្បី​ជួយ​ប្រទេស​នេះ​អោយ​ងើប​ចេញ​ពី​វិបត្តិ​៕

​លោក ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា បាន​ទៅ​ដល់​អាកាសយានដ្ឋាន​ក្រុង​កូឡុំបូ​ទាំង​កណ្តាលយប់​និង​ត្រូវបាន​នាំ​ចេញ​តាម​ក្បួន​រថយន្ត​ជាមួយ​នឹង​ការការពារ​សន្តិសុខ​ពី​ទាហាន​