​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ៤៥០ គ្រួសារ មកពី ៩ ឃុំ ក្នុងស្រុក​ទឹកផុស នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា បាន​ថ្លែងថាៈ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ប៉ុន្តែ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ផ្ដល់​សិទ្ធិ​សេរី ដល់​គ្រប់​ជំនឿ សាសនា​ទាំងអស់ ក្នុងនោះ​សាសនា​ឥស្លាម ក៍​ត្រូវបាន​យកចិត្តទុកដាក់​ផងដែរ ដែល​ធ្វើ​ឲ្យ មាន​សុខដុម រមណីយ​កម្ម​សាសនា ពុំមាន​ការរើសអើង​ពូជសាសន៍ ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ដែល​បណ្ដា​ប្រទេស លើ​ពិភពលោក បាន​យក​គំរូ​តាម​។​

​លោក អូស្មាន ហាស្សាន់ បាន​ប្រសាសន៍ថាៈ ជាមួយនឹង​ការផ្ដល់​សិទ្ធិសេរីភាព ក្នុង​ការគោរព ជំនឿ​សាសនា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ទទួល​អំណោយ​មនុស្សធម៌ ជា​បន្តបន្ទាប់ ពី​បណ្ដា​ប្រទេស​លើ​ពិភពលោក សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ ដែល​ខុសពី​បណ្ដា​ប្រទេស មួយចំនួន បាន​បិទទ្វារ មិន​ទទួលយក​អំណោយ ដោយសារ​ការប្រកាន់​ជំនឿ​សាសនា ពូជសាសន៍ ។

លោក អូស្មាន ហាស្សាន់

​លោក អូស្មាន ហាស្សាន់ បាន​បន្តថាៈ យើង​មាន​ភ័ព្វសំណាង​ណាស់ ដែលមាន​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព រីកចម្រើន​ជា​បន្តបន្ទាប់ ហើយ​យើង​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត យើង​នឹង​ទទួលបាន​ការអភិវឌ្ឍ​ថ្មីៗ បន្ថែមទៀត ហេតុនេះ យើងទាំងអស់គ្នា ត្រូវតែ​រក្សា​ការពារ​សុខសន្តិភាព​នេះ ឲ្យ​បាន​គង់វង្ស​។

​លោក​បាន​បញ្ជាក់ថាៈ អំណោយ​ដែល​បាន​នាំ​យកមកចែក ជូន​ដោយ​ផ្ទាល់ដៃ នៅពេលនេះ គឺជា​របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដែលមាន​សរុប​ចំនួន ៣ ពាន់​កញ្ចប់ ក្នុងនោះ ខេត្តកំពង់ឆ្នាំង បានទទួល​មុនគេ មាន​ចំនួន ៤៥០ កញ្ចប់ ។

​បន្ទាប់ពី​សាកសួរ​សុខទុក្ខ និង​ចែក​ណោ​យ​ដល់​ប្រជាពលរដ្ឋ ៤៥០ គ្រួសារ​រួចមក លោក អមដំណើរ​ដោយ​លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង រួម​នឹង​សហការី បាន​នាំយក​សម្ភារ ទេយ្យទាន មាន​អង្ករ មី ទឹកត្រី ត្រីខ និង​ថវិកា ទៅ​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​សុវណ្ណ​នេ ស​ត្ថា​រាម ស្ថិតក្នុង​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​ផងដែរ​៕V / N