​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន LG បានបង្ហាញ​ទូទឹកកក​គួរឱ្យ​អស់សំណើច​មួយ​ជាមួយនឹង​បន្ទះ​ទ្វារ LED​ប្តូរ​ពណ៌ ដែល​បញ្ចេញ​ពន្លឺ​ពណ៌​ផ្សេងៗ​គ្នា​អាស្រ័យ​លើ​អារម្មណ៍​និង​កាលៈទេសៈ​។​

​មានឈ្មោះ​ថា MoodUP ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ ដែល​គេ​ដាក់តាំង​បង្ហាញ​នៅ​ពិព័រណ៍ IFA 2022 នៅ​ទីក្រុង​បែរ​ឡាំង​សប្តាហ៍​នេះ អាច​ប្រែក្លាយ​ផ្ទះបាយ​របស់​អ្នក​ទៅ​ជា​ឌី​ស្កូ​បាន​ដោយ​ការបញ្ចេញ​​ពន្លឺ​ចម្រុះ​ពណ៌​ដូច​ក្នុង​ក្លិប​។​ឬ​មិន​អ៊ីចឹង អ្នកប្រើប្រាស់​អាច​ជ្រើសរើស​ពណ៌​ស្រទន់​ជាង​នេះ​ក៏​បាន​ដូច​ជា​ពណ៌​លឿង​ស្លេក​និង​ពណ៌​ត្នោត​ដែល​ល្អឥតខ្ចោះ​សម្រាប់​ការ​ឆុង​កាហ្វេ​កែវ​ដំបូង​នៅ​ពេល​ព្រះ​​អាទិត្យ​ទើបតែ​រះ​។​

​លើសពីនេះ ទូ​ទឹកកក MoodUP ក៏​ត្រូវបាន​បំពាក់​ជាមួយនឹង​ឧបករណ៍​បំពង​សំឡេង​ប្ល៊ូ​ធូស​បំពាក់ខាង​ក្នុង​ស្រាប់ផ​ង​ដែរ ដូច្នេះ​ពន្លឺ​អាចញាក់​ទៅតាម​ចង្វាក់ភ្លេង​។​

​តម្លៃ​និង​កាលបរិច្ឆេទ​ចេញលក់​សម្រាប់​ឧបករណ៍​ថ្មី​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​។​

​លោក លីវ ជែ ឈិ​ល (Lyu Jae-cheol) អនុប្រធាន​ក្រុមហ៊ុន LG Electronics បាន​និយាយថា “​ទូ​ទឹកកក MoodUP គឺជា​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះ​ដែល​មាន​ការវិវឌ្ឍ​ខ្ពស់​ដែល​អាច​ផ្លាស់ប្តូរ​ពណ៌​ដើម្បី​ត្រូវ​នឹង​អារម្មណ៍​របស់​អ្នកប្រើប្រាស់ និង​ធ្វើឱ្យ​បរិយាកាស​ផ្ទះបាយ​កាន់តែ​ប្រសើរ​ឡើង​”៕

ទូ​ទឹកកក MoodUP អាច​ប្តូរ​ពណ៌​តាម​ចង្វាក់​ភ្លេច​ដើម្បីឱ្យ​ត្រូវ​ជាមួយ​អារម្មណ៍​របស់​អ្នកប្រើប្រាស់​