គ​.​ជ​.​ប​. ទទួលស្គាល់​អ្នកសង្កេតកា​រណ៍​បោះឆ្នោត​ជាង​ប្រាំ​ម៉ឺន​នាក់​

1137
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ​.​ជ​.​ប​. បានប្រកាស​នៅ​ថ្ងៃទី​២៧ ខែ មិថុនានេះ​ថា អ្នកសង្កេតការណ៍​ជាតិ​ជាង ៥០.០០០ នាក់ និង​អ្នកសង្កេតការណ៍​អន្តរជាតិ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ចិន និង​សឹង្ហ​បុរី ត្រូវបាន​ទទួលស្គាល់​ដោយ គ​.​ជ​.​ប​.​។ គ​.​ជ​.​ប ក៏បាន និង​កំពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង ៨០០ នាក់ ថែម ទៀត ដើម្បី​ចូលរួម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​ ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៧ ខែមិថុនា បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែមិថុនា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​​ជាង ៥០.០០០ នាក់ មកពី ៨២ ស្ថាប័ន ក្នុងនោះ មាន​អ្នកសង្កេតការណ៍​អន្តរជាតិ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ចិន និង​ប្រទេស​សឹង្ហ​បុរី​។​

​ ​ទន្ទឹមនឹងនេះ គ​.​ជ​.​ប​. បានប្រកាសថា ខ្លួន​ក៏បាន និង​កំពុង​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង ៨០០ នាក់ ថែមទៀត ដើម្បី​ចូលរួម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា​។​
​ ​គ​.​ជ​.​ប​. បាន​បន្ថែមថា គ​.​ជ​.​ប​. នឹង​បញ្ចប់​ការដាក់​និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ( ១០​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត ) ហើយ​អ្នកសង្កេតការណ៍​អន្តរជាតិ បញ្ចប់​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ( ០៣​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត ) វេលា​ម៉ោង ១៧:៣០ នាទី​។​

​ ​ក្នុង​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត មេភូមិ ជំនួយការ​មេភូមិ និង​កម្លាំងប្រដាប់អាវុធ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​អ្នកសង្កេតការណ៍ ដើម្បី​សង្កេតមើល​ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ទេ​៕MN

ទីតាំងផ្សាយពាណិជ្ជកម្ម