​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង សេរី​ណា វី​លលៀម (Serena Williams) បាន​និយាយ​ពាក្យ​លា​ដ៏​រំជើបរំជួល​ទៅកាន់​ពិភព​កីឡា​វាយ​តេ​ន្នី​ស បន្ទាប់​ពី​ចាញ់ នាង អាយ​ឡា ថូ​មយ៉ា​ណូវិក​ (Ajla Tomljanovic) នៅសិត​ទីបី​ក្នុង​ព្រឹត្តិការណ៍ US Open​។​

​ការលេង​ឈ្នះ​របស់​នាង​វី​លលៀម​ទល់​នឹង​នាង ដាន​កា កូវី​និក (Danka Kovinic)​និង អាណេត កុន​តា​វេត (Anett Kontaveit)​បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​នាំ​គ្នា​សម្រុក​​មក​សួន Flushing Meadows ដោយ​សង្ឃឹមថា ការប្រកួត​ចុងក្រោយ​របស់​នាង​អាច​បញ្ចប់​ទៅ​ដោយ​ទទួលពាន​។​

​ប៉ុន្តែ​ទោះបីជា​មាន​ការ​វាយបក​ក្នុង​សិត​ទី​ពីរ​ដែល​មិនអាច​បំភ្លេច​បាន​ក្នុង​បរិយាកាស​ដ៏​ក្រៀមក្រំ​ក៏ដោយ ក៏​នឹង​មិន​មាន​កំណត់ត្រា​ឈ្នះ​ពានរង្វាន់ Grand Slam លើក​ទី ២៤ នោះឡើយ ខណៈ​វី​លលៀម​ចាញ់​ក្នុង​លទ្ធផល ៧-៥ ៦-៧ (៤) ៦-១​។​

​កីឡាការិនី​វ័យ ៤០ ឆ្នាំ ដែល​លេង​ការប្រកួត​តេ​ន្នី​ស​អាជីព​ជា​លើកដំបូង​របស់​នាង​ក្នុង​ឆ្នាំ ១៩៩៥ បាន​ដើរ​យ៉ាង​ស្ងប់ស្ងាត់​ទៅ​កាន់​សំណាញ់ បន្ទាប់​ពី​ខកខាន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​មុននឹង​គ្រវី​ដៃ​ទៅ​​គ្រប់​ជ្រុង​ទាំងអស់​នៃ​កីឡដ្ឋាន Arthur Ashe ខណៈ​ពាក្យ​ថា “Simply The Best” បាន​បន្លឺ​ឡើង​តាម​ឧបករណ៍​បំពង​សំឡេង​។​

​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ទាំង​ទឹកភ្នែក នាង​វី​លលៀម​និយាយថា “​អរគុណ​ខ្លាំងណាស់ អ្នក​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​បាន​ព្យាយាម​ហើយ​។ អរគុណ​ប៉ា​ប៉ា ខ្ញុំ​ដឹង​ថា​លោកប៉ា​កំពុង​មើល​។ អរគុណ​ម៉ាក់​”​។​

“​ខ្ញុំ​គ្រាន់តែ​សូម​អរគុណ​ចំពោះ​អ្នក​ទាំងអស់​គ្នា​នៅទីនេះ ដែល​គាំទ្រ​ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រាប់​ទសវត្សរ៍ ប៉ុន្តែ​អ្វីៗ​ទាំងអស់​បាន​ចាប់ផ្តើម​ជាមួយ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ហើយ​ពួកគេ​សម​នឹង​ទទួល​​បាន​អ្វី​គ្រប់យ៉ាង ដូច្នេះ​ខ្ញុំ​ពិតជា​ដឹងគុណ​សម្រាប់​ពួកគាត់​។ ហើយ​ខ្ញុំ​នឹង​មិនមែន​ជា​សេរី​ណា​ទេ ប្រសិនបើ​មិន​មានវេ​នូស (Venus) ដូច្នេះ​សូម​អរគុណ​វេ​នូស​។ វា​ជា​ការធ្វើដំណើរ​ដ៏​សប្បាយ​”៕

​វី​លលៀម​លាឈប់​ពី​កីឡា​វាយ​តេ​ន្នី​ស​ក្រោយ​ចាញ់​នាង អាយ​ឡា ថូ​មយ៉ា​ណូ​វិកក្នុង US Open