ដោយ​៖​ដេប៉ូ​/​មណ្ឌលគិរី​៖មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖​អំពើ​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ ការ​បរបាញ់​សត្វព្រៃ និង​ចាប់​សត្វព្រៃ​ដោយ​ការប្រើប្រាស់​ឆ្កែ​ប្រមាញ់​ដោយ​ខុសច្បាប់ គឺជា​កត្តា​គំរាម​ម​កំហែង​ដែល​កំពុងតែ​កើតឡើង​មកលើ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ដែល​ចាំបាច់​គ្រប់ភាគី​ទាំងអស់​ត្រូវ​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​អន្ទាក់​នេះ​ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ ទាំង​ជម្រក ប្រភពទឹក និង​កន្លែង​រក​ចំណី​។​

ថ្លែង​ក្នុងអំឡុងពេល​ដឹកនាំ​អ្នកសារព័ត៌មាន​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​កពក ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ពិនិត្យ​លើ​ការសិក្សា​ស្រាវជ្រាវ​របាយ​សត្វព្រៃរ​បស់​ក្រុម​អ្នកជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អង្គការ WWF​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹងថា​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺជា​តំបន់​ព្រៃ​ល្បោះ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន ផ្ទៃដី​សរុប​ទំហំ​ជាង ៣៧​ម៉ឺន​ហិកតា​។​

                                                                 ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន
នៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី​ការគ្រប់គ្រង និង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​រួមមាន​ព្រៃឈើ និង​សត្វព្រៃ​នេះដែរ លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន និង​អង្គការ WWF បរិមាណ​សត្វ​កម្រៗ​មួយចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៅតែ​ប្រឈមមុខ​នឹង ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ ការធ្លាក់ចុះ​នេះ​ដោយសារតែ​កត្តា​គំរាមកំហែង​ចម្បង​គឺ​អន្ទាក់ ការប្រើប្រាស់ កាំភ្លើង​ពិត​និង​កាំភ្លើង​កែច្នៃ​ដើម្បី​បាញ់​សត្វព្រៃ និង​ការប្រើប្រាស់​សត្វ​ឆ្កែ​ប្រមាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់ នៅតែ​កើតមាន​។ ឯកឧត្តម​បាន​ថ្លែងថា ថ្វីត្បិតតែ​ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម​មានការ​ប្រឈមមុខ​ថយចុះ តែ​ទន្ទឹមនឹងនេះ​ប្រភេទ​សត្វព្រៃ​ខ្លះ​ប្រភេទ​ពានរ​រួមមាន​សត្វ​ស្វា​កន្ទុយ​ស ស្វា​ព្រាម មាន​ចំនួន​ថេរ និង​មានការ​កើនឡើង ហើយ​ប្រភេទ​សត្វ​ស្លាប​ដូចជា​សត្វ​ត្មាត​មាន​វត្តមាន​ឡើងវិញ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងថា​គ្រប់ភាគី​ទាំងអស់​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស និង​ខិតខំ​ដាក់ចុះ​វិធានការ​ផ្សេងៗ​រួមទាំង​វិធានការ ច្បាប់​និង​វិធានការ​សេដ្ឋកិច្ច​ទន្ទឹមគ្នា​។​

បើតាម​ការឱ្យ​ដឹង​រប​ស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ឆ្នាំ ២០២១ កន្លងទៅ អន្ទាក់​ជាង ១២០០០ ត្រូវបាន​ដោះចេញ​ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ កត្តា​អន្ទាក់​បាន​នឹង​កំពុង​គំរាមកំហែង​ជីវៈចម្រុះ​ក្នុង​តំបន់ការពារធម្មជាតិ​។

​កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF បាន​ថ្លែងថា បើ​ប្រៀបធៀប​ទិន្នន័យ​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ពី​ឆ្នាំ​២០១០ មកដល់​ឆ្នាំ​២០២២ ក្នុង​រយៈ ពេល ១១ ឆ្នាំ ចំនួន​សត្វ​ទន្សោង​ធ្លាក់ចុះ​ចំនួន ៨៩% គឺ​ពី​ចំនួន ៣០១៣ ក្បាល​នៅ​ឆ្នាំ​២០១០ (​ក្នុងនោះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពល​មាន​ទន្សោង​ចំនួន ១៩១១ ក្បាល និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​មាន​ចំនួន ១១០២ ក្បាល​) មក​នៅត្រឹម ៤៣៩ ក្បាល (​ស្រែ​ពក​ចំនួន ១២២ ក្បាល និង​ភ្នំ​ព្រេច​ចំនួន ៣១៧​ក្បាល​) នៅ​ឆ្នាំ​២០២២​នេះ​។ សត្វ​ឈ្លូស​ធ្លាក់ចុះ​ចំនួន ៦៥% ពី​ចំនួន​សត្វ​ឈ្លូស​ចំនួន ៦៩៩៦ ក្បាល (​ស្រែ​ពក​ចំនួន ៤៤៥៣​ក្បាល និង​ភ្នំ​ព្រេច​ចំនួន ២៥៤៣​ក្បាល​) មក​នៅ​ចំនួន ២៤៦៦ ក្បាល (​ស្រែ​ពក​ចំនួន ១២៤៧ និង​ភ្នំ​ព្រេច​ចំនួន ១២១៩)​។ សត្វ​ជ្រូកព្រៃ​ធ្លាក់ចុះ​ចំនួន ១៥% ពី​ចំនួន ៤៩០៩​ក្បាល (​ស្រែ​ពក​ចំនួន ៣៣១៩ ក្បាល និង​ភ្នំ​ព្រេច​ចំនួន ១៥៩៥) មក​នៅ​ចំនួន ៤១៦២​ក្បាល​នៅ​ឆ្នាំ​២០២២ (​ស្រែ​ពក​ចំនួន ៣៣៦៥ និង​ភ្នំ​ព្រេច ៧៩៧​ក្បាល​។​

លោក សេង ទៀក ប្រធាន​អង្គការ WWF ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​តំបន់​ទេសភាព​ភាគ​ខាងកើត​គឺជា​គ្រាប់ពេជ្រ​មិនទាន់​ច្នៃ​ដែលមាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខ្ពស់​ជាពិសេស នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ជា​តំបន់​ព្រៃ​ល្បោះ​ដែលជា​ជម្រក​សត្វ​ប្រភេទ​ក្រចកជើង​ចំ​ពាម​ជាពិសេស​សត្វ​ទន្សោង ដែល​តំណាងឱ្យ ៦០%​នៃ​សត្វ​ទន្សោង​នៅលើ​ពិភពលោក រស់នៅ​តំបន់​ដែនជម្រកសត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី​នេះ​។ លោក​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ដែល​ត្រូវ​គ្រប់គ្រង​និង​អភិរក្ស​ឱ្យបាន​លើ​តំបន់​អភិរក្ស​នេះ​ដើម្បី​បង្កើន​ចំនួន​ជីវៈចម្រុះ​។​

ក្នុងអំឡុង​ទស្សនកិច្ច​នេះដែរ ក្រុមការងារ​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​ចុះ​ពិនិត្យ​ការរៀបចំ​ការប្រមូល​ទិន្នន័យ​នៅលើ​ទីវាល​ពី​សំណាក់​ក្រុម​អ្នកស្រាវជ្រាវ​។

​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ថ្លែងថា ការសិក្សា​ពីរ​បាយ​សត្វព្រៃ​មាន​សារៈសំខាន់​ដើម្បី​រៀបចំ​របាយការណ៍​ពី​វត្តមាន​សត្វព្រៃ​ក្នុង​តំបន់​អភិរក្ស និង​ផ្តល់​ធាតុ​ចូល​បន្ថែម​សម្រាប់​ក្រសួងបរិស្ថាន និង​អង្គការ WWF ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុងការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​រៀបចំ​ផែនការ​សកម្មភាព និង​វិធានការ​ចាំបាច់​អាទិភាព​នានា ដើម្បី​ការពារ​ថែរក្សា​អភិរក្ស​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត ខណៈ​សត្វព្រៃ​នៅតែ​ទទួលរង​នូវ​ការគំរាមកំហែង​ពី​អន្ទាក់​គ្រប់​ប្រភេទ​៕​សរន / N