ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​,​បាងកក​ប៉ុស្តិ៍​)៖ ជាមួយនឹង​ដងសន្ទូច​ស្ទូច​លើក​កំណាត់​រថភ្លើង​ចេញពី​នាវា​សន្សឹមៗ​ដាក់​លើ​រថយន្ត​ដឹក​ជញ្ជូនវែង​មួយ​នៅ​កំពង់ផែ​តាន់​ជុង ព្រី​អូក​(Tanjung Priok) រថភ្លើង​ល្បឿន​លឿន​ដែល​ផលិត​នៅ​ចិន​នៅ​ទី​បំផុត​ទៅ​ដល់​ទឹកដី​ឥណ្ឌូនេស៊ី​ហើយ​។​

​រថភ្លើង​ដឹក​អ្នកដំណើរ​ដើរ​ដោយ​អគ្គិសនី​មួយ និង​រថភ្លើង​ត្រួតពិនិត្យ​មួយ​ដែល​មួយៗ​មាន​ប្រាំបី​ទូ បាន​ទៅ​ដល់​កំពង់ផែ​ក្នុង​ទីក្រុង​ហ្សា​ការតា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្យតិ៍ ក្រោយ​ត្រូវ​បាន​ដឹកជញ្ជូន​តាម​​នាវា​អស់​១១​ថ្ងៃ​ចេញពី​កំពង់ផែ​គី​ញ​ដាវ​(Qingdao)​របស់​ចិន​។​

​ទម្លាក់​ចេញពី​នាវា​កាលពី​រសៀល​ថ្ងៃ​សុក្រ ទូរ​រថភ្លើង​ទាំងនេះ​ក្រោយមក​ត្រូវបាន​ដឹក​តាម​រថយន្ត​ធុន​ធំ​ទៅកាន់​កំពង់ផែ​នៅ​ក្រុង​បាន់​ឌុ​ង​(Bandung)​។​

​នៅ​ពិធី​ស្វាគមន៍​ការមកដល់​នៃ​រថភ្លើង​ចិន​កាលពី​ថ្ងៃ​សុក្រ ប្រធាន​KCIC​ដែលជា​ក្រុមហ៊ុន​រួម​គ្នា​រវាង​សហគ្រាស​រដ្ឋ​ឥណ្ឌូនេស៊ី​និង​ក្រុមហ៊ុន​ផ្លូវដែក​ចិន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​​ចិន​ថា ការមកដល់​រថភ្លើង​ពីរ​ក្រុម​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​មហា​គំរោង​រថភ្លើង​ល្បឿន​លឿន​ហ្សា​ការតា-បានឌុង​។​

​ចំណែក​អនុរដ្ឋមន្ត្រី​សហគ្រាស​រដ្ឋ​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ពិធី​នេះ​ថា រថភ្លើង​នេះ​មិន​ត្រឹមតែ​ពង្រីក​របៀង​សេដ្ឋកិច្ច​និង​បង្កើន​ចល័តភាព​របស់​ប្រជាជន​រវាង​ក្រុង​ហ្សា​ការតានិង​បានឌុង តែ​ក៏​ផ្តល់​ឳ​​កាស​សំរាប់​ឥណ្ឌូនេស៊ី​រៀនសូត្រ​ច្រើន​អំពី​បច្ចេកវិទ្យា​ជឿនលឿន​ដែល​ចិន​មាន​។​

​ទូរ​និង​ក្បាលរថភ្លើង​ត្រូវបាន​គ្រប​ក្រណាត់​ពណ៌​បៃតង​ក្នុងពេល​លើកដាក់​និង​ដឹកជញ្ជូន​ទៅ​កាន់​ទីក្រុង​បាន​ឌុ​ង​កាលពី​ថ្ងៃ​សុក្រ​

​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​CRRC Qingdao Sifang Co ជាមួយនឹង​បច្ចេកវិទ្យា​ជឿនលឿន​នៃ​រថភ្លើង​ក្បាល​គ្រាប់​Fuxing រថភ្លើង​នេះ​អាច​រត់​ក្នុង​ល្បឿង​៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​រចនា​​និង​ផលិត​តាម​ស្តង់ដា​ចិន តែ​កែសម្រួល​ទៅ​តាម​បរិយាកាស​និង​ផ្លូវរ​ត់របស់​ឥណ្ឌូនេស៊ី​។​

​តាមរយៈ​ដំណើរការ​ផ្លូវ​រថភ្លើង​នេះ វា​នឹង​កាត់បន្ថយ​ពេល​ធ្វើដំណើរ​ពី​ជាង​បី​ម៉ោង​មក​នៅត្រឹម​ប្រមាណ​៤០​នាទី​រវាង​ក្រុង​ហ្សា​ការតានិង​បានឌុង​។​

​យោង​តាម​ផែនការ រថភ្លើង​ចំនួន​ដប់​ទៀត​នឹង​ត្រូវ​ដឹក​ពី​ចិន​មកកាន់​ឥណ្ឌូនេស៊ី​ជា​ដំណាក់កាល​អោយអស់​ត្រឹម​ដើមឆ្នាំ​២០២៣៕