​ដោយ​៖ ដេប៉ូ / មណ្ឌលគិរី​៖ សត្វព្រៃ​មួយចំនួន​នៅតែ​បន្ត​ធ្លាក់ចុះ​ពិសេស​ក្រុម​សត្វព្រៃ​ក្រចកជើង​ចំ​ពាម ក្នុង​ដែន​ជ​ម្រ​សត្វព្រៃ​ស្រែ​ពក​និង​ភ្នំ​ព្រេច ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ក្នុងនេះ​ដូចជា សត្វ​ទន្សោង សត្វ​ឈ្លូស សត្វ​ជ្រូកព្រៃ បាន​បន្ត​ធ្លាក់ចុះ ក្នុង​រយៈពេល​នេះ​ដោយសារ​កត្តា​បញ្ហា​ប្រឈម​មួយចំនួន កំពុង​កើតមាន​បន្តបន្ទាប់ ពិសេស​ការ​ប្រមាញ់​សត្វព្រៃ ដោយសារ​ការដាក់​អន្ទាក់​តែម្តង​។

​បញ្ជាក់​ក្នុង​ពិធី​ពិនិត្យ​លើ​ការសិក្សា​ស្រាវជ្រាវ​របាយ​សត្វព្រៃរ​បស់​ក្រុម​អ្នកជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អង្គការ WWF ដែល​បាន​រៀបចំឡើង នា​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ នៃ​អង្គការ WWF បានឱ្យដឹងថាៈ បើ​ប្រៀបធៀប​ទិន្នន័យ​សត្វព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ពី​ឆ្នាំ​២០១០ មកដល់​ឆ្នាំ​២០២២ ក្នុង​រយៈពេល ១១ ឆ្នាំ ចំនួន​សត្វ​ទន្សោង ធ្លាក់ចុះ​ចំនួន ៨៩ ភាគរយ គឺ​ពី​ចំនួន ៣.០១៣ ក្បាល នៅ​ឆ្នាំ​២០១០ (​ក្នុងនោះ​នៅក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក មាន​ទន្សោង ចំនួន ១.៩១១ ក្បាល និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មាន​ចំនួន ១.១០២ ក្បាល​) មក​នៅត្រឹម ៤៣៩ ក្បាល (​ស្រែ​ពក​ចំនួន ១២២ ក្បាល និង​ភ្នំ​ព្រេច​ចំនួន ៣១៧​ក្បាល​) នៅ​ឆ្នាំ​២០២២ នេះ​។

​កញ្ញា Milou Groenenberg បាន​ថ្លែង​បញ្ជាក់ដែរថាៈ ក្រៅពីនេះ ប្រភេទ​សត្វ​ឈ្លូស ក៏​ធ្លាក់ចុះ​ចំនួន ៦៥ ភាគរយ ពី​ចំនួន​សត្វ​ឈ្លូស​ចំនួន ៦.៩៩៦ ក្បាល (​ស្រែ​ពក ចំនួន ៤.៤៥៣ ក្បាល និង​ភ្នំ​ព្រេច ចំនួន ២.៥៤៣ ក្បាល​) មក​នៅ​ចំនួន ២.៤៦៦ ក្បាល (​ស្រែ​ពក​ចំនួន ១.២៤៧ និង​ភ្នំ​ព្រេច​ចំនួន ១.២១៩)​។ ដោយឡែក ចំពោះ​សត្វ​ជ្រូកព្រៃ​វិញ បាន​ធ្លាក់ចុះ ចំនួន ១៥ ភាគរយ ពី​ចំនួន ៤.៩០៩ ក្បាល (​ស្រែ​ពក​ចំនួន ៣.៣១៩ ក្បាល និង​ភ្នំ​ព្រេច​ចំនួន ១.៥៩៥) មក​នៅ​ចំនួន ៤.១៦២ ក្បាល នៅ​ឆ្នាំ​២០២២ (​ស្រែ​ពក ចំនួន ៣.៣៦៥ និង​ភ្នំ​ព្រេច ៧៩៧ ក្បាល​។

​យ៉ាងណាក្តី ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF បានឱ្យដឹង​ដែរ​ថាៈ​ចំពោះ​សត្វ​ស្វា​មួយចំនួន ដូចជា​ស្វា​កន្ទុយ​ស ស្វា​ព្រាម ត្រឡប់​ជា​កើនឡើង ឬ​តំបន់​ខ្លះ​នៅ​រក្សា​ចំនួន​ថេរ​ផងដែរ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ក្នុង​ពិធី​នេះដែរ​ថាៈ បរិមាណ​សត្វ​កម្រៗ​មួយចំនួន ក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច នៅតែ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ គួរឱ្យកត់សម្គាល់​។ ការធ្លាក់ចុះ​នេះ ដោយសារតែ​កត្តា​គំរាមកំហែង​ចម្បង គឺ​អន្ទាក់ ការប្រើប្រាស់​កាំភ្លើង​ពិត និង​កាំភ្លើង​កែច្នៃ ដើម្បី​បាញ់​សត្វព្រៃ និង​ការប្រើប្រាស់​សត្វ​ឆ្កែ ប្រមាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់ នៅតែ​កើតមាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន

​លោក​បាន​មានប្រសាសន៍ថាៈ “​ថ្វីដ្បិតតែ​ចំនួន​សត្វ​ក្រចកជើង​ចំ​ពាម មានការ​ប្រឈមមុខ​ថយចុះ តែ​ទន្ទឹមនឹងនេះ ប្រភេទ​សត្វព្រៃ​ខ្លះ ប្រភេទ​ពានរ រួមមាន​សត្វ​ស្វា​កន្ទុយ​ស ស្វា​ព្រាម មាន​ចំនួន​ថេរ និង​មានការ​កើនឡើង ហើយ​ប្រភេទ​សត្វ​ស្លាប​ដូចជា​សត្វ​ត្មាត​មាន​វត្តមាន​ឡើងវិញ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​”​។

​គួរ​បញ្ជាក់ថា បើតាម​ការឱ្យ​ដឹង​រប​ស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ឆ្នាំ ២០២១ កន្លងទៅ អន្ទាក់​ជាង ១២.០០០ ត្រូវបាន​ដោះចេញ​ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។ កត្តា​អន្ទាក់ បាន​នឹង​កំពុង​គំរាមកំហែង​ជីវៈចម្រុះ ក្នុង​តំបន់ការពារធម្មជាតិ​៕V / N