សម្តេច​តេ​ជោ ហ៊ុន សែន​៖ ប្រជាជន​កម្ពុជា​មិនត្រូវ​ធ្វើការ​ភៀសខ្លួន​សារជាថ្មី​ម្ដងទៀត​ដោយសារ​សង្គ្រាម​ទេ​

1350
ចែករម្លែក

ដោយ : តារារិទ្ធិ / ​កំពង់ឆ្នាំង ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា ​ប្រជាជន​កម្ពុជា​មិនត្រូវ​ធ្វើការ​ភៀសខ្លួន​សារជាថ្មី​ម្ដងទៀត​ដោយសារ​សង្គ្រាម​ទេ​មិន​ថា​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ឬ ជា​ជនភៀសសឹក​ក្នុងប្រទេស​នោះទេ ។ សម្តេច​បន្តថា​វិធី​ដែល​ល្អ​ជាងគេ​នៅតែ​និយាយថា​ដើម្បី​រក្សា​សន្តិភាព ដើម្បី​ធានា​ការអភិវឌ្ឍ​បន្តទៅទៀត​ជម្រើស​ដែល​ល្អ​បំផុត​គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ដែលមាន​សញ្ញា​ទេវតា​បាចផ្កា​នឹង​ឈរ​នៅ​លេខ​រៀង​ទី ២០ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ក្នុងពេល អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​សរុប​ប្រមាណ២៤,៣៧៥​នាក់​មកពី​រោងចក្រ​ចំនួន​៥ ស្ថិតនៅ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដោយ​ការពន្យល់​ទៅកាន់​កម្មករ កម្មការិនី​ថា​៖ “ …ក្មួយៗ​អាច​ក្រឡេកមើល​ប្រទេស​ដែល​កំពុងមាន​សង្គ្រាម​ឥឡូវនេះ​តើ​វា​យ៉ាងណា​… ហើយ​ប៉ុន្មាន​ថ្ងៃនេះ​នៅ​សហរដ្ឋ​អា​មេ​រិច​អំពើ​រំលោភសិទ្ធិ​មនុស្ស​បានកើត​ឡើង​យ៉ាងធ្ងន់ធ្ងរ បំបែក​កូន​ពី​ម្ដាយ​នៅ​ព្រំដែន​ម៉ិច​ស៊ិ​ច…យប់មិញ​នេះ​តុលាការ​កំពូល​អាមេរិក​បានសម្រេច​ថា​អ្វីដែល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​សម្រេច​ទាំង​ប៉ុន្មាន​គឺ​ត្រឹមត្រូវ​ទាំងអស់ ដែល​មុននេះ​តុលាការ​កំពូល​អាមេរិក​ចាត់ទុកថា​មិន​ត្រឹមត្រូវ…តែ​ឥឡូវ​ការហាមឃាត់​ការធ្វើដំណើរ​បី​ប្រទេស​មួយចំនួន​ទៅកាន់​អាមេរិក តុលាការ​អាមេរិក​ចាត់​ទុក​ថា​ត្រឹមត្រូវ​…គឺជា​រឿង​មួយ​កើតឡើង​បែបនេះ តែ​រឿងនេះ​វា​កើតឡើង​នៅ​អាមេរិក​តែ​វា​បាន​ប៉ះពាល់​ទៅដល់​ប្រទេស​ដទៃទៀត​ដែរ…​” ។​

​សម្តេច​បាន​បន្តថា “…​ឥឡូវ​ក្មួយៗ​ត្រូវ​ចាំ​កាលពី​សម័យមុន​ប្រជាជន​ខ្មែរ​ក៏បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស នៅពេលដែល​ប្រទេស​មាន​សង្គ្រាម….បន្ទាប់​ទៅ​យើង​មាន​ជនភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​វៀតណាម​ប្រទេស​ថៃ និង ប្រទេស​ឡាវ​មួយ​ចំនូ​ន ដោយសារ​របស់​ប្រល័យពូជសាសន៍​ប៉ុលពត​នៅក្នុង​ប្រទេស​របស់​យើង…ប៉ុន្តែ​ឥឡូវនេះ​នៅក្នុង​ប្រទេស​អឺរ៉ុប​កំពុង​រង​នូវ​ផលវិបាក​នៃ​ជនភៀសខ្លួន​ដែល​ចេញពី​តំបន់​មជ្ឈិមបូព៌ា តំបន់​អា​ហ្វ្រិ ច​ទៅកាន់​ប្រទេស​អឺរ៉ុប…ប្រទេស​អឺរ៉ុប​បច្ចុប្បន្នកំពុង​ដាក់ចេញ​នូវ​វិធានការ​ប្រទេស​ណា​ដែល​មិន​ព្រម​ទទួល​ជនភៀសខ្លួន​និង​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​អឺរ៉ុប​ដោយសារតែ​មិន​ព្រម​ទទួល​ជនភៀសខ្លួន…”។

​សម្តេច​តេ​ជោ​បន្តថា “​…អញ្ចឹងទេ​កម្ពុជា​មិនត្រូវ​ធ្វើការ​ភៀសខ្លួន​សារជាថ្មី​ម្ដងទៀត​ដោយសារ​សង្គ្រាម​ទេ មិន​ថា​ភៀស​ទៅ​ប្រទេស ឬ ជា​ជនភៀសសឹក​នោះទេ….ហើយ​វិធី​ដែល​ល្អ​ជាងគេ​នៅតែ​និយាយថា​ដើម្បី​រក្សា​គុណភាព​​​​​ដើម្បី​ធានា​ការអភិវឌ្ឍ​បន្តទៅទៀត​ជម្រើស​ដែល​ល្អ​បំផុត​គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ដែលមាន​សញ្ញា​ទេវតា​បាចផ្កា​នឹង​ឈរ​នៅ​លេខ​រៀង​ទី ២០…”​៕

ទីតាំងផ្សាយពាណិជ្ជកម្ម