ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២២​។​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល

​ក្នុងឱកាស​នេះ​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​កើន​សមាជិក​-​សមាជិកា​ចំនួន​ជាង​បី​ពាន់​នាក់​បន្ថែមទៀត និង​សូម​ស្វាគមន៍​សមាជិក​-​សមាជិកា​ថ្មី​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ចូលមក​រួមរស់​ក្នុង​ជីវភាព​នយោបាយ ជាមួយ​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​អាយុកាល ៧១ ឆ្នាំ គិត​ចាប់តាំងពី​ការចាប់​កំណើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ មក ហើយ​ថ្នាក់ដឹកនាំ​គណបក្ស គ្រប់លំដាប់​ថ្នាក់​នៃ​មហា​គ្រួសារ​នេះ បាន​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ពលិកម្ម គ្រប់បែបយ៉ាង ដោយបាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ជីវិត​រស់នៅ​ដោយ​ភាពសុខសាន្ត​ជូន​ប្រជាជន​កម្ពុជា​។
​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ដូចគ្នានេះដែរ ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ កន្លងមកនេះ បើ​គិត​ចាប់ពី​ថ្ងៃ​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ ដែលជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា គឺ​គណបក្ស​យើង​មិនដែល​បោះបង់ចោល​ប្រជាជន​ទ្បើ​យ ហើយ​បានរស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ទីណា​ប្រជាជន​មានទុក្ខ គឺមាន​មុខ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ លើសពីនេះ ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់លំដាប់​ថ្នាក់ ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់ ដោយ​មិន​គិត​អំពី​ការនឿយហត់ ដើម្បី​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ជូន​ជាតិ​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​មិន​ធ្លាប់មាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំ របស់​កម្ពុជា​។ ជាងនេះទៅទៀត ក្នុង​រយៈពេល​ជាង ០២ ឆ្នាំ​ចុង​ក្រោយនេះ សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា​នៃ​មហា​គ្រួសារ​នេះ ក៏បាន​ការពារ និង​សង្គ្រោះ​ជីវិត​ប្រជាជន​ខ្មែរ​រាប់លាន​នាក់​ឱ្យ​រួច​ផុតពី​ជ្រោះ​មរណៈ​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការផ្តល់ជូន​ការព្យាបាល ការចាក់​វ៉ាក់សាំង និង​ការជួយឧបត្ថម្ភ​ដល់​ជីវភាព​រស់នៅ រហូត​ឈានដល់​ការបើក​ដំណើរការ​ជា​ប្រក្រតី​ទ្បើង​វិញ​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​៕​សរន / N