ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​ថ្លែង​បញ្ជាក់ថាៈ “​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ក្នុងការ​ការពារ​សន្តិ​ភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព បានសេចក្តីថា ជា​គណបក្ស​តែមួយគត់ ដែល​តែង​បានធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជាតិ និង​ប្រជាជន ហើយ​ជោគជ័យ​របស់​គណបក្ស​យើង​កន្លងមកនេះ គឺ​បានបង្ហាញ​យ៉ាងច្បាស់ អំពី​ភាពចាស់ទុំ​ខាង​នយោបាយ ដូច្នេះ យើងទាំងអស់គ្នា ជា​សមាជិក​-​សមាជិកា​របស់​គណបក្ស ត្រូវ​បន្ត​ការថែរក្សា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​គណបក្ស និង​បន្ត​ពង្រឹង​កត្ដា​សាមគ្គីភាព​ផ្ទៃក្នុង ឱ្យបាន​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជានិច្ច​និរន្តរ៍​”​។

​ការបញ្ជាក់​នេះ ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​-​សមាជិកា យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ ទន្ទឹមនឹងនេះ មោទនភាព​នៃ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់ៗ​អាណត្តិ កន្លងមកនេះ គឺជា​ការផ្ដល់​នូវ​ភាព​យុ​តិ្ត​ធម៌ និង​សច្ចធម៌​យ៉ាងពិត​ប្រាកដ​របស់​ប្រជាជន ជូន​ចំពោះ សម្ដេច​តេ​ជោ ដែល​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ពលិកម្ម​គ្រប់បែប យ៉ាង​ទាំងអស់ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន និង​ការលើកកម្ពស់​កិត្យានុភាព​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ឈរលើ​មូលដ្ឋាន​នេះ ជា​បេសកកម្ម​រួម​របស់​យើងទាំងអស់គ្នា គឺ​យើង​ត្រូវ​បន្ត​ការចូលរួម​បម្រើប្រជាជន ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព ពិសេស គឺ​ការពារ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យបាន​គង់វង្ស​តរៀង​ទៅ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថាៈ “​យើងទាំងអស់គ្នា ពិត​ជាមាន​មោទនភាព​ចំពោះ​មហា​គ្រួសារ​មួយ​នេះ​ណាស់ ហើយនឹង​បន្ត​រួបរួមគ្នា​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន តាមរយៈ​ការធ្វើ​អំពី​ល្អ និង​ខិតខំ​ប្រឹងប្រែង​ដុសខាត់​នូវ​ជំនាញ និង​ចំណេះដឹង ដើម្បី​ក្លាយខ្លួនជា​ធនធានមនុស្ស​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សង្គមជាតិ ធានាបាន​នូវ​ការបើកឱកាស​ជូន​ដល់​យុវជន​យើង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ទាំង​ឱកាស​ក្នុង​ការកសាង​សមត្ថភាព និង​ការកសាង​អនាគត​តាមរយៈ​ការប្រកប​ការងារ​ជំនាញ​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​”​។

​ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​គ្រប់​ថ្នាក់ ព្រមទាំង​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប និង​ស្ថាប័ន​ចំណុះ ក្នុងការ​បំពេញបេសកកម្ម​ដ៏​ឧត្ដុង្គឧត្ដម​បម្រើប្រជាជន ដែល​បុព្វហេតុ​ដ៏​ត្រឹមត្រូវ និង​ឥត​ងាករេ​របស់​គណបក្ស ហើយ​សូម​បន្តសកម្មភាព​ផ្សារភ្ជាប់​ទំនាក់ទំនង ឱ្យបាន​ជិតស្និទ្ធ និង​កសាង​អំពើ​ល្អ ជាមួយ​ប្រជាជន ព្រោះថា នេះ​គឺជា​ការ​តបស្នង​សងគុណ​ដ៏​កតញ្ញូ​បំផុត​ជូន​ចំពោះ​ប្រជាជន ដែល​តែង​បានផ្តល់​នូវ​ការគាំទ្រ និង​បាន​បោះឆ្នោត​ជូន​គណបក្ស​យើង​គ្រប់ៗ​អាណត្តិ​កន្លងមក​៕V​ / N