ប្រែ​សម្រួលៈ​បំណង​(ST)៖ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សៅរ៍​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការអនុម័ត​លក់​គ្រឿង​សព្វាវុធ​ដល់​ទៅ​១,១​ពាន់​លាន​ដុល្លារ​ទៅ​អោយ​អាជ្ញាធរ​កោះ​តៃវ៉ាន់​​ដោយ​ថា​ចំណាត់ការ​នេះ​ធ្វើ​អោយ​គ្រោះថ្នាក់​ទំនាក់ទំនង​ចិន​ជាមួយ​អាម៉េរិក​ហើយ​បានប្តេជ្ញា​ចាត់វិធានការ​តប​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​យោធា​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​ការលក់​សព្វាវុធ​មួយកញ្ចប់​ធំ​បំផុត​ក្នុងចំណោម​ការលក់​អាវុធ​ក្នុង​រយៈពេលេ​ជិត​ពីរ​ឆ្នាំ​មក​​នេះ ដែល​រួមមាន​ប្រព័ន្ធ​រ៉ា​ដា​ព្រមាន​ជា​មុន​អំពី​ការវាយប្រហារ​និង​កាំ​ជ្រួច​។​

​សព្វាវុធ​ដែល​លក់​អោយ​តៃវ៉ាន់​រួមមានកាំ​ជ្រួច Sidewinder​ចំនួន​១០០​ដើម​តំលៃ​៨៥,៦​លាន​ដុល្លារ​សំរាប់​បំពាក់​លើ​ស្លាប​យន្តហោះ​

​ដោយ​បញ្ជាក់​ឡើងវិញ​ថា​តៃវ៉ាន់​ជា​ផ្នែក​មិន​អាច​បំបែក​បាន​មួយ​របស់​ចិន រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​«​លុបចោល​ការលក់​នេះ​ជាបន្ទាន់​»​។​

​លោក​លីវ ផឹង​យូ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា​« អាម៉េរិក​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ធ្វើអោយ​ខូច​អធិបតេយ្យភាព​និង​ផលប្រយោជន៍​សន្តិសុខ​ចិន​ដោយ​​សារ​តែ​លក់​គ្រឿង​សព្វាវុធ​ទៅអោយ​តំបន់​តៃវ៉ាន់​។​ការលក់​បែបនេះ​ជា​ការបញ្ជូនសារ​ខុស​ទៅកាន់​កម្លាំង​ផ្តាច់ខ្លួន​ទាមទារ​ឯករាជ្យភាព​តៃវ៉ាន់ និង​ធ្វើអោយ​គ្រោះថ្នាក់​ទំនាក់ទំនង​ចិន​អាម៉េរិក​ព្រមទាំង​​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​លោក​បាន​បន្ថែមថា​« ចិន​នឹង​ចាត់វិធានការ​ត​តប​យ៉ាង​ដាច់ខាត​និង​ចាំបាច់ ស្របតាម​ដំណើរ​សភាពការណ៍​វិវត្តន៍​»​។​

​ថ្លៃ​សព្វាវុធ​ដែល​លក់​១.១០០​លាន​ដុល្លារ​នេះ​រួមមាន ៦៦៥,៤​លាន​ដុល្លារ​សំរាប់​ការជួសជុល​និង​ធ្វើអោយ​ប្រសើរឡើង​ប្រព័ន្ធ​រ៉ា​ដា​ព្រមាន​ជាមុនដែលមានស្រាប់នៅលើកោះតៃវ៉ាន់ ៣៥៥​លាន​ដុល្លារ​សំរាប់​កាំជ្រួច​ប្រឆាំង​នាវា​Harpoon Block II​ចំនួន​៦០​ដើម និង​កាំជ្រួច​បាញ់​ពី​អាកាស​ទៅ​អាកាស​Sidewinder​ចំនួន​១០០​ដើម​តំលៃ​៨៥,៦​លាន​ដុល្លារ​៕