​ប្រែ​សម្រួលៈ​បំណង​(ST)៖ ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្កើន​ថ្លៃ​ប្រេងឥន្ធនៈ​ដ​ល់​ទៅ​៣៥​ភាគរយ ដើម្បី​ទប់​កុំ​អោយ​រដ្ឋ​ជួយ​ចេញខាត​ច្រើន​ពេក​ដែល​បានដាក់​សម្ពាធ​លើ​ថវិការដ្ឋ តែ​ចំណាត់ការ​នេះ​​មុខ​ជា​បង្ក​ការលំបាក​ដល់​អ្នកក្រ​។​

​ដោយ​ពណ៌នា​ការសំរេចចិត្ត​នេះ​ថា​ជា​«​ជំរើស​ចុងក្រោយ​»​មួយ​សំរាប់​រដ្ឋាភិបាល ប្រធានាធិបតីចូកូ វី​ដូ​ដូ បាន​កត់​សំ​គា​ល់ថា​ការឧបត្ថម្ភ​របស់​រដ្ឋ​៧០​ភាគរយ​លើ​តំលៃ​ប្រេងឥន្ធនៈ​កន្លងមក​បាន​ធ្វើអោយ​​ម្ចាស់​យានយន្ត​ឯកជន​សប្បាយចិត្ត តែ​ពេល​នេះ​«​រដ្ឋាភិបាល​ប្តេជ្ញា​ធានាថាការប្រើ​ប្រាក់​ការឧបត្ថម្ភ​របស់​រដ្ឋ​និង​មូលនិធិ​សាធារណៈ​ត្រូវ​ផ្តោត​លើ​គោលដៅ​អោយ​ល្អ​។​ការឧបត្ថម្ភ​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​​សំរាប់​អ្នកក្រ​ច្រើនឡើង​។​ការឧបត្ថម្ភ​ប្រេងឥន្ធនៈ​នឹង​ត្រូវ​បញ្ជូន​ចូលក្នុង​ជំនួយ​សង្គម​វិញ​»​។​

​សូមបញ្ជាក់​ថា រដ្ឋ​ឥណ្ឌូនេស៊ី​បាន​បង្កើន​ថវិកា​សំរាប់​ការជួយ​ចេញ​ខាត​លើ​ថ្លៃ​ប្រេងឥន្ធនៈ​មួយ​ជា​បី​រហូតដល់​៥០២​ទ្រី​លាន​រូពៀ​(៣៤​លាន​ដុល្លារ​) ដើម្បី​រក្សា​ថ្លៃ​ប្រេងឥន្ធនៈ​និង​អគ្គិសនី​អោយ​នៅ​ទាប ចំពេល​​ថ្លៃ​ប្រេងឥន្ធនៈ​លើ​ពិភពលោក​កើនឡើង​។​

​ការសំរេចចិត្ត​ដំ​ឡើ​ង​ថ្លៃ​ប្រេង​របស់លោកវី​ដូ​ដូ នេះ មុខ​ជា​នឹងបង្ក​ប្រតិកម្ម​នយោបាយ​។​មុន​ការប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ពួក​សហជីព​និង​និស្សិត​នៅ​តំបន់​ខ្លះ​ក្នុងប្រទេស បាន​នាំគ្នា​ធ្វើ​ការប្រឆាំង​តវ៉ា​នឹង​​ផែនការ​នេះ​។​

​រដ្ឋមន្ត្រី​ថាមពល​និង​រ៉ែ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ថ្លៃ​ប្រេង​សាំង​ពេញ​និយម​Pertalite​ត្រូវ​ដំឡើង​៣១​ភាគរយ​ដល់​ថ្លៃ​១០.០០០​រូ​ពៀ​(០,៦៧​ដុល្លារ​)​នៅពេល​ប្រេងម៉ាស៊ូត​ឡើង​៣២​ភាគរយ​ដល់​ថ្លៃ​៦.៨០០​រូ​ពៀ​(០,៤៦​ដុល្លារ​)​​ចំណែក​សាំង​គុណភាពខ្ពស់Pertamax​ឡើង​១៦​ភាគរយ​ដល់​១៤.៥០០​រូ​ពៀ​(០,៩៧​ដុល្លារ​)​ក្នុង​មួយ​លីត្រ​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​ប្រកាស​ផ្តល់ជំនួយ​១២,៤​ទ្រី​លាន​រូពៀ ដល់​គ្រួសារ​មាន​ចំណូល​ទាប​ចំនួន​២០,៦៥​លាន ជា​ការផ្តល់​សាច់​លុយ​ដោយ​ផ្ទាល់ និង​ប្រាក់​៩,៦​ទ្រី​លាន​ទៀត​នឹង​ត្រូវ​​ផ្តល់​អោយ​កម្មករ​តាមរយៈ​ប្រាក់ខែ​របស់គេ ហើយ​រដ្ឋាភិបាល​តំបន់​នឹង​ផ្តល់​ប្រាក់​២,១៧​ទ្រី​លាន​រូពៀ ជា​ជំនួយ​ដល់​គមនាគមន៍​សាធារណៈ អ្នករត់ម៉ូតូឌុប​និង​អ្នកនេសាទ​៕

​ម្ចាស់​ទោចក្រយានយន្ត​សំរុក​ចាក់​សាំង​បំពេញ​ធុង​មុនពេល​ដំឡើងថ្លៃ​សាំង​ចូលមក​ដល់​