ដោយ​: ដេប៉ូ​/​រតនៈគិរី​: លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគីរី បានបង្ហាញ​ពី​ការប្តេជ្ញាចិត្តថា​នឹងចូលរួម​អប់រំ​ផ្សព្វផ្សាយ​ពី​ការបញ្ឈប់​ការដាក់​អន្ទាក់ ការប្រើ​កាំភ្លើង​កែច្នៃ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​សម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ ក៏ដូចជា​ប្តេជ្ញាចិត្ត ក្នុងការ​លុបបំបាត់ ការលក់ដូរ​សាច់សត្វ​ព្រៃ​នៅក្នុង​ខេត្ត​ផងដែរ​។​

​ថ្លែង​ក្នុង​សន្និសីទ សារព័ត៌មាន​ស្តីពី​យុទ្ធនាការ​អន្ទាក់​សូន្យ ក្នុង​ខេត្ត​រត​គិរី នា​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ នៅ​មន្ទីរ​បរិស្ថាន ខេត្តរតនគិរី លោក ញ៉ែម សំអឿន គណៈ​អភិបាល នៃ​អភិបាលខេត្ត​រតនគីរី​បានឱ្យដឹងថា ការផ្សព្វផ្សាយ​ពី​ការអប់រំ​បញ្ឈប់​ការដាក់​អន្ទាក់ និង មធ្យោបាយ​ការសម្លាប់​សត្វ​គ្រប់​ប្រភេទ​ជា​រឿង​មួយ​ចាំបាច់​ដើម្បី​ការពារ​សត្វព្រៃ​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​។​

​ជាមួយ​ការលើកឡើង​បែបនេះ​លោក អភិបាលខេត្ត បាន​ថ្លែងថា “​យើង​រួមគ្នា​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ​។ យើង​ចូល​ភោជនីយដ្ឋាន​កុំ​សួររក​សាច់​សត្វព្រៃ ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ការពារ​សត្វព្រៃ​យើង​ឱ្យបាន ទាំង​បច្ចុប្បន្ន និង​អនាគត​”​។​

​លោក បានលើកឡើង​ដោយ​បញ្ជាក់​បន្ថែមថា ”​ក្រៅពីនេះ​យើង​ត្រូវមាន​វិធានការ​ច្បាប់ ក៏​នឹងមាន​វិធានការ​អប់រំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រកបមុខរបរ​ទាក់​ចាប់​សត្វ​លក់​ឲ្យ​ងាក​បង្កើត​មុខ​ផ្សេងៗ ដើម្បី​ផ្តល់​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​សម្រាប់​គ្រប់គ្រង​គ្រួសារ​វិញ​”​។​

​ទាក់ទិន​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​នេះដែរ លោក​អភិបាលខេត្ត​បានឱ្យដឹង​បន្ថែមថា​៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចុះ​ពិនិត្យ​ទីតាំង​ដែល​ធ្លាប់​លក់​សាច់​សត្វព្រៃ ហើយ​យើង​នឹងធ្វើ​វេទិការ​សាធារណៈ​អប់រំ ពី​ផលវិបាក និង​ផលប្រយោជន៍ ដែល​បានមកពី​ផលប្រយោជន៍​ធនធាន​សត្វព្រៃ និង​បើក​ឲ្យ​មានការ​សួរ​ពី​ប្រជាពលរដ្ឋ​។
ទន្ទឹម​ជាមួយគ្នា​លោក​អភិបាល​បាន​ឲ្យ​ដឹងថា​រដ្ឋបាល​ខេត្តរតនគិរី​នឹងធ្វើ​ការផ្សព្វផ្សាយ​ដល់ទី​តាំង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​ដោយ​ហាមឃាត់​មិន​អនុញ្ញាត​យក​សាច់​សត្វព្រៃ​មក​ធ្វើជា​ម្ហូបអាហារ​ឡើយ​។

​លោក នេត្រ ភក្ត្រា​រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ខេត្តរតនគិរី​ជា​ខេត្ត​ទី​៦ ដែល​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និង​អង្គការ​ដៃគូ​ប្រារព្ធ​យុទ្ធនាការ ដើម្បី​ទប់ស្កាត់​អន្ទាក់​ក្នុង​តំបន់​តំបន់ការពារធម្មជាតិ បង្កើន​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ និង​ជីវៈចម្រុះ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង​ពលរដ្ឋ​ដែល​ចូល​ប្រមូល​អនុផល​ព្រៃឈើ​។ យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្តរតនគិរី​ប្រារព្ធ​ឡើង​ចំពេល​ពិភពលោក​ប្រារព្ធ​ទិវា​យល់ដឹង​អំពី​សត្វ​ត្មាត​ពិភពលោក រំពឹងថា​នឹងមាន​ការចូលរួម​ប្រមាណ ៥០០ នាក់​ផងដែរ​។​

​លោក​សេង ទៀក ប្រធាន​អង្គការ WWF បានឱ្យដឹងថា រយៈ​ពេលធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅតាម​បណ្តាល​ខេត្ត​ចំនួន​៥​កន្លងមកនេះ បាន​បង្ហាញថា មាន​ភោជនីយដ្ឋាន​៤២​បាន​សន្យា​មិន​យក​សាច់សត្វ​ព្រៃ​មក​ធ្វើជា​ម្ហូប​ជូន​ភ្ញៀវ​ទេ​។​

​លោក បានបញ្ជាក់​ប្រាប់ថា​ខេត្ត​ដែល​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​រួមមាន​៖ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តរតនគិរី​៕​