ដោយៈ ដេប៉ូ / ព្រះ​វិហារៈ ក្នុង​រដូវ​ពិធីបុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ ដ៏​ធំ​មួយ របស់​ប្រជាជន​ខ្មែរ ដែល​នឹង​ជិត​ឈាន​មកដល់ នាពេល​ដ៏​ខ្លី​ខាងមុខនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះសួរសុខទុក្ខ សំណេះសំណាល និង​នាំយក​អំណោយ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងពលតូច​អន្តរាគមន៍ លេខ​៧ នៅ​ទីបញ្ជាការ​កងពល ស្ថិតក្នុង​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ជាមួយគ្នានេះ លោក អ៊ិត សំហេង បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​និច្ចកាល​តែង​គិតគូរ ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន របស់​យើង​។​

​ទន្ទឹមគ្នា​នេះដែរ លោក រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ស្មារតី​តស៊ូ ដ៏​អង់អាច​ក្លាហាន ប្រកបដោយ​វីរភាព​របស់​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ការពារជាតិ​មាតុភូមិ​កម្ពុជា​ដ៏​បវរ​នៃ​យើង​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ ការ​ចងក្រង​សម្ព័ន្ធមេត្រីភាព រវាង​ក្រសួង ស្ថាប័ន កង​នគរបាលជាតិ និង​ក្រុមហ៊ុន​ឯកជន ក៏​ត្រូវបាន​បង្កើតឡើង ដើម្បី​ជំរុញ​ការអនុវត្ត កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​វិស័យ​ការពារជាតិ​របស់​យើង ឱ្យ​កាន់តែ​ទូលំទូលាយ ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ការផ្សាភ្ជាប់​រវាង សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ គឺជា​កាត​ព្វ​កិ​ច្វ​របស់​យើង​គ្រប់គ្នា តាម​ពាក្យស្លោក “​ការពារជាតិ​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ការពារជាតិ​”​។​

​លោក អ៊ិត សំហេង ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​មួយចំនួន របស់​វិស័យ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត ដែល​កើតចេញ ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា ក្រោម​ម្លប់​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ជា​កម្លាំង​តែមួយ ស្ថិតក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​បំផុត​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​យើង ដែល​អាច​ដោះស្រាយបាន​នូវ​វិបត្តិ​ធំៗ នៅ​ចំពោះមុខ តួយ៉ាង ដូចជា វិបត្តិ​ជាស​កល​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​យើង​មាន​សមត្ថភាព​អាច​គ្រប់គ្រង នូវ​វិបត្តិ​នេះ ដោយ​ជោគជ័យ មានឱកាស​កសាងបាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​ជាតិ ពិសេស​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ជា​លំដាប់​។​

​នាឱកាស​នោះដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នាំមក​នូវ​អំណោយ ក្នុងនាម ស​មេ្ត​ច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់​ផ្តល់ជូន​ដល់ បងប្អូន នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ នូវ​គ្រឿងឧបភោគ បរិភោគ សរុប​ចំនួន ជាង ២០០ លាន​រៀល​។​

​ក្នុង​ពិធី​នេះដែរ លោក រដ្ឋមន្ត្រី បាន​បញ្ជាក់ថា អំណោយ​ទាំងនេះ ចាត់ទុកថា ជា​ស្មារតី​សាមគ្គី សហការ រវាង​កងទ័ព ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ប្រជាជន​។ នេះ​គឺជា​ខឿន​ការពារជាតិ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នា​នោះដែរ លោក រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ដ៏​ថ្លាថ្លៃ ជាមួយ​ក្រសួង និង សូម​កោតសរសើរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​គ្នា យ៉ាង​ជិត​សិ្ន​ទ្ធ ចូលរួមចំណែក​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​បំពេញបេសកកម្ម ជា​ប្រវត្តិសាស្ត្រ​របស់​បងប្អូន កងកម្លាំងប្រដាប់អាវុធ នៃ​កងពលតូច​អន្តរាគមន៍​លេខ​៧ ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ជាតិ​យើង​៕/V​