​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ “​អនុលោម​តាម​រដ្ឋធម្មនុញ្ញ និង​នយោបាយ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កងយោធពល​ខេមរភូមិន្ទ មាន​កាតព្វកិច្ច​ត្រូវ​រក្សា​ភាពស្មោះត្រង់ និង​ភាព​ដាច់ខាត​នៅក្នុង​កិច្ច​ការពារជាតិ សាសនា ព្រះមហាក្សត្រ​, ការពារ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ត្រូវ​បន្ត​ប្រុងប្រៀប​ត្រៀមលក្ខណៈ​ធានា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​។ ទាំងនេះ គឺជា​កិច្ចការ​ស្នូល​អាទិភាព ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវអនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ការទទួលខុសត្រូវ​ពេញទំហឹង ដើម្បី​ធានាបាន​ទាំងស្រុង​នូវ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ស្ថិតស្ថេរ​យូរអង្វែង បម្រើឱ្យ​ការកសាង​ឱកាស​សម្រាប់​អភិ​ឌ្ឍ​ជាតិ​។ ” នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​ខួប​អនុ​ស្សារី​យ៍ ១៣ ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២២​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ដោយ​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ និង ១៣ ឆ្នាំ​គិត​ចាប់ពី​ការដំឡើង​ជា​បញ្ជាការដ្ឋាន​អង្គរក្ស អង្គភាព​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ និង​ការលំបាក​ជាច្រើន ហើយ​រហូតមក​ដល់ពេលនេះ​អង្គភាព​មានការ​បោះជំហាន​ទៅមុខ​រឹងមាំ​លើ​គ្រប់​វិស័យ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ​បញ្ជា​, ចំនួន​ទ័ព​, សមត្ថភាព​ជំនាញ​, មធ្យោបាយ​គ្រឿង​បំពាក់ និង​ការកសាង​ជំរំ​ជម្រក ក៏ដូចជា​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា​បម្រើឱ្យ​ការបំពេញភារកិច្ច និង​ការលើកកម្ពស់​សមត្ថភាព ជីវភាព សុខុមាលភាព របស់​យោធិន និង​គ្រួសារ​យោធិន ជាដើម​។ ទាំងអស់នេះ ក៏បាន​បង្ហាញឱ្យឃើញ​ផងដែរ​អំពី​សាមគ្គី​ឯកភាព​ភាព​ផ្ទៃក្នុង​ល្អ​របស់​មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស ធានាបាន​នូវ​និរន្តរភាព​របស់​អង្គភាព​ក្នុងការ​សម្រេច​ភារកិច្ច​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជាតិ​។​

​ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គោរព​ថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​ជានិច្ច​ជា​កាល​តែង​បាន​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ និង​ជួយឧបត្ថម្ភ​គ្រប់បែបយ៉ាង​ដល់​យោធិន និង​គ្រួសារ​យោធិន​នៅ​គ្រប់​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ រួមទាំង​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក៏​សូម​អរគុណ​ផងដែរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ប្រទេស​ជា​មិត្ត និង​សប្បុរសជន​នានា ដែល​កន្លងមក​តែង​បាន​ជួយ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស រហូត​អង្គភាព​សម្រេចបាន​នូវ​ការកសាង​ពង្រឹង​ខ្លួន​រឹងមាំ​លើ​គ្រប់​វិស័យ ដូច​ពេលបច្ចុប្បន្ន​។​

មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ ដើម្បី​ជាការ​រំឭក​ដល់​ដំណើរ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល និង​ការសម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ក្នុងការ​បំពេញភារកិច្ច​ការពារ​សន្តិសុខ​-​សុវត្ថិភាព​ជូន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​គ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ក៏ដូចជា​ភារកិច្ច​ជាច្រើន​ផ្សេងទៀត ជា​គុណប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថ ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ និង​ការលំបាក​ស្មុគស្មាញ​ជាទីបំផុត នៅក្នុង​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស ជាពិសេស​ការខិតខំ​ពុះពារ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​ដាច់ខាត​នូវ​បរិយាកាស​នយោបាយ​មួយ​ប្រកបដោយ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​របៀបរៀបរយ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ សមិទ្ធិផល​ជាតិ​សំខាន់ៗ ដែល​សម្រេចបាន​កន្លង​មកនេះ ពិតជា​មិនអាច​កាត់ផ្តាច់​បានឡើយ​ពី​ការចូលរួម​ប្រកបដោយ​ពលិកម្ម​ដ៏​ធំធេង​របស់​កងយោធពល​ខេមរភូមិន្ទ និយាយ​ជារួម និង​និយាយ​ដោយឡែក​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ធានា​នូវ​លំនឹង​ស្ថិរភាព និង​និរន្តរភាព​នៃ​ការដឹកនាំ​ប្រទេសជាតិ​៕​