​ដោយៈ បូកគោ / កំពត​: ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង បី​ខ្សែ ធ្វើឡើង​នៅ​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ អភិបាល​ខេត្តកំពត បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​រក្សា​អនាម័យ​បរិស្ថាន បន្ថែម​លើ​សមិទ្ធផល​ថ្មី ដែលជា​ចលករ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវ ដើម្បី​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។​

​សម្រាប់​ផ្លូវ​បេតុង​សរសៃដែក​ដ៏​ល្អ​ស្អាត ដែល​លេច​រូបរាង នាពេល​ដ៏​ខ្លី​ខាងមុខ លោក អុ​ឹ​ម ច័​ន្ធ​សោធន អភិបាលស្រុក​ទឹកឈូ បាន​រៀបរាប់ថាៈ បន្ទាប់ពី​ស្ថាបនា​រួចរាល់ ផ្លូវ​នេះ នឹង​ក្លាយជា​បណ្តាញ​គមនាគមន៍ ដ៏​មាន​សក្តានុពល​ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់​គ្រែង ឃុំ​ស្ទឹង​កែវ និង​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ពិសេស​ការដឹកជញ្ជូន​កសិផល ឆ្ពោះទៅកាន់ គោលដៅ​ផ្សេងៗ​។ លើសពីនោះ ភ្ញៀវ​ជាតិ អន្តរជាតិ ក៏មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ឆ្លង​កាត់ ឬ​មក​ស្នាក់អាស្រ័យ នៅ​ភូមិសាស្ត្រ​ប្រកបដោយ​សកម្មភាព ទេសចរណ៍​បែប​ធម្មជាតិ ដ៏​សម្បូរ​បែបនេះ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ខាងលើ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ ជាមួយនឹង​ការទទួលបាន​ផ្លូវ​ល្អ បងប្អូន​ប្រជាពលរដ្ឋ ក៏ត្រូវ​គិតគូរ​អំពី​ការគ្រប់គ្រង​សំរាម ឲ្យ​បានល្អ​បន្ថែមទៀត​។ ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ​ថា ភូមិ​ស្រុក​មាន​អនាម័យ​បរិស្ថាន​ល្អ គឺជា​ចលករ​ដ៏​សំខាន់ ក្នុងការ​ស្រូប​ទាញ​ប្រាក់ចំណូល តាមរយ​:​ទេសចរ ជិត​ឆ្ងាយ​ចូល មក​កម្សាន្ត​។​

​លោក​អភិបាលខេត្ត បាន​បន្តថាៈ សព្វថ្ងៃ ព្រែក​កំពង់​បា នៅ​មិនទាន់មាន​សោភ័ណភាព ល្អ ព្រោះតែ​បងប្អូន​ខ្លះ បោះ​សំរាម​ចូល​។ ទាំងនេះ ជាហេតុ​បង្ក​ឲ្យ​ខូច​បរិស្ថាន ខ្វះ​អនាម័យ ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ ដែល​មក​លម្ហែ​កម្សាន្ត និង​ស្នាក់អាស្រ័យ​តែម្តង​។​

​លោក​អភិបាលខេត្ត បាន​បន្តថាៈ ព្រែក​កំពង់បាយ មាន​សក្តានុពល ដែល​សម្បូរ​ដោយ កន្លែង​ផ្តល់​សេវា​ទេសចរណ៍ គួរ​ឲ្យ​ទាក់ទាញ​បំផុត​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ព្រមទាំង​កន្លែង​ផ្តល់​សេវា​ទេសចរណ៍​នានា ត្រូវ​ចូលរួម​រក្សា​អនាម័យ បរិស្ថាន​ទាំង​ក្នុង​ព្រែក ក៏ដូចជា​តាម​ដងផ្លូវ ដើម្បី​ទាក់ទាញ​ភ្ញៀវ ឲ្យ​មក​កម្សាន្ត កាន់តែច្រើន បន្ថែមទៀត​។ យ៉ាងហោចណាស់ បងប្អូន​គួរ​ជីករណ្តៅ ឬ​មាន​ឡ​ដុត​សំរាម នៅតាម​ផ្ទះ ធ្វើយ៉ាងណា បញ្ចៀស​នូវ​ការបោះ​សំរាម​ពាសវាល​ពាសកាល ព្រោះ​សំណល់​ទាំងនោះ ចុងក្រោយ​នឹង​ហូរ​ចូលក្នុង​ព្រែក​រួច​បន្តទៅ​សមុទ្រ​នាំ​ឲ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​បំផុត ៕/V​