​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

អម្ពិលប្រក់ផ្លែ​

នាមសព្ទ​

​ឈ្មោះ​តិណជាតិ​ស្ទើរ​ជា​ឈើ​មួយ​ប្រភេទ​ដើម​រឹង​ស្លឹក​ល្អិតៗ​, ដុះ​ហែ​ជា​ជួរ​តាម​ធាង​, ផ្លែ​ល្អិតៗ​ចេញ​ស្កះ​តាម​ខ្នង​ធាង​ហាក់ដូច​គេ​ប្រក់​, មាន​រសជាតិ​ល្វីង​ខ្លាំង​; គេ​ច្រើន​យកមក​ស្ងោរ​ផឹក​កែរោគ​គ្រុន ។​

​អន្ធិកា​

(​អន់​-​ធិ​កា​)

នាមសព្ទ​

( សំ​. ) រាត្រី ( យប់ ) ។ សម្រាប់​ប្រើ​ក្នុង​កាព្យ តាម​ដោយ​កវី​ត្រូវ​ការប្រើ​, ដូចជា​កាព្យ ព​. ប្រ​. ថា​
​ពេល​អន្ធិកា ពន្លឺ​ចន្ទ្រា នា​ខាងដើម​ខ្នើត ភ្លឺ​ខ្សោយ​ស្ទើរ​មើល​- អ្វីៗ​ពុំ​កើត ប្រៀប​ដូច​អ្នក​ឆើត ឆាប់​ឈប់​លែង​រៀន ។ ត្រូវ​រៀន​ឲ្យ​ដល់ ថ្នាក់ខ្ពស់​និម្មល កុំ​គេច​វេះវៀន មិន​ដល់​កម្រិត កុំ​ខ្ជិល​អៀនប្រៀន ត្រូវ​ខំប្រឹង​រៀន ប្រណាំង​សែង​ចន្ទ្រ ។ ចន្ទ្រ​ដប់​ប្រាំ​កើត ដូច​អ្នករៀន​ឆើត មានចិត្ត​កួច​កាន់ រៀន​ទាល់​ដល់​ថ្នាក់​- ខ្ពស់​ដ៏​សំខាន់ កុំ​ឲ្យ​ចាញ់​ចន្ទ្រ ដប់​ប្រាំ​កើត​ឡើយ ។ អ្នករៀន​រូប​ណា យល់​ក្ដី​ឧបមា នេះ​ពុំ​កន្តើយ អ្នករៀន​រូបនោះ ឆ្លង​ឆ្ពោះ​ដល់ត្រើយ​- វិទ្យា​ស្រេច​ហើយ រមែង​ក្សេមក្សាន្ដ ។​

​អនិមន្តន៍​

(​អៈ​និ​មន់​)

នាមសព្ទ​

( បា​. អនិមន្តន​; សំ​. អ​និ​មន្ត្រ​ណ ) ការមិន​និមន្ដ​, មិន​អញ្ជើញ ឬ​ការ​ឥត​និមន្ដ​, ឥត​អញ្ជើញ​
​ការ​ទៅផ្ទះ​គេ​ដោយ​អនិមន្តន៍ ជា​ដំណើរ​ហិនលក្ខណ៍ ( ព​. កា​. ) : ដំណើរ​ហិន​ល័ក្ខណ៍ ប្រាជ្ញ​លោក​បញ្ជាក់ អស់អាថ៌​សេចក្ដី ឲ្យ​អស់​ជន​ផង យល់​ការណ៍​វែង​ខ្លី កន្លង​វី​ថី ទៅជា​សៅដៅ ។ ហិនលក្ខណ៍​មាន​បី មួយ​ឥតមាន​ក្ដី ហៅរក​ឲ្យ​ទៅ ខ្លួន​ចូល​ទទ្រប ទៅកាន់​លំនៅ នៃ​ជន​អ្នក​ក្រៅ តាម​ដោយ​ទំនើង ។ ពីរ​ឥត​គេ​សួរ ខ្លួន​ស្ដី​យក​គួរ ពុំ​យល់ថា​យើង និយាយ​ច្រើនពេក ស្ទើរតែ​អស់ជើង គេ​យល់ថា​យើង ផ្លោៗ​ឥត​បទ ។ បី​ឥត​គេ​អួត ខ្លួន​ថ្លែង​អំនួត អួតខ្លួន​ស្ទើរ​ហត់ ទាល់តែ​គេ​ធុញ គេ​ទ្រាំ​ខំអត់ អួត​ហួសកំណត់ ឲ្យ​គេ​អផ្សុក ។ ( ម​. ព​. ហីន​លក្ខណ៍ ក្នុង​ពាក្យ ហីន ផង ) ។​

​អណ្ដាតសមុទ្រ​

នាមសព្ទ​

( ព​. ប្រ​. ) ឆ្អឹងទ្រូង​ត្រី​មឹក​មាន​រូបសណ្ឋាន​ស្រដៀង​នឹង​អណ្ដាត សម្បុរ​-​ស សាច់​រឹង​ច្រាញ​គគ្រាតៗ ប្រើការ​ជា​ថ្នាំ​ត្រជាក់ ឬ​ប្រើការ​ដុសខាត់​លោហជាតិ​ជាដើម​
​ដើរ​រើស​អណ្ដាតសមុទ្រ​ដែល​រលក​បោក​ផាត់​មក​ទើរ​លើដី​នារ ។​

​អញ្ចាប​

(​អា​ញ់​-​ចាប​)

​គុណសព្ទ​

​ដែល​រាច​ឬ​ហូរ​រាក់​រហែលៗ ( ចំពោះតែ​ទឹក )
​ទឹកភ្លៀង​រាច​វាលស្រែ​អញ្ចាបៗ​, ទឹក​ហូរ​អញ្ចាបៗ ( ពាក្យ​នេះ​កាលណា​បើ​និយាយ​ផ្ទួន​ថា អញ្ចាបៗ មានន័យ​ស្រដៀង​គ្នា​នឹង​ពាក្យ អញ្ចាចៗ ដែរ ស្ទើរ​ជា​វេវចនៈ​នឹង​គ្នា ) ។​