​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ស្នោ​

នាមសព្ទ​

​ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ សាច់​ស្ពោត​ស្រាលស្ងើក​, ​ដុះ​ក្នុង​ទឹក​មាន​ភក់​ល្បប់​, ​ស្ទើរនឹង​រាប់បញ្ចូល​ក្នុង​ពួក​តិណជាតិ​បាន​, ​ស្លឹក​ល្អិតៗ​ស្រដៀង​នឹង​ស្លឹក​អង្ក្រេមអង្ក្រម​, ​ផ្កា​លឿងខ្ចី ប្រើ​ជា​អន្លក់​ឬ​ជា​របោយ​បាន​, ​ជ្រក់​ក៏បាន​, ​លាយ​នឹង​ម្សៅ​បង់​ស្ករ​ចម្អិន​ជាមួយនឹង​ខ្លាញ់ជ្រូក​ឬ​ប្រេងដូង​ប្រើ​ជា​នំ​ក៏បាន​
​អន្លក់​ផ្កាស្នោ​លាយ​ដើម​ព្រលឹត​ហាន់​, ​ជ្រក់ផ្កាស្នោ​, ​នំ​ផ្កាស្នោ ។​
​ស្រាល​ដូច​ស្នោ ស្រាលស្ងើក ។​

​ស្បៃរឿង​

​នាមសព្ទ​

​ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ស្ទើរ​ជា​តិណជាតិ ផ្កា​ព័ណ៌​លឿង ស្លឹក​ខ្ចី​ប្រើ​ជា​អន្លក់​ឬ​របោយ​បាន ។ មាន​មួយ​ប្រភេទ​ទៀត​ហៅ ស្បៃរឿងទេស ផ្កា​ព័ណ៌​ក្រហម​ភាវ ស្លឹក​ខ្ចី​ប្រើការ​ជា​អន្លក់​ឬ​របោយ​បានដែរ ។​

​ស្រគាំ​

គុណសព្ទ​

​ប្រឿង​, ​ស្រទន់​, ​ដែល​ខ្ចី​ស្ទើរ​មិន​ច្បាស់​ព័ណ៌​
​សម្បុរ​ក្រហម​ស្រគាំ​, ​លឿង​ស្រគាំ ។​

​ស្រមើល​

(—​ម៉ើ​ល​)

នាមសព្ទ​

​សុខុមសត្ត​ល្អិត​ក្រៃពេក ស្ទើរ​មើល​ពុំ​ឃើញ​ច្រើន​កើត​នៅ​ទី​ឬ​នៅ​វត្ថុ​សោគ្រោក មាន​សំបុក​សត្វ​, ​សំបក​ស៊ុត​សត្វ​ជាដើម​
​ស្រមើល​រោម​រសឹបរសាវ​ដេក​មិន​លក់ ។​

​ស្រែមួរ​

​នាមសព្ទ​

​ស្រែ​ដែល​ដុះ​ស្រូវ​មួរ ( ម​. ព​. ​មួរ ផង ) ។ ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដើម​រឹង ( ស្ទើរ​ជា​រុក្ខជាតិ ) សម្បុរ​ក្រហម ស្លឹក​ល្អិតៗ ប្រើ​ជា​ថ្នាំ​រម្ងាប់រោគ ។​