ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិ​ចច្រើនៗ​គួរ​យល់ដឹងអំពី«​សម្ពាធ​ខាង​សីលធម៌​»​ក្នុង​ការជួយ​ផ្តល់​មូលនិធិ​ដល់​បណ្តា​ប្រទេស​ដែល​ត្រូវ​បំផ្លាញ​ដោយ​អាកាសធាតុ​អាក្រក់ៗ ដូច​ករណី​​ប្រទេស​ប៉ា​គី​ស្ថាន កន្លែង​ដែល​មនុស្ស​ជាង​៣០​លាន​នាក់​ឬ​ប្រទេស​មួយ​ភាគ​បី​រងគ្រោះ​ដោយ​ទឹកជំនន់​ដ៏​អន្តរាយ នេះ​បើ​តាម​ការលើកឡើង​របស់​អ្នកការទូ​តនិ​ង​អ្នកសង្កេតការណ៍​។​

​ការ​ធ្លាក់ភ្លៀង​ដូច​ហែក​មេឃ​បាន​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់ បណ្តាល​អោយ​ផ្ទៃ​ប្រទេស​មួយ​ភាគ​បី​លិចលង់​និង​ជម្លៀស​មនុស្ស​រាប់​សែន​នាក់ បន្ទាប់​ពី​ប្រទេស​ជួប​អាកាសធាតុ​ក្តៅអូសបន្លាយ​ពេល​​ដែល​ទាំងនេះ​សុទ្ធតែ​ជំរុញ​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​នៅពេល​វា​ហាក់​លឿន​ពេក​ក្នុង​ការបញ្ចូល​ការឡើង​កំដៅ​ផែនដី​ចំពោះ​មហន្តរាយ​ទឹកជំនន់​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​និយាយថា​ការ​ធ្លាក់ភ្លៀង​ដ៏​អា​ក្រ​ក់​នេះ​កើតឡើង​ចំពេល​មាន​ការរំពឹង​ទុក​ជា​ទូទៅ​ថា​​ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើអោយ​រដូវវស្សា​នៅ​អាស៊ីខាងត្បូងកាន់តែ​ជោគជាំ​ឡើង​។​

​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ហៅ​វា​ថា​ជា​«​មហន្តរាយ​អាកាសធាតុ​»​មួយ​។​

​ចំណែក​លោក ណា​ប៊ីល មូ​នៀ​(Nabeel Munir) ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ក្រុង​សេ​អ៊ូ​ល​និង​ជា​ប្រធាន​ប្លុក​ចរចា​ធំ​បំផុត​របស់​ប្រជាជាតិ​កំពុងអភិវឌ្ឍន៍​នៅ​ឯ​ការចរចា​អំពី​ការប្រែប្រួល​អាកាស​​ធាតុ​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា​«​នេះ​មិនមែន​ជា​ឧបទ្ទវហេតុ​ចម្លែក​មួយ​ទេ ។​វិទ្យាសាស្ត្រ​បង្ហាញ​អំពី​ភាព​ញឹកញាប់​និង​ខ្លាំងក្លា​ទៅ​នៃ​គ្រោះ​មហន្តរាយ​ទាំងនេះ ហើយ​ត្រូវតែ​ត្រៀម​ខ្លួន​សំ​​រាប់​វា​»​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ផលប៉ះពាល់​លើ​មនុស្ស​និង​សេដ្ឋកិច្ច​បង្ក​ការ​រន្ធត់​រួច​ជា​ស្រេច​ហើយ​«​នេះ​ជា​គ្រោះមហន្តរាយ​ដែល​កំពុង​កើតមាន ភ្លៀង​ក៏​នៅ​កំពុង​ធ្លាក់​»​។​

​ពួក​អ្នកសង្កេតការណ៍​បាន​និយាយថា ប្រទេស​ជាច្រើន តួ​យ៉ាង​ដូច​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ចូលរួម​ការបង្កើន​កំដៅ​ផែនដី​តិច​បំផុត តែ​រងគ្រោះ​អាក្រក់​បំផុត​ទៅវិញ​។​

​សម្ពាធ​ឥឡូវ​កើនឡើង​សំរាប់​ការចរចា​របស់អង្គការ​សហប្រជាជាតិ​នៅ​ខែ​វិច្ឆិកា​ដើម្បី​ធានា​បាន​មូលនិធិ​ដោះស្រាយ​ការ​«​ខូចខាត​និង​បាត់បង់​»​សំរាប់​ប្រទេស​រងគ្រោះ​ដោយ​ផល​ប៉ះពាល់​ពី​អាកាសធាតុ​អាក្រក់​​ខ្លាំងៗ​។​

​លោកមូ​នៀ បាន​និយាយថា ប្រទេស​អ្នកមាន​ដែល​បាន​ចូលរួម​ចំណែក​ច្រើន​ដល់​ការប្រែប្រួល​អាកា​ធាតុ ដោយសារ​ការដុត​ឥន្ធនៈផូស៊ីល​គួរ​ទទួល​ស្គាល់​តួនាទី​របស់​គេ​និង​ផ្តល់​មូលនិធិ​ច្រើនៗ​ឡើង​ដើម្បី​​ជួយ​ប្រទេស​ងាយ​រងគ្រោះ ។​ដំណើរការ​របស់​អង្គការសហប្រជាជាតិ​កន្លងមក​មិន​បង្កើត​បាន​«​សូម្បីតែ​មួយ​កាក់​មួយ​សេន​»​សំរាប់​ការខូចខាត​និង​ការបាត់បង់​អាយុជីវិតទេ​។​«​យើង​នឹង​បន្ត​ដាក់​សម្ពាធ​សីល​​ធម៌ តែ​ខ្ញុំ​គិតថា សម្ពាធ​នយោបាយ​និង​សីលធម៌​ច្រើន​ចេញ​ពី​ខាង​ក្នុង​ប្រទេស​ទាំងនោះ​»​។​

តាមពិត​ប៉ា​គី​ស្ថាន​បាន​ចូលរួម​ក្រោយ​០,៥​ភាគរយ​នៃ​ការបញ្ចេញចោល​ឧស្ម័ន​បង្ក​កំដៅ​ផែនដី​ចូលក្នុង​បរិយាកាស​ចាប់តាំងពី​បដិវត្តន៍​ឧស្សាហកម្ម នេះ​បើ​តាម​លោកស្រី គ្រីស្ទី​ណា ដាល់​( Kristina Dahl)​អ្នក​​វិទ្យាសាស្ត្រ​លេចធ្លោ​ម្នាក់​នៅ​អង្គការ​សហភាព​អ្នកវិទ្យាសាស្ត្រ​។​អាម៉េរិក​ទទួល​ចំណែក​២៥​ភាគរយ​។​

​លោកស្រី​បាន​បន្តថា «​ការយល់ដឹង​កម្លាំង​នៅ​ពីក្រោយ​គ្រោះមហន្តរាយ​ដូចជា​ជំនន់​បច្ចុប្បន្ន​នៅ​ប៉ា​គី​ស្ថានជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​កាន់​ការចាប់​អោយ​ប្រទេស​អភិវឌ្ឍន៍​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រែ​​ប្រួល​ដែល​ពួកគេ​បាន​បង្កើតឡើត​»​។​

​សូម​រំលឹក​ថា កាលពី​ខែ​មីនា រលក​កំដៅ​មួយ​បាន​ចាប់ផ្តើម​វាយប្រហារ​ផ្នែក​ជាច្រើន​នៃ​អាស៊ី​ខាងត្បូង ដោយ​ប៉ា​គី​ស្ថាន​កត់ត្រា​ឃើញ​សីតុណ្ហភាព​ខ្ពស់បំផុត​។​ពួក​អ្នកវិទ្យាសាស្ត្រ​មក​ពី​ក្រុមអាកាសធាតុ​ពិ​​ភព​លោក​មួ​យ​បាន​ប៉ាន់ស្មាន​ថា ការប្រែប្រួល​អាកាសធាតុ​បានធ្វើអោយ​រលក​កំដៅ​កើតមាន​ញឹកញាប់​ជា​មុន​ដល់​ទៅ​៣០​ដង​។​

​តំបន់​ផលិត​ធញ្ញជាតិ​នៅ​ឥណ្ឌា​ភាគ​និរ​តី​និង​ប៉ាគី​ស្ថាន​ខាងត្បូង រង​ផលប៉ះពាល់​ជាង​គេ​។​ដំណាំ​រួញ​ស្វិត នៅពេល​ពពែចៀ​ម​ដួល​ងាប់​ដោយសារ​កំដៅ​។​

​ជំនន់​នៅ​ប៉ា​គី​ស្ថាន​បាន​បំផ្លាញ​ផ្ទះ​ប្រមាណ​១​លាន​ខ្នង ផ្តាច់​ស្ពាន​ជិត​២០០ បំផ្លាញ​ផ្លូវថ្នល់​ជាង​៣.៥០០​គីឡូម៉ែត្រ​និង​ប៉ះពាល់​មនុស្ស​ជាង​៣៣​លាន​នាក់​។​សត្វពាហនៈ​ប្រមាណ​៨០០.០០០​ក្បាល​បាន​ងាប់​​និង​ដំណាំ​កសិកម្ម​ជិត​១​លាន​ហិច​តា​ក៏ត្រូវ​បំផ្លាញ​។​រដ្ឋាភិបាល​បាន់​ប៉ាន់ស្មាន​ថា ជំនន់​នេះ​បំផ្លាញ​សេដ្ឋកិច្ច​អស់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​។​

​កំដៅ​ក៏បង្ក​មហន្តរាយ​ដល់​ប្រទេស​មួយ​ដែល​មាន​ផ្ទាំង​ទឹកកក​ជាង​៧.០០០ ជា​ទឹក​កកធំ​ជាង​តំបន់​ណា​ទាំងអស់​ក្រៅពី​ប៉ូល​។​ការ​រលាក​ផ្ទាំង​ទឹកកក​បង្ក​ជា​បឹង​និង​ទឹកជំនន់​ដុំ​ទឹកកក​៕