ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់និង១៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ដេញចាក់មិនរើសមុខនៅក្នុងខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) ភាគកណ្តាលប្រទេសកាណាដា។

ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងទីតាំងចំនួន ១៣ រួមទាំងនៅតំបន់រដ្ឋបាលខេត្តឈ្មោះ ជែមស្មីតគ្រីណេសិន (James Smith Cree Nation) និងភូមិវែលដុន (Weldon)។

ជនសង្ស័យពីរនាក់ ដែលប៉ូលិសកំណត់អត្តសញ្ញាណគឺ ឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ ៣១ ឆ្នាំនិង ម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) អាយុ ៣០ ឆ្នាំកំពុងរត់គេចខ្លួន ហើយត្រូវបានចាត់ទុកថាមានអាវុធនិងមានគ្រោះថ្នាក់។

ប្រជាពលរដ្ឋ​ត្រូវ​បាន​ប្រាប់​ឱ្យ​ជ្រកកោន​នៅ​កន្លែងសុវត្ថិភាព ​ក្រោម​ការ​ប្រកាស​អាសន្ន​អំពីជនគ្រោះថ្នាក់។

ដោយជំរុញឱ្យអ្នកស្រុកកុំដឹកមនុស្សសុំដោយសារតាមដងផ្លូវ ប៉ូលិសខេត្តសាស្កាឆេវ៉ាន់បាននិយាយថា “កុំចាកចេញពីទីតាំងដែលមានសុវត្ថិភាព។ សូមមានការប្រុងប្រយ័ត្នមុននឹងអនុញ្ញាតឱ្យអ្នកដទៃចូលទៅក្នុងលំនៅដ្ឋានរបស់អ្នក”។

ប៉ូលិសបាននិយាយថា “ជនសង្ស័យអាចជិះក្នុងរថយន្ត Nissan Rogue ពណ៌ខ្មៅ” ដោយព្រមានគ្រប់គ្នាដែលឃើញបុរសទាំងពីរឬរថយន្តនេះឱ្យនៅឆ្ងាយ ហើយតេហៅប៉ូលិស។

នៅឯសន្និសីទសារព័ត៌មាននៅយប់ថ្ងៃអាទិត្យទី៤កញ្ញា មេបញ្ជាការប៉ូលិសរបស់ខេត្តសាស្កាឆេវ៉ាន់ លោកស្រី រ៉ុនដា ប៊្លែកម័រ (Rhonda Blackmore) បានព្រមានថា អាចមានអ្នករងរបួសបន្ថែមទៀត ដែលទៅមន្ទីរពេទ្យដោយខ្លួនឯង។

លោកស្រី​បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​ប្រហែលក្លាយជាគោលដៅវាយប្រហាររបស់បុរស​ពីរ​នាក់​នោះ​ ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន “វាយប្រហារ​ដោយ​ចៃដន្យ”។

លោកស្រីប៊្លែកម័របានលាតត្រដាងថា របាយការណ៍ដំបូងអំពីការចាក់សម្លាប់ត្រូវបានទទួលដោយសេវាសង្គ្រោះបន្ទាន់នៅម៉ោង ០៥៖៤០ ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យក្នុងទីរួមខេត្ត គឺក្រុងរីហ្គីណា (Regina) ។ ក្រោយមកក៏មាន​ការ​ហៅ​ទូរស័ព្ទចូល​បន្ថែម​ទៀតយ៉ាងលឿន។

ការ​ប្រកាស​អាសន្ន​ក្នុង​ស្រុកបឋម​ឥឡូវ​ត្រូវ​បាន​ពង្រីក​ដើម្បី​គ្រប​ដណ្តប់​លើ​ខេត្ត​ទាំង​មូល ហើយរដ្ឋបាលខេត្តជែមស្មីតគ្រីណេសិនបាន​ដាក់ចេញស្ថានភាព​អាសន្ន។

លោកស្រីប៊្លែកម័របានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ទីតាំងនិងទិសដៅនៃការធ្វើដំណើររបស់ពួកគេគឺមិនដឹងនោះទេ។ នេះជាមូលហេតុដែលយើងត្រូវការឱ្យអ្នកគ្រប់គ្នានៅក្នុងខេត្តរក្សាការប្រុងប្រយ័ត្ន”។

“​ប្រសិន​បើ​អ្នក​ឃើញ​ជន​សង្ស័យឬ​រថយន្ត​របស់​ពួក​គេ​ កុំ​ចូល​ទៅ​ជិត​ពួក​គេឱ្យសោះ ត្រូវ​ចាក​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់ ហើយ​ទូរស័ព្ទ​ទៅ​លេខ ៩១១”៕

មេប៉ូលិសខេត្តសាស្កាឆេវ៉ាន់ លោកស្រី រ៉ុនដា ប៊្លែកម័រ បង្ហាញមុខជនសង្ស័យកាលពីថ្ងៃអាទិត្យ