ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ នាយករដ្ឋមន្ត្រីឥណ្ឌាបានពណ៌នាការស្លាប់របស់មហាសេដ្ឋីអតីតប្រធានក្រុមហ៊ុន Tata ដែលជាក្រុមហ៊ុនធំជាងគេរបស់ប្រទេសនេះថាជា “ការបាត់បង់ដ៏ធំធេង” សម្រាប់ពិភពជំនួញ។

លោក សាយរឺស មីស្ទ្រី (Cyrus Mistry) បានទទួលមរណភាពកាលពីថ្ងៃអាទិត្យទី៤កញ្ញា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុងមុំបៃ។

លោក សាយរឺស មីស្ទ្រី ស្លាប់កាលពីថ្ងៃអាទិត្យទី៤កញ្ញា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុងមុំបៃ

ប៉ូលិស​នៅ​រដ្ឋម៉ាហារ៉ាស្ត្រា (Maharastra) ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់ និង ​អ្នក​ដំណើរ​ពីរ​នាក់​ទៀត​បាន​រង​របួស។

លោកមីស្ទ្រី អាយុ ៥៤ ឆ្នាំ ត្រូវបានបណ្តេញចេញពីតំណែងប្រធានក្រុមហ៊ុន Tata ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីរងការរិះគន់អំពីការអនុវត្តការងាររបស់គាត់។

គាត់ត្រូវបានជំនួសដោយលោក រ៉ាតាន តាតា (Ratan Tata) ជាបុរសដែលលោកមីស្ទ្រីបានជំនួសតំណែងកាលពីបួនឆ្នាំមុននោះ។

រដ្ឋប្រហារក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុនត្រូវបានហ៊ុមព័ទ្ធដោយអាថ៌កំបាំង ហើយបានបង្កឱ្យមានការតស៊ូផ្លូវច្បាប់យ៉ាងយូរ ដែលនៅទីបំផុតតុលាការកំពូលរបស់ឥណ្ឌាបានកាត់ក្តីឱ្យលោកតាតាឈ្នះ។

ក្រុមហ៊ុននេះធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ដោយផ្តល់ជូននូវផលិតផលនានារួមទាំងអំបិល ដែក និងសូហ្វវែ ហើយមានប្រាក់ចំណូលចំនួន ១៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន។

ប៉ូលិសបាននិយាយថា លោកមីស្ទ្រីនិងដៃគូរបស់គាត់កំពុងធ្វើដំណើរក្នុងរថយន្ត Mercedes ឆ្លងកាត់ស្រុកផាល់ហ្គា (Palghar) នៃរដ្ឋម៉ាហារ៉ាស្ត្រា នៅពេលដែលគ្រោះថ្នាក់បានកើតឡើងនៅរសៀលថ្ងៃអាទិត្យ។

​រថយន្ត​ខាងលើ​បាន​បុក​របាំង​ថ្ម​ពុះ​ចែកទ្រូងផ្លូវ ខណៈ​កំពុង​ឆ្លង​ស្ពានមួយ ហើយ​លោកមីស្ទ្រីបាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

យ៉ាង​ហោច​ណាស់​មនុស្សពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

នៅក្នុង Tweet មួយលោកម៉ូឌីបានហៅលោកមីស្ទ្រីថាជា “អ្នកដឹកនាំអាជីវកម្មដ៏ជោគជ័យ ដែលជឿជាក់លើភាពរីកចម្រើនខាងសេដ្ឋកិច្ចរបស់ឥណ្ឌា”៕