ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ លោក​ណ​យ​ផា​ណា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ឲ្យ​ដឹង​តាមរយៈ​សារ​អេឡិចត្រូនិក​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដណ្តើមបាន​មេដាយ​សរុប បី​គ្រឿង​ហើយ ពី​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ី​លើក​ទី​៧ (Asian Aerobic championships) នៅ​ប្រទេស​ថៃ​។​

សម្រាប់​មេដាយ​ដែល​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​ក្នុងនោះ​មេដាយប្រាក់​ដំបូង​រកបាន​លើ​វិញ្ញ​សាគូរ​ដែលមាន កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី ចាប់ដៃ​គូរ​ជាមួយ កីឡាការិនី ឈួន ស្រីនាត ចំណែក​មេដាយ​សំរឹទ្ធ រកបាន​លើ​វិញ្ញាសា ទ្រី​យ៉ូ​ដែលមាន កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី , កីឡាការិនី ឈួន ស្រីនាត និង​កីឡាការិនី ច្រឹង ចាន់​ត្រា ដែល​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​១៥ ឆ្នាំ​។ ចំពោះ​មេដាយប្រាក់​មួយគ្រឿង​បន្ថែមទៀត​ដណ្តើមបាន​ដោយ​ក្រុម​កីឡាការិនី​អាយុ​ក្រោម ១៨ ឆ្នាំ មានដូចជា កីឡាការិនី ឌឹ​ម អ៊​ន​ធីតា , កីឡាការិនី ណេ​ម សុខ​ហេង , កីឡាការិនី ស៊ីវ ចន្ថា , កីឡាការិនី សួស ស្រី​ពៅ , កីឡាការិនី ឈួន សុវណ្ណ​បញ្ញា ។​

​លោក ណ​យ ផា​ណា ក៏​ធ្លាប់​បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថាបើ​ទោះបីជា​ព្រឹត្តិការណ៍​ប្រកួត​លើក​នេះ​មាន​កីឡាករ​-​កីឡាការិនី ដែល​មកពី​ប្រទេស​ខ្លាំងៗ​ចូលរួម​ច្រើន ដូចជា ប្រទេស​ជប៉ុន ប្រទេស​អ៊ីរ៉ង់ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និង​ប្រទេស​វៀតណាម​យ៉ាងណាក្តី ប៉ុន្តែ​រូបលោក​នៅតែមាន​សង្ឃឹម​ជានិច្ច​ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ​មិន​ថា​មេដាយ​កម្រិត​ណាក៏ដោយ​ក្នុងចំណោម​មេដាយ (​មាស ប្រាក់ និង​សំរិទ្ធ​) ។

ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ី​លើក​ទី​៧ ឆ្នាំ​២០២២ (Asian Aerobic championships) នៅ​ប្រទេស​ថៃ​នេះ​មាន​ចំនួន​១៣​វិញ្ញាសា​ដាក់អោយ​ប្រកួត​ដោយមាន​ក្រុម​កីឡាករ​-​កីឡាការិនី​មកពី​បណ្តា​ប្រទេស​នានា​ដែលមាន​ចំនួន​សរុប ២៩៥​នាក់​ចូលរួម​ប្រកួត ដែល​បាន​ចាប់ដំណើរការ​ប្រកួត​តាំង​ពីថ្ងៃ​ទី​៣១ ខែសីហា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ។​

​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​១៨ នាក់ រួមមាន​ចៅក្រម​អន្តរជាតិ ២ នាក់​គ្រូបង្វឹក និង​គ្រូ​ជំនួយ​៣​នាក់ ព្រមទាំង​កីឡាករ​-​កីឡាការិនី​១៣​នាក់​ក្នុងនោះ​កីឡាការិនី​៨​នាក់ ៕​