ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួនប្រាំមួយនាក់បានស្លាប់នៅលើភ្នំភ្លើងសកម្មខ្ពស់បំផុតរបស់តំបន់អឺរ៉ាស៊ី (Eurasia) ដែលមានទីតាំងនៅចុងបូព៌ានៃប្រទេសរុស្ស៊ី។

គេជឿថា អ្នកឡើងភ្នំប្រាំមួយនាក់ផ្សេងទៀតកំពុងជាប់គាំងនៅលើភ្នំភ្លើង គ្លីយូឆេវស្កាយ៉ា សូបកា (Klyuchevskaya Sopka) កម្ពស់ ៤.៨៤១ ម៉ែត្រក្នុងតំបន់កាំចាត់កា (Kamchatka) នៃប្រទេសរុស្ស៊ី ដោយសារអាកាសធាតុអាក្រក់។

អ្នកស្លាប់បួននាក់ក្នុងចំណោមនោះត្រូវគេរាយការណ៍ថាបានស្លាប់ភ្លាមៗបន្ទាប់ពីធ្លាក់នៅកម្ពស់ ៣.៩៦២ ម៉ែត្រ ហើយពីរនាក់ទៀតបានស្លាប់ភ្លាមៗបន្ទាប់ពីនោះ។

របាយការណ៍បានដកស្រង់ប្រភពការិយាល័យរដ្ឋអាជ្ញានៃតំបន់កាំចាត់កា ថា អ្នកឡើងភ្នំបានព្យាយាមឡើងទៅលើកំពូលភ្នំភ្លើង នៅពេលដែលគ្រោះថ្នាក់បានកើតឡើងមុនពេលឡើងដល់កំពូលភ្នំ។

អ្នកឡើងភ្នំពីរនាក់ក្នុងក្រុមមនុស្ស១២នាក់ត្រូវគេជឿថាកំពុងជ្រកក្នុងជំរំមួយនៅកម្ពស់ ៣.២៩២ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខណៈបួននាក់ទៀតស្នាក់នៅក្នុងតង់ដែលមានកម្ពស់ពីនីវ៉ូសមុទ្រ ៣.៩៦២ ម៉ែត្រ។

ក្រុមអ្នកឡើងភ្នំ ដែលរួមមានមគ្គុទ្ទេសក៍ពីរនាក់ បានចាប់ផ្តើមឡើងភ្នំកាលពីថ្ងៃអង្គារសប្តាហ៍មុន។ មនុស្ស​ប្រាំមួយនាក់ ​ដែល​បាន​ស្លាប់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​កាលពី​ថ្ងៃសៅរ៍ទី៣កញ្ញា​។

មគ្គុទ្ទេសក៍ម្នាក់ក្នុងចំណោមនោះត្រូវគេគិតថាបានបាក់ជើង ប៉ុន្តែស្ថានភាពរបស់អ្នកឡើងភ្នំផ្សេងទៀតគឺមិនដឹងទេ។ សេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកឡើងភ្នំទាំងអស់គឺជាជនជាតិរុស្ស៊ី។

ភ្នំភ្លើងគ្លីយូឆេវស្កាយ៉ាសូបកាបានកកើតឡើងប្រហែល ៦.០០០ ឆ្នាំមុន ហើយការផ្ទុះដំបូងបង្អស់របស់វាត្រូវបានកត់ត្រាក្នុងឆ្នាំ ១៦៩៧។

វាត្រូវបានចាត់ទុកជាភ្នំភ្លើងគ្រោះថ្នាក់បំផុតរបស់រុស្ស៊ី ហើយកាលពីខែមីនាឆ្នាំ២០២០ វាបានព្រួសផេះឡើងលើមេឃកម្ពស់ ៦.០៩០ ម៉ែត្រ។

វាមានការផ្ទុះជាង ១០០ ដងក្នុងរយៈពេល ៣០០ ឆ្នាំកន្លងមកនេះ នេះបើយោងតាមកម្មវិធីតាមដានភ្នំភ្លើងសកល៕

ភ្នំភ្លើងគ្លីយូឆេវស្កាយ៉ាសូបកាបានកកើតឡើងប្រហែល ៦.០០០ ឆ្នាំមុន ហើយការផ្ទុះដំបូងបង្អស់របស់វាត្រូវបានកត់ត្រាក្នុងឆ្នាំ ១៦៩៧