ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ កូរ៉េខាងត្បូងបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុនិងបានបង្កើនកម្រិតប្រកាសអាសន្នអំពីព្យុះទីហ្វុងរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី ៥ ខែកញ្ញា ខណៈព្យុះទីហ្វុងហ៊ីនណាមន័រ (Hinnamnor) បានខិតជិតមកដល់ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បោកបក់ខ្លាំងនៅផ្នែកភាគខាងត្បូងនៃប្រទេស។

ព្យុះទីហ្វុង ដែលធ្វើដំណើរទៅទិសខាងជើងក្នុងល្បឿន ១៩​ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវគេរំពឹងថានឹងបោកបក់ដល់ដីគោកនៅចម្ងាយ ៩០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាន (Busan) នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីមកដល់ដែនទឹកនៃកោះជេជូ (Jeju) ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ។

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បាននិយាយថា “ខ្យល់បក់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងត្រូវគេរំពឹងកើតមាននៅទូទាំងប្រទេសរហូតដល់ថ្ងៃអង្គារ ដោយសារព្យុះទីហ្វុង ខណៈនឹងមានរលកខ្ពស់ៗនៅតាមផ្លូវទឹកនិងផ្លូវមាត់ឆ្នេរសមុទ្រ រួមជាមួយនឹងព្យុះនិងរលកយក្សស៊ូណាមី”។

ការព្រមានត្រូវបានចេញនៅទូទាំងទីក្រុងភាគខាងត្បូង រួមមានទីក្រុងក្វាងជូ (Gwangju) ទីក្រុងប៊ូសាន ទីក្រុងតេគូ (Daegu) និងទីក្រុងអ៊ុលសាន (Ulsan) បន្ទាប់ពីចេញការព្រមាននៅកោះជេជូភាគខាងត្បូង ខណៈទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយនិងសុវត្ថិភាពកាលពីថ្ងៃអាទិត្យបានដំឡើងស្ថានភាពឆ្លើយតបគ្រាអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំសម្រាប់ព្យុះទីហ្វុង។

ទីក្រុងកំពង់ផែប៊ូសាននិងតំបន់ជិតខាងបានទទួលភ្លៀងពេញមួយចុងសប្តាហ៍នេះ ដោយមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃចន្ទ និងថ្ងៃអង្គារ៕

ព្យុះទីហ្វុងហ៊ីនណាមន័ររំពឹងមកដល់ដីគោកនៅប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ