ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនស៍ ស្មីហាល់ (Denys Shmygal) កាលពីថ្ងៃអាទិត្យ ទី៤ កញ្ញា បានសម្តែងក្តីសង្ឃឹមថា អាល្លឺម៉ង់នឹងក្លាយជាតួអង្គនាំមុខគេក្នុងការជួយរដ្ឋាភិបាលក្រុងគៀវក្នុងការកសាងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ខណៈលោកស្វែងរកអាវុធធុនធ្ងន់បន្ថែមទៀតសម្រាប់ទីក្រុងគៀវពីទីក្រុងបែរឡាំង។

លោកស្មីហាល់គឺជាមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលជាច្រើនខែមកនេះ ដែលជាសញ្ញានៃការថយចុះភាពតានតឹងរវាងទីក្រុងគៀវនិងទីក្រុងបែរឡាំង បន្ទាប់ពីទំនាក់ទំនងដ៏ជូរចត់។

ការឆ្លើយតបដ៏រអាក់រអួលដំបូងរបស់អាល្លឺម៉ង់លើការផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានការថ្នាំងថ្នាក់ចិត្ត។

ប៉ុន្តែលោកស្មីហាល់បានទទួលស្គាល់ក្នុងអំឡុងទស្សនកិច្ចរបស់គាត់ថា ចាប់តាំងពីពេលនោះមក ប្រទេសអាល្លឺម៉ង់បានបង្កើនជំនួយយោធារបស់ខ្លួនយ៉ាងខ្លាំង ជាមួយនឹងអាវុធធុនធ្ងន់ដូចជាកាំភ្លើងធំ Howitzer 2000 ឬគ្រាប់រ៉ុក្កែត MARS ដែល “ដំណើរការយ៉ាងល្អនៅលើសមរភូមិ”។

លោកបាននិយាយថា ប្រព័ន្ធការពារដែនអាកាស Iris-T ត្រូវគេរំពឹងថានឹងត្រូវបានចែកចាយនៅរដូវស្លឹកឈើជ្រុះ។ លោកបានបន្ថែមថាអ៊ុយក្រែន “សង្ឃឹមថាអាល្លឺម៉ង់នឹងក្លាយជាអ្នកឈានមុខគេមួយនៅក្នុងដំណើរការនៃការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន”។

នៅក្នុងសុន្ទរកថាមួយស្តីពីចក្ខុវិស័យរបស់គាត់សម្រាប់អឺរ៉ុបកាលពីថ្ងៃចន្ទ អធិការបតី លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយថា គាត់បានឃើញអាល្លឺម៉ង់ទទួលយក “ការទទួលខុសត្រូវពិសេស” ដើម្បីជួយអ៊ុយក្រែនបង្កើតប្រព័ន្ធកាំភ្លើងធំនិងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន៕

នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក ដេនស៍ ស្មីហាល់ (ស្តាំ) ជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (ឆ្វេង) ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់