ដោយៈ មុនី​រ័ត្ន​/ ភ្នំពេញៈ លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បានប្រកាស និង​ប្រគល់​សេចក្តី​ស​ម្រេ បញ្ចូល​សមាជិកសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ចំនួន​ជាង ៨០០ នាក់​បន្ថែមទៀត កាលពី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ ។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​មានប្រសាសន៍ថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ (TYDA) គិត​ត្រឹម​ឆ្នាំ​២០២២​នេះ មាន​អាយុ ១០​ឆ្នាំ​ហើយ និង​បានធ្វើ​សកម្មភាព មនុស្សធម៌​ទូទាំងប្រទេស ដែល​ទទួលបាន​លទ្ធផល​ជាក់ស្ដែង គឺ​ព្យាបាល​ប្រជាពលរដ្ឋ បាន​ចំនួន​ជិត ៣៥ ម៉ឺន​នាក់ ក្នុងនោះ អ្នកជំងឺ​ធ្ងន់ធ្ងរ​ជាង ៦ ពាន់​នាក់ ត្រូវបាន​បញ្ជូនមក ព្យាបាល​បន្ត នៅ​រាជធានី​ភ្នំពេញ និង​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ ចំនួន ៥៨ នាក់ ត្រូវបាន​វះកាត់ ដោយ​ជោគជ័យ ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។

លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA)

​លោកស្រី ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​មោទនភាព​ដែល​សមាគម​គ្រូពេទ្យ សមាជិក​យុវជន​សម្ដេច​តេ​ជោ បាន​វិវត្តន៍​ខ្លួន មកដល់ពេលនេះ ហើយ​បាន​ចូលរួម​សកម្មភាព មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់នូវ​ជីវិត​ទី​ពីរ និង​ស្នាមញញឹម និង​ការចូលរួម ការលះបង់ កម្លាំងកាយ​ចិត្ត​ពេលវេលា ប្រកបដោយ​កាយវិកា​មនុស្សធម៌ និង​គុណធម៌​របស់ សមាជិក ចំពោះ​ប្រជាពលរដ្ឋ​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​បន្ថែមថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) គឺជា​យន្ត​ការបើក​ច្រក និង​ផ្ដល់ឱកាស​ឱ្យ​សមាជិក សមាជិកា ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ នៅ​ទូទាំងប្រទេស ក្រោម​ការសហការ​ជាមួយ​ដៃគូ សហការ​ផ្សេងៗ នឹងមាន​ឱកាស​បង្កើត​ទំនាក់ទំនង​ល្អ ចំពោះ​គ្នា​ទៅវិញទៅមក​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា​សមាគម ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ប្រើប្រាស់​ចំណេះដឹង​ជំនាញ និង​បទពិសោធន៍ ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស និង​សូម​ថ្លែងអំណរគុណ​សប្បុរសជន ដែល​បាននិងកំពុង​ឧបត្ថម្ភ​សម្ភារៈ បរិក្ខា ក្នុង​ការផ្ដល់​លទ្ធភាព និង​ទ្រទ្រង់​សមាគម​ឱ្យ​សមាគម មានលទ្ធភាព​បន្ត​បេសកកម្ម មនុស្សធម៌​បន្ថែមទៀត និង​សូម​ថ្លែងអំណរគុណ​ដៃគូ​សហការ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ តាមរយៈ​ការចូលរួម​ដោយផ្ទាល់​ក្នុង​បេសកកម្ម​ក៏ដូចជា​ជួយ​សម្របសម្រួល​យកចិត្ត​ទុកដាក់​រាល់​សកម្មភាពរ​បស់​សមាគម​។

​គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​៦​ហើយ ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បានប្រកាស​បញ្ចូល​សមា​ជិ​ក ដែល​ធ្វើ​ឲ្យ​ចំណូល​សមាជិកសមាគម មកដល់ពេលនេះ មាន​ចំនួន​ជាង ៨ ពាន់​នាក់​៕V​ / N