​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានដាក់​គោលដៅ ជ្រើស​រើសយក​ប្រទេស​កា​ហ្សា​ក់​ស្ថាន ឬ​អ៊ូ​បេ​គី​ស្ថាន ជា​កន្លែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប្រទេស​ទាំងពីរ​នេះ មាន​ជំនាញ​ប្រដាល់សកល កម្រិត​ពិភពលោក ដើម្បី​ពង្រឹង សមត្ថភាព ត្រៀម​ប្រជែង​មេដាយ ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថាៈ គ្រូបង្វឹក​ថ្មី ដែល​ទទួលបាន​ការជួយ​គាំទ្រ ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ (CAMSOC) យកមក​បង្ហាត់​ដល់​អ​ត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា សព្វថ្ងៃ មាន​សមត្ថភាព និង​បច្ចេកទេស​ល្អ ក្នុងការ​បង្ហាត់​។​

​លោក Kassymhanov Berikbol Amantayevich ដែលជា​គ្រូបង្វឹក​ថ្មី​នោះ ក៏បាន​រៀបចំ ការស្នើសុំ​ទៅកាន់ CAMSOC ក្នុងការ​បញ្ជូន​អត្ត​ព​លិ​ប្រដាល់សកល ទៅ​ហាត់​នៅ​ប្រទេស កា​ហ្សា​ក់​ស្ថាន ឬ អ៊ូ​បេ​គី​ស្ថាន ដែលជា​ប្រទេស មាន​កម្រិត​ប្រដាល់សកល​លំដាប់ថ្នាក់ ពិភពលោក​។​

​ក្រៅពី​ការហ្វឹកហាត់​បំប៉ន​ក្នុងស្រុក គ្រូបង្វឹក​រូបនេះ ក៏មាន​គម្រោង​បញ្ជូន​កីឡាករ ទៅ​ហាត់ នៅក្រៅ​ប្រទេស​ដែរ ដោយ​គាត់ បានបញ្ជាក់​ថាៈ ការហ្វឹកហាត់​នៅក្រៅ​ប្រទេស មាន​សារសំខាន់​ណាស់ ព្រោះ​ទី​១ គឺ​ដកស្រង់​បច្ចេកទេស ជាមួយ​កីឡាករ​បរទេស ហើយ​ទី​២​នោះ គឺ​ប្រកួត​ដកស្រង់​បច្ចេកទេស ឲ្យ​បាន​ច្រើន ពីព្រោះថា ការហ្វឹកហាត់ គឺ​តម្រូវ​ឲ្យ​មានការ​ប្រកួត​ជាប្រចាំ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគាត់ ក៏ដូចជា វាស់​ស្ទង់​កម្រិត​បច្ចេកទេស របស់​ពួកគាត់​យ៉ាង​ដូច្នេះ​ដែរ​។​

​នៅ​ចុង​ឆ្នាំនេះ គាត់​គ្រោង​ស្នើសុំ​ទៅកាន់ CAMSOC ដោយ​យក​កីឡាករ​យើង ទៅ​ហាត់​នៅ កា​ហ្សា​ក់​ស្ថាន ឬ អ៊ូ​បេ​គី​ស្ថាន ដែល​ប្រទេស​ទាំងពីរ​នោះ បើ​យើង​និយាយ​ពី​ប្រដាល់សកល គឺ​លំដាប់​ពិភពលោក ដែល​សម្បូរ​ដោយ​ធនធាន​កីឡាករ​ល្អ​។ ដូច្នេះ យើង​គ្រោង​នឹង​បញ្ជូន តាមរយៈ​ការស្នើសុំ​ទៅកាន់ CAMSOC ដើម្បី​ទៅ​បោះជំរំ​ហ្វឹកហាត់ ក៏ដូចជា ប្រកួត​ដកស្រង់ បច្ចេកទេស នៅ​ទីនោះ​តែម្ដង​។​

​លោក Kassymhanov Berikbol Amantayevich បាន​បន្ដថាៈ តាម​គម្រោង យើង​គ្រោង​បញ្ជូនទៅ​ចំនួន ២ សប្ដាហ៍​។ យើង​គិតថា នឹង​ចេញទៅ​ហាត់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២២​។ បន្ទាប់ពី​ការហ្វឹកហាត់​នេះ បញ្ចប់​ដល់​ឆ្នាំក្រោយ យើង​នឹង​រៀបចំ​ឲ្យ​ពួកគាត់ បាន​ចេញទៅ ហាត់​ម្ដងទៀត​ដែរ ដើម្បី​ឲ្យ​សមត្ថភាព​ពួកគាត់ កាន់តែ​ល្អប្រសើរ​។​

​កាលពីពេល​ថ្មីៗ​នេះ សហព័ន្ធ​ប្រដាល់សកល​កម្ពុជា ក៏​ធ្លាប់បាន​បញ្ជូន​កីឡាករ​កម្ពុជា ចំនួន ៩ រូប ទៅ​ហាត់​នៅ​ថៃ រយៈពេល ២ សប្ដាហ៍​។ ការហ្វឹកហាត់​នេះ ក៏​ក្នុងទិសដៅ​ពង្រឹង​សមត្ថ​ភាព ដើម្បី​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ​៕V/ N