ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្បួនអ្នកជិះកង់ជាង ៥០០ នាក់ បានចូលរួម និងបង្កើតព្រឹត្តិការណ៍ជិះកង់លើផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្ពព្រះសីហនុ ក្នុងរយៈចម្ងាយជិត២០០ គីឡូម៉ែត្រ ក្នុងស្មារតីយុវជន «អរគុណសន្តិភាព»។
លើចម្ងាយផ្លូវដ៏វែងឆ្ងាយ កាលពីព្រឹកម៉ោង ៤ ព្រឹក ថ្ងៃទី៣ កញ្ញា នេះ ក្បួនកង់ បានចេញដំណើរ ពីរាជធានីភ្នំពេញ ហើយបានទៅដល់ខេត្តព្រះសីហនុ នាពេលរសៀល។
ព្រឹត្តិការណ៍នេះ បង្កើតឡើងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ចំពោះអ្នកស្រឡាញ់កីឡាជិះកង់ ការស្វែងរកមូលនិធិសម្រាប់ជួយសង្គមក៏ដូចជាដើម្បីស្វែងយល់ពីសក្តានុពលនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកជិះកង់ទាំងជាង ៥០០ នាក់ ក៏បានបន្តដំណើរជិះកង់ទៅទស្សនាពីការអភិវឌ្ឍន៍ និងសក្តានុពលនៃការរីកចម្រើននៅក្រុងព្រះសីហនុជាមួយនឹងការទៅឱ្យដល់ផ្ទាល់នៅចំណុច «ខ្មែរធ្វើបាន» ទៀតផង។
នេះជាលើកទី១ហើយ ដែលក្រុមយុវជន រាប់រយនាក់បង្កើតព្រឹត្តិការណ៍ជិះកង់ នៅលើផ្លូវល្បឿនលឿននេះ ខណៈដែលកម្ពុជាក៏កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ៕V / N