ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​
​នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​រំដួល ។

​នៅក្នុង​ពិធី​នេះ លោក ម៉ែន វិបុល បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ជាពិសេស​ក្រោម​ការដឹកនាំ​របស់លោក សុ ខា រ៉ា​ម អតីត​អភិបាលស្រុក​រំដួល នាពេល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការ​សាមគ្គីភាព ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើ​ឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ រួមមាន ការអភិវឌ្ឍ ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។

​លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​នូវ​កិច្ច​ការសំខាន់ៗ​មួយចំនួន ដូចជា ការថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់ ។​
​រដ្ឋបាល​ស្រុក ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ដឹកនាំ​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​កាន់តែ សកម្ម​ថែមទៀត ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ (​ទី​៣ ទី​៤ និង​ទី​៥) ។ រដ្ឋបាល​ស្រុក ត្រូវធ្វើ​ការផ្សព្វផ្សាយ ណែនាំ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ​គ្នា បើតាម​ប្រតិទិន​របស់ គ​.​ជ​.​ប ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ ។​ល​។ និង​។​ល​។

​សូមបញ្ជាក់ថា យោងតាម​អនុក្រឹត្យ​លេខ​៦៤២ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ត្រូវបានតែងតាំង​មុខតំណែង​លោក ហែម ស៉ី​ណា ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​រំដួល ជំនួស​លោក សុខា រ៉ា​ម ដែល​ត្រូវ​ផ្ទេ​ភារកិច្ច​ទៅជា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​៕/V​.mara