ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការបើក​ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករនិយោជិត នៃ​ក្រុមហ៊ុន YAO TAI SHOES CO., LTD ចាប់ពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ តទៅ​។

​យោងតាម​សេចក្តី​ជូន​ជំ​ណឹ​ង​នេះ បានបញ្ជាក់​ថាៈ ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​នឹង​ចាប់ផ្ដើម​បើក​ផ្តល់​ថវិកា​បុរេប្រទាន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ជូន​បងប្អូន ចាប់ពី​ម៉ោង ១៤:០០ នាទី​រសៀល ថ្ងៃ​ពុធ ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ តទៅ នៅ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ដែលមាន​ទីតាំង​ស្ថិតនៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​សូម​បងប្អូន​កម្មករ និយោជិត យកមក​ជាមួយ​នូវ​ឯកសារ​មួយចំនួន ដូចខាងក្រោម​៖
១. ប័ណ្ណសម្គាល់ខ្លួន​កម្មក​រ និយោជិត (​ច្បាប់ដើម​) ឬ​កិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករ និយោជិត ឬ​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​។​
២. ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករនិយោជិត​ម្នាក់ៗ (​បើ​មាន​)​។ អាស្រ័យហេតុនេះ សូម​បងប្អូន​កម្មករ និយោជិត​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕V​ / N