​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ សហការ​ជាមួយ​ធនាគារពិភពលោក រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការវិភាគ និង​សម្អាត​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា ឆ្នាំ​២០២២ ដល់​មន្ត្រី​ជំនាញ​ស្ថិតិ​ចំនួន​ប្រមាណ​ជាង ២០​នាក់ ដើម្បី​បន្ត​អនុវត្ត​ការងារ​វិភាគ និង​សម្អាត​ទិន្នន័យ​នៅតាម​គោលដៅ​ដែល​បានកំណត់ ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព សម្រាប់​ផ្សព្វផ្សាយ​អ្នកប្រើប្រាស់​ទិន្នន័យ​ដែលមាន​ការកើនឡើង​ជា​លំដាប់​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ លោក រិ​ន វីរៈ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងផែនការ បាន​មានប្រសាសន៍ថា មន្ត្រី​ជំនាញ​ស្ថិតិ​ដែល​ទទួល​ការបណ្តុះបណ្តាល​នេះ ត្រូវ​បន្ត​អនុវត្ត​ធ្វើការ​ងារ​ជាក់ស្តែង​ក្នុង​ការងារ​ខាងលើនេះ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​ឲ្យ​ការសិក្សា​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ផ្សារភ្ជាប់​គ្នា ដើម្បី​បង្កើន​សមត្ថភាព ចំណេះដឹង ចំណេះធ្វើ​របស់ខ្លួន​បន្ថែ​ម​ទៀត​។​

​លោក​បាន​បន្តថា ទន្ទឹមនេះ មន្ត្រី​យើង​ក៏ត្រូវ​គោរព​វិន័យ​មាន​ឆន្ទៈ មោះមុត សីលធម៌​ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​ការងារ​របស់ខ្លួន សិក្សា​រៀនសូត្រ មិនត្រូវ​ធ្វេសប្រហែស ឬ​បោះបង់ចោល​នូវ​ចំណេះដឹង ចំណេះធ្វើ​ពី​អ្នកជំនាញការ​នោះទេ ដើម្បី​យកចំណេះ​ដឹង ចំណេះធ្វើ​ទាំងនេះ សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្ថិតិ​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​របស់​ស្ថាប័ន​ឲ្យ​កាន់តែ​មាន​ភាព​សំបូរបែប​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អ្នកប្រើប្រាស់​។​

​លោក ឃិន សុង អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ខាងលើ​គឺមាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់ទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​ស្ថិតិ​លើ​មុខជំនាញ​វិភាគ និង​សម្អាត​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ផ្អែក​តាម​គោលការណ៍​ប្រតិភូកម្ម​នៃ​ប្រព័ន្ធ​ស្ថិតិ​វ​សហ​មជ្ឈការ ដើម្បី​កសាង​លើកកម្ពស់​សមត្ថភាព គុណភាព​ស្ថាបន អង្គភាព​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​អង្គភាព​មន្ទីរ​ផែនការ​រាជធានី​ខេត្ត ដែល​ធ្វើ​បទឧទ្ទេស​ដោយ​អ្នកជំនាញការ​ជាន់ខ្ពស់ មកពី​ធនាគារពិភពលោក​ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​តោន នៃ​សហរដ្ឋ​អាម៉េរិក​។​

​យោងតាម​របាយការណ៍​ស្តីពី វឌ្ឍនភាព​ដំណើរការ​អនុវត្ត​ជំរឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ការងារ​កែច្នៃ​ដាក់​កូដ​ទិន្នន័យ និង​ការបញ្ចូល​ទិន្នន័យ ដែល​ត្រូវអនុវត្ត​ចប់​ជា​ស្ថាពរ​នៅត្រឹម​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ដោយ​ទទួលបាន​ទិន្នន័យ​អង្គភាព​សេដ្ឋកិច្ច​មាន​ប្រមាណ​ជាង ៧៥៥.០០០​អង្គភាព​សេដ្ឋកិច្ច​។ បន្ទាប់ពី​បញ្ចប់​ការងារ​កែច្នៃ​ដាក់​កូដ និង​ការដាក់បញ្ចូល​ទិន្នន័យ​ជំរឿន គឺ​ត្រូវអនុវត្ត​ការវិភាគ និង​សម្អាត​ទិន្នន័យ សម្រាប់​ស​សេរ​វិភាគ​របាយការណ៍​លទ្ធផល ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​ជូន​ដល់​អ្នកប្រើប្រាស់ ដែល​គ្រោង​នឹងត្រូវ​ផ្សព្វផ្សាយ​របាយការណ៍​ល​ទ្ធ​ផល​បឋម​នៅ​ខែធ្នូ​ខាងមុខ និង​ធ្វើការ​ផ្សព្វផ្សាយ​ទិន្នន័យ​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២៣៕​.mara