ដោយៈ បូកគោ / កំពត: ថ្លែងក្នុងពិធីសំណេះសំណាលនាពហុកីឡដ្ឋានខេត្ត នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ អ្នករត់ម៉ូតូឌុប អ្នកបើកម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ជាភ្នាក់ងារការពារសន្តិសុខ និងធ្វើជាមគ្គុទេសក៍ទេសចរណ៍ម្នាក់។ 

ក្នុងបំណងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពគ្រួសារប្រជាពលរដ្ឋ ឲ្យល្អប្រសើរ រដ្ឋបាលខេត្តបានដាក់ចេញនូវយន្តការជាច្រើន ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។ ជាក់ស្តែង រដ្ឋបាលខេត្ត បាននិងកំពុងស្ថាបនាសួនកម្សាន្តដ៏ល្អប្រណីតពីរកន្លែង នៅតាមបណ្តោយឆ្នេរព្រែកកំពត ដើម្បីទាក់ទាញទេសចរ ឲ្យមកកម្សាន្តកាន់តែច្រើន។ ជាមួយនោះ រដ្ឋបាលខេត្ត បានដាក់ផែនការគ្រប់គ្រងសំណល់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីរក្សាបរិស្ថានផងដែរ។ 

លោកអភិបាលខេត្ត បានបន្តថាៈ លោកសូមលើកទឹកចិត្តដល់គ្រួសារម៉ូតូឌុប កង់បី និងតាក់ស៊ី ឲ្យចូលរួមធ្វើជាភ្ញាក់ងារការពារសន្តិសុខ និងជាមគ្គុទេសក៍ទេសចរណ៍នេះ។ ក្នុងករណីបងប្អូន អ៊ំពូ ចាប់មុខសញ្ញា ឬចោរលួច ចោរឆក់បានម្នាក់ លោកនឹងផ្តល់រង្វាន់លើកទឹកចិត្ត ចំនួន១.០០០ ដុល្លារ។ 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថាៈ លោកពិតជារីករាយដែលលោកអភិបាលខេត្ត បានគិតគូរ និងដាក់ចេញនូវយន្តការល្អៗ ដើម្បីជំរុញវិស័យទេសចរណ៍ ឲ្យកាន់តែរីកចម្រើន ពិសេសបង្កើនភាពកក់ក្តៅ សម្រាប់ភ្ញៀវ ក្នុងការមកលេងកម្សាន្ត។ 

លោក ជា រិទ្ធី តំណាងគ្រួសារម៉ូតូឌុប បានបញ្ជាក់ថាៈ នេះជាលើកទីមួយសម្រាប់លោកដែលមានអភិបាលខេត្តមួយរូប បានយកចិត្តទុកដាក់ ព្រមទាំងលើកកិត្តិសយ ក៏ដូចជាផ្តល់តម្លៃចំពោះអ្នករត់ម៉ូតូឌុប ផាស្អេប និងតាក់ស៊ីឲ្យចូលរួមក្នុងកិច្ចការងារសង្គម។ លោកអភិបាលខេត្ត បានផ្តល់ភាពកក់ក្តៅ តាមរយ: ការឧបត្ថមគាំទ្រផ្នែកជីវភាព និងចូលរួមរំលែកក្តីទុក្ខលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋទូទៅផងដែរ៕/V-PC