ដោយៈ​សុផល​/​ភ្នំពេញ​៖ កម្ពុជា​មានបំណង​យក​ឱកាស​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នា​ចុងឆ្នាំ​២០២២​នេះ​ជា​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ គោលដៅ​ទេសចរណ៍ ឆ្នេរសមុទ្រ​របស់ខ្លួន ទៅកាន់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​បំផុត​លើ​សកលលោក ដោយ​កម្ពុជា​ក៏​ជា​សមាជិក​នៃ​អង្គការ​នេះដែរ​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០២២​ជាមួយគ្នា​នោះ​កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី​៩ ដល់ ១៤ ខែធ្នូ​ផងដែរ ក្រោម​ប្រធានបទ «​ឆ្នេរ​នៃ​ស ន្តិ​ភាព​ឆ្នេរ​នៃ​ក្ដីសង្ឃឹម​»​។​

​នៅ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំ​រុញឱ្យ​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ត្រូវមាន​ស្ដង់​មួយ​សម្រាប់​បង្ហាញ​ស្នាដៃ​របស់ខ្លួន ពិសេស​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម ទៅកាន់​ប្រជាជន ភ្ញៀវទេសចរ​អន្តរជាតិ ក៏ដូចជា​គណៈប្រតិភូ​អន្តរជាតិ​ដែល​នឹងចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុងពេល​រៀបចំ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​នាពេលខាងមុខ​នោះ​ប្រធាន​ក្លិប​នឹង​ផ្សព្វផ្សាយ​អំពី​គំរូ ដ៏​ល្អ​របស់​កម្ពុជា និង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ខិតខំ​អភិវឌ្ឍ​គ្រប់គ្រង​ឆ្នេរសមុទ្រ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​បង្ហាញ​ទៅ​សមាជិក​ក្លិប​ឆ្នេរ​ទាំងអស់ ដែល​បច្ចុប្បន្ន​មាន​២៦​ប្រទេស​៕ N