ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អ្នកនាំមុខគេក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសគឺលោកស្រី លីស ត្រាស់ (Liz Truss) បានប្តេជ្ញាកាលពីថ្ងៃអាទិត្យទី៤កញ្ញាថា ប្រសិនបើត្រូវបានតែងតាំង លោកស្រីនឹងបង្ហាញផែនការដើម្បីដោះស្រាយថ្លៃថាមពលកើនឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

ដោយថ្លែងទៅកាន់ BBC មួយថ្ងៃមុនការប្រកាសថ្នាក់ដឹកនាំអភិរក្សនិយមនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេស ដែលគេរំពឹងបន្តតំណែងពីលោក បូរីស ចនសុន បាននិយាយថា “ប្រសិនបើខ្ញុំជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើសកម្មភាពភ្លាមៗលើថ្លៃទឹកភ្លើងនិងការផ្គត់ផ្គង់ថាមពល”។

លោកស្រី​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​មុន​ការ​តែងតាំងរបស់លោកស្រីត្រូវ​បាន​បញ្ជាក់ ​ដោយ​និយាយ​យ៉ាង​សាមញ្ញ​ថា​ “​ក្នុង​រយៈពេល​មួយសប្តាហ៍ ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​មាន​ការ​ប្រកាស​អំពី​របៀប​ដែល​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​”​។

ការប្រណាំងប្រជែងតំណែងនាយករដ្ឋមន្ត្រីបានអូសបន្លាយជាងប្រាំបីសប្តាហ៍ ខណៈចក្រភពអង់គ្លេសប្រឈមមុខនឹងអតិផរណាកម្រិតខ្ពស់មិនធ្លាប់មានជាច្រើនទសវត្សរ៍ ហើយត្រូវគេរំពឹងថានឹងឈានចូលដល់វិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំនេះ។ គ្រួសារអង់គ្លេសទាំងឡាយកំពុងប្រឈមមុខនឹងការឡើងថ្លៃជាមធ្យម ៨០ ភាគរយលើថ្លៃអគ្គិសនីនិងហ្គាស នៅក្នុងវិបត្តិថ្លៃថាមពលដ៏អាក្រក់បំផុតនៅមុនរដូវរងាចូលមកដល់។

លោកស្រីត្រាស់អាយុ ៤៧ ឆ្នាំបានឈរនៅលំដាប់កំពូលក្នុងការស្ទង់មតិក្នុងចំណោមសមាជិកគណបក្សអភិរក្សចំនួន ២០០.០០០ នាក់ ដែលជ្រើសរើសមេដឹកនាំបន្ទាប់ ដោយយកឈ្នះគូប្រជែងរបស់លោកស្រីគឺលោក រីស៊ី ស៊ូណាក់ (Rishi Sunak) ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាយុ ៤២ ឆ្នាំ។

លោកស្រីត្រាស់ពីមុនបានរិះគន់ការផ្តល់ជូនប្រាក់ដោយផ្ទាល់ ប៉ុន្តែកាលពីសប្តាហ៍មុនបានប្តេជ្ញាថានឹង “ផ្តល់ការគាំទ្រជាបន្ទាន់ដើម្បីធានាថាប្រជាជនមិនប្រឈមមុខនឹងការឡើងថ្លៃប្រេងឥន្ធនៈដែលមិនអាចទទួលយកបាន” ក្នុងរដូវរងានេះ។

យុទ្ធនាការរបស់លោកស្រីត្រាស់បានសន្យាថានឹងកាត់បន្ថយពន្ធ ប៉ុន្តែអ្នករិះគន់កត់សម្គាល់ថា ចំណាត់ការទាំងនោះនឹងមិនជួយផ្តល់ផលប្រយោជន៍ដល់ជនក្រីក្របំផុតនោះទេ។ កាល​ពី​ថ្ងៃ​អាទិត្យ លោកស្រីបាន​សង្កត់​ធ្ងន់​ថា លោកស្រី​ជឿ​ថា​ការ​កាត់​បន្ថយ​ពន្ធ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​មាន​គឺ​មាន​ភាព​យុត្តិធម៌និង​ជំរុញ​កំណើន៕

លោកស្រីត្រាស់រំពឹងស្នងតំណែងនាយករដ្ឋមន្ត្រីពីលោកចនសុន