ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការ​អាហា​រូប ករ​ណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់​ថាៈ សម្រាប់​ទិសដៅ​ទៅ​អនាគត គន្លឹះ​ធំ​បំផុត នៃ​ការកសាង​ធនធានមនុស្ស គឺ​ការពង្រឹង​គុណភាព​អប់រំ នៅ​ថ្នាក់​បឋម រហូតដល់​ថ្នាក់​ទី​១២ ជាពិសេស​នៅតាម​បណ្តា​គ្រឹះស្ថាន​រដ្ឋ ដោយសារ​នេះ គឺជា​មូលដ្ឋានគ្រឹះ​ដើមដំបូង ដែល​ត្រូវ​ចម្រាញ់​យកគុណ​ភាព​ឱ្យ​បានជា​ចាំបាច់ ពីព្រោះ​គុណភាព​អាស្រ័យ​ជា​ចម្បង​លើ​ការផ្តល់​ការអប់រំ និង​ហាត់ពត់លត់ដំ តាំងពីក្មេង​វ័យ ជាពិសេស​នៅក្នុង​មជ្ឈដ្ឋាន​សាលា និង​គ្រួសារ​តែម្តង ដើម្បី​ទទួលបាន​នូវ​ធនធានមនុស្ស ដែល​គ្រប់​ជ្រុងជ្រោយ ទាំង​លើក​ត្តា​សមត្ថភាព​ចំណេះដឹង​, សុខភាព​, គុណធម៌​, សីលធម៌​, វិន័យ និង​ការទទួលខុសត្រូវ ព្រមទាំង​បន្ថែម​ដោយ​ការលើកកម្ពស់​ការយល់​ដឹង អំពី​វប្បធម៌​-​អរិយធម៌​ផងដែរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ទំពាំង​ស្នង​ឫស្សី​របស់​យើង អាចធ្វើ​ការវិភាគ​ចាប់យក​អ្វី​ល្អ បោះចោល​អ្វី​មិនល្អ និង​អនុវត្ត​សិទ្ធិសេរីភាព​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​។ ជារួម នេះ​គឺជា​អភិក្រម​នៃ​ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស ដែល​ផ្តោតទៅលើ​ការកែប្រែ​ផ្នត់គំនិត​នៃ​ការប្រកួតប្រជែង និង​ការជឿទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង ដោយ​ត្រូវអនុវត្ត​ចាប់ពី​អាយុ​ក្មេង​វ័យ​ឡើងមក​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការ​អាហា​រូប ករ​ណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

​ការបញ្ជាក់​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថាៈ សមិទ្ធផល​ធំ​បំផុត​របស់​ប្រទេសជាតិ ដែល​កើតឡើង​ក្រោយ​ឆ្នាំ​១៩៧៩ ដោយ​ផ្អែកលើ​ការផ្តល់​អាទិភាព​លើ​ការអនុវត្ត​គោលនយោបាយ និង​ចក្ខុវិស័យ​លើ​វិស័យ​អប់រំ តាំងពី​ជំនាន់​នោះមក គឺ​ការទទួលបាន​នូវ​ធនធានមនុស្ស ដែលមាន​សមត្ថភាព លទ្ធភាព គុណធម៌ និង​សីលធម៌ និង​ដែល​បាន​ចូលរួម​ក្នុងការ​ដឹកនាំ គ្រប់គ្រង កសាង និង​អភិវឌ្ឍ​ប្រទេស ដោយ​ឯករាជ្យ​ម្ចាស់ការ​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​រដ្ឋ វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​។ នេះ គឺជា​មោទនភាព ហើយ​ដែល​យើង​ត្រូវ​រួមគ្នា​បន្ត​ពង្រឹង​ទៅមុខទៀត ដើម្បី​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ជាតិ​។ ធនធានមនុស្ស​ម្នាក់ គឺជា​សសរ​មួយ​ដើម​ដែល​ទ្រទ្រង់​ប្រទេសជាតិ ជាពិសេស​សរ​ជំនាន់​ថ្មីៗ​ដែល​ទទួលបាន​ឱកាស​ពេញលេញ ក្នុងការ​សិក្សា​រៀនសូត្រ គឺ​ត្រូវខិតខំ​កសាង​ពង្រឹង​ខ្លួន​ឱ្យបាន​រឹងមាំ ដើម្បី​ទ្រទ្រង់ និង​ទទួលបន្ទុក​ភារកិច្ច​បន្ត​កសាង​ប្រទេស ដែល​ចេះតែ​រីកចម្រើន​ធំធាត់​។

​លោក​បណ្ឌិត បានបញ្ជាក់​ទៀតថាៈ ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស មិន​ត្រឹមតែ​ចូលរួម​ពង្រឹង​ឯករាជ្យ​ម្ចាស់ការ​របស់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​ភាព​ប្រកួតប្រជែង​ដែល​កាន់តែ​ស្វិតស្វាញ​ក្នុង​ចរន្ត​សាកលភាវូបនីយកម្ម ក្នុងពេល​បច្ចុប្បន្ននេះ​ផងដែរ​។ គម្លាត​ខួរក្បាល ខុសពី​គម្លាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។ យើង​ត្រូវ​ប្រើពេល​វេលា​ខ្លះ​ដើម្បី​កាត់បន្ថយ​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ចំពោះ​គម្លាត​ខួរក្បាល គឺអាច​ត្រូវបាន​ដោះស្រាយបាន​លឿន​ជាង ប្រសិនបើ​យើង​មានឱកាស​អប់រំ​សិក្សា​រៀនសូត្រ និង​ការបង្ក​លក្ខណៈ ជាពិសេស​ក្នុងដំណាក់កាល​សុខសន្តិភាព ដូច​ពេលបច្ចុប្បន្ន ពីព្រោះថា មនុស្ស​មាន​សមត្ថភាព​ខួរក្បាល​ដូចគ្នា ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅមុខ ដោយ​មិន​បែង​ចែង​រវាង​ជាតិ​សាសន៍ និង​ប្រទេស​តូចធំ​នោះឡើយ​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លេ​ី​កឡេ​ី​ង​ថាៈ ការអភិវឌ្ឍ ខុសពី​កំណើន​។ កំណើន​សំដៅ​តែ​ទៅលើ​ការកើនឡើង​តួលេខ ឬ​លទ្ធផល​ប៉ុណ្ណោះ​។ រីឯ​ការអភិវឌ្ឍ គឺ​ត្រូវ​ពឹង​ផ្អែកទៅលើ​ការកែប្រែ​ប្រព័ន្ធ​ការងារ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​, ផ្នត់គំនិត និង​វិធីសាស្ត្រ ពី​លក្ខណៈ​ប្រពៃណី​ដោយ​ឈានទៅ​ទំនើបកម្ម ព្រមទាំង​ការប្រែប្រួល​របៀបរបប​ធ្វើការ​ទាំង​លក្ខណៈ​បុគ្គល និង​ស្ថាប័ន ដើម្បី​អាច​ធានាបាន​នូវ​ចីរភាព និង​និរន្តរភាព​យូរអង្វែង​។ ក្នុងន័យនេះ ការអភិវឌ្ឍ​មិនអាច​នៅ​នឹងថ្កល់​នោះទេ ហើយ​ទាមទារ​ឱ្យមាន​ប្រព័ន្ធ​អប់រំ​មួយ​រស់​រវើក ដែល​ត្រូវ​ជំរុញ​ទាំង​ការសិក្សា​រៀនសូត្រ​ដោយ​ខ្លួនឯង​តាមរយៈ​ការស្រាវជ្រាវ និង​ការរៀន​ក្នុង​បរិយាកាស​ខាងក្រៅ តាម​ប្រព័ន្ធ​សាលារៀន និង​កន្លែងធ្វើការ ជាដើម​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​កែសម្រួល​ស្ថានការណ៍ និង​ដាក់​ទិសដៅ​បន្ទាន់ ដោយ​រៀបចំ​ឱ្យមាន​ការបង្រៀន​តាម​អន​ឡាញ និង​សូម​អរគុណ​ផងដែរ ចំពោះ​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​ចូលរួម​សម្របសម្រួល​បត់បែន​តា​ម​កាលៈទេសៈ​នេះ​។ ក្នុងន័យនេះ ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​-១៩ ពិតជា​បា​នព​ន្លឿ​ន​នូវ​ការចាប់យក​បច្ចេកវិទ្យា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ការរៀនសូត្រ ដែលជា​និន្នាការ​សាកល​។ យ៉ាងណាក៏ដោយ ទាំង​បច្ចុប្បន្ន និង​តទៅ​អនាគត រាជរដ្ឋាភិបាល ក៏​នៅ​បន្ត​កសាង​សាលារៀន និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ជំរុញ និង​រក្សា​សន្ទុះ​នៃ​ការសិក្សា​ដោយផ្ទាល់ នៅក្នុង​សាលា ដែល​នៅតែ​ជា​ការងារ​សំខាន់​ជា​អាទិភាព ពីព្រោះ​ការអប់រំ ត្រូវមាន​លក្ខណៈ​មូល​ជុំ​គ្រប់​ជ្រុង​ទាំងអស់ តាមរយៈ​សកម្មភាព ទំនាក់ទំនង និង​ការគិត​ពិចារណា ទើប​អាច​ធានាបាន​នូវ​ប្រសិទ្ធ​ភាពជាក់ស្តែង​ទាន់ពេលវេលា​៕ V​ / N