ប្រែសម្រួល : កញ្ញាដាលីស (ប៊្លូមបឺក) ៖ អតីតអ្នកការទូតកំពូលរបស់សិង្ហបុរីបានព្រមានកាលពីថ្ងៃចន្ទទី៥កញ្ញាថា ជម្លោះនៅតៃវ៉ាន់នឹងបង្កឱ្យមានការឆ្លើយតបរបស់ចិនស្រដៀងទៅនឹងប្រតិកម្មរបស់សហរដ្ឋអាម៉េរិកចំពោះការវាយប្រហាររបស់ជប៉ុនលើកំពង់ផែភៀលហាបឺ (Pearl Harbor) ដែលបានទាញអាម៉េរិកចូលទៅក្នុងសង្គ្រាមលោកលើកទីពីរ។

អតីតរដ្ឋមន្ត្រីការបរទេសលោក​ ចច យ៉ូ (George Yeo) បានប្រាប់ទូរទស្សន៍ Bloomberg ដោយមិនបញ្ចេញឈ្មោះនរណាម្នាក់ថា “មនុស្ស” មិនយល់ថាតើបញ្ហាតៃវ៉ាន់មានជម្រៅជ្រៅប៉ុនណាសម្រាប់ចិននោះទេ ហើយមើលស្រាលភាពធ្ងន់ធ្ងរនៃជម្លោះ ប្រសិនបើវាផ្ទុះឡើង។ ទំនាក់ទំនងដ៏ជូរចត់រវាងសហរដ្ឋអាម៉េរិកនិងចិនបានបន្តធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីប្រធានសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅទស្សនកិច្ចកោះគ្រប់គ្រងដោយខ្លួនឯងនេះកាលពីខែមុន ចំពេលមានការព្រួយបារម្ភថា ការគណនាខុសអាចនាំឱ្យមានជម្លោះ។

លោកបាននិយាយថា “ប្រសិនបើមានជម្លោះជុំវិញកោះតៃវ៉ាន់ យើងសូមនិយាយថា ប្រទេសចិនចាញ់ការប្រយុទ្ធពីរបីសមរភូមិទៅចុះ ហើយវានឹងធ្វើឱ្យស្ថាប័ននយោបាយចិនមានប្រតិកម្មខ្លាំងដូចទៅនឹងករណីកំពង់ផែភៀលហាបឺរបស់អាម៉េរិកយ៉ាងអ៊ីចឹង។ នេះ​ជា​រឿង​ធ្ងន់ធ្ងរ ហើយ​អ្នក​ដែល​មិន​ស្គាល់​ប្រវត្តិ​មិន​ដឹង​ថាពួកគេ​កំពុង​លេងល្បែងអ្វី​នោះ​ទេ”។

ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីមក ចិនបានបញ្ជូនយន្តហោះចម្បាំងស្ទើរតែរាល់ថ្ងៃឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលគេហៅថាខ្សែបន្ទាត់កណ្តាល ដោយកាត់បន្ថយតំបន់ការពារ ដែលបានជួយរក្សាសន្តិភាពអស់ជាច្រើនទសវត្សរ៍។ ការហោះហើរទាំងនោះបង្ហាញពីរបៀបដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីបង្កើតវត្តមានយូរអង្វែងនៅជិតតៃវ៉ាន់។

លោកយ៉ូបាន​និយាយ​ថា “​មាន​មនុស្ស​គិត​ថា ​តៃវ៉ាន់​ជាសន្លឹកបៀ​ដែល​ត្រូវ​លេង​។ ពួកគេមិនដឹងថា ល្បែងនេះមានសភាពធ្ងន់ធ្ងរកម្រិតណានោះទេ។ សម្រាប់​​ចិន វាជា​អារម្មណ៍រំជើបរំជួល​ខ្លាំងជាទីបំផុត”។

អតីតឧត្តមសេនីយ៍ទោយ៉ូបានបម្រើការក្នុងរដ្ឋាភិបាលសិង្ហបុរីអស់រយៈពេល ២៣ ឆ្នាំ រួមទាំងក្នុងនាមជាបេសកជនកំពូលរបស់ប្រទេសនៅចន្លោះឆ្នាំ ២០០៤ និង ២០១១។ ក្នុងអំឡុងពេលនោះលោកបានជំរុញគោលនយោបាយជាច្រើនដែលធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាម៉េរិក ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរហូតដល់ក្របខណ្ឌសន្តិសុខ ដោយធានាបានកិច្ចសហប្រតិបត្តិការនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។

អំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន លោកបាននិយាយថា ចិនមិនគាំទ្រជំហររបស់លោកខាងលិចហើយក៏មិនថ្កោលទោសជម្លោះនេះដែរ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងរងការរំខានដោយព្រឹត្តិការណ៍នៅអឺរ៉ុប។ ហើយ​ប៉េកាំងកំពុងអង្គុយចាំ​ទទួល​​ផលប្រយោជន៍​សេដ្ឋកិច្ច ​ដោយសារ​ប្រេង​រុស្ស៊ី​មានតម្លៃថោក។

លោកបាននិយាយថា “ចិនកំពុងលេងល្បែងតុល្យភាពយ៉ាងប្រុងប្រយ័ត្ន”៕

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក​ ចច យ៉ូ