ដោយៈ​សុផល / កោះកុង​៖ ដើម្បី​ចូលរួម​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល​កូ​វីដ​១៩ ក៏ដូចជា ជំរុញ​ទាក់ទាញ​ចលនា ភ្ញៀវទេសចរ​ឡើងវិញ​នោះ ភាគី​កម្ពុជា​និង​ភា​គិ​ថៃ បានសម្រេច ឯកភាពគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ លើ​ផែនការ​សកម្មភាព និង​កិច្ចសហប្រតិបត្តិការ​ជាង​១០​ចំណុច​។

​បើតាម​លោក ទ្រី​វ ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន បាន​ឲ្យ​ដឹងថាៈ ការឯកភាព​គ្នា​លើ​ផែនការ​សកម្មភាព ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​កម្ពុជា​-​ថៃ លើក​ទី​៦ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​ទេសចរណ៍​កម្ពុជា​-​ថៃ ខណៈ​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ថុ​ក សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​រួមមាន​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ តំណាង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តកោះកុង និង​មន្ទីរ​ទេសចរណ៍ ខេត្ត​ជាប់​ព្រំដែន ។ រីឯ​ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក មង្គល វិមល​រ័ត្ន (Mongkon Wimonrat) ជា​អគ្គលេខាធិការរង នៃ​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ អមដោយ​មន្ត្រី​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា និង​តំណាង​ផ្នែក​ឯកជន​។ កិច្ចប្រជុំ​នេះដែរ គឺធ្វើឡើង​នៅ​ខេត្តកោះកុង នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ កន្លងទៅនេះ​។

​លោក​បាន​លើកឡើងថាៈ ដំបូង​ឡើយ ភាគី​ទាំងពីរ ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ ២០២៣-២០២៥ ដែល​ផ្តោត​សំខាន់​លើ​ខ្លឹមសារ​មួយចំនួន រួមមាន​៖ ១.​ពង្រឹង​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ការឆ្លងកាត់​ព្រំដែន ២.​ការផ្សព្វផ្សាយ​និង​សិក្សា​ទីផ្សារ​រួមគ្នា​ក្រោម​មូលបទ «​ប្រទេស​ពីរ គោលដៅ​មួយ​» ៣.​ការអភិវឌ្ឍ​ធនធានមនុស្ស ៤.​ការអភិវឌ្ឍ​គុណភាព​ទេសចរណ៍ និង​៥.​ការផ្សព្វផ្សាយ​ឱកាស​វិនិយោគ​ទេសចរណ៍​នៅក្នុង​ប្រទេស​ទាំងពីរ​។

​ទន្ទឹមនឹង​ផែនការ​សកម្មភាព​ខាងលើ ភាគី​ទាំងពីរ បាន​គូស​រំលេច​នូវ​ការគាំទ្រ​គ្នា​ទៅវិញ ទៅ​មកលើ​ទិសដៅ​អនាគត ដូចខាងក្រោម​៖

១. ក្នុងដំណាក់កាល​នៃ​ការស្ដារ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ ភាគី​ទាំងពីរ នឹង​ជំរុញ​រៀបចំ​ឱ្យបាន​ឆាប់​នូវ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​រួម​នៃ​បណ្ដា​ខេត្ត​ព្រំដែន នៃ​ប្រទេស​ទាំងពីរ (Cross-Border Joint Tourism Packages) ដែល​នឹង​ជំរុញ​រំហូរ​ទេសចរ​ទៅវិញទៅមក ទៅកាន់​បណ្ដា​ខេត្ត​នៃ​ប្រទេស​ទាំងពីរ​។

២. ភាគី​ទាំងពីរ ឯកភាព​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ជើងហោះហើរ​ត្រង់ នៅ​គ្រប់​គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ពីរ ក៏ដូចជា​ការសម្រួល​កា​រ​ធ្វើដំណើរ​នៅតាម​ច្រក​អន្តរជាតិ​នានា ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

៣. ភាគី​ទាំងពីរ ឯកភាព​បន្ត​ជំរុញ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​សុខភាព ទេសចរណ៍​ពុទ្ធសាសនា ទេសចរណ៍​តាម​នាវា​សមុទ្រ​ជាដើម​។

៤. ភាគី​ទាំងពីរ បានបង្ហាញ​ឆន្ទៈ​រួមគ្នា​ធ្វើការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​រៀបចំ​បង្កើត​និង​ផ្តល់ជូន​នូវ​កញ្ចប់​ផលិតផល​ទេសចរណ៍​រួម ក្រោម​ក្របខណ្ឌ នៃ​ការផ្សព្វផ្សាយ «​ព្រះរាជាណាចក្រ​ពីរ គោលដៅ​មួយ​» សំដៅ​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ទេសចរ ពី​ប្រទេស​ទាំងពីរ ក៏ដូចជា​ទេសចរ​មកពី​ប្រទេស​ទី​បី​ឱ្យមក​ទស្សនា​ប្រទេស​ទាំងពីរ​។

៥. ភាគី​ទាំងពីរ នឹង​រៀបចំ​ឱ្យមាន​នាវា​កម្សាន្ត​តាម​សមុទ្រ ដែល​រួមបញ្ចូល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្តកំពត ដែល​នឹង​គ្រោង​ប្រកាស​បើក​ដំណើរ​ការទទួល​ទេសចរ​តាម​សមុទ្រ នាពេល​ដ៏​ខ្លី ខាងមុខនេះ​។

៦. ភាគី​ទាំងពីរ បន្ត​ជំរុញឱ្យមាន​ទស្សនកិច្ច​អ្នកជំនាញ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ ក្រោម​ក្របខណ្ឌ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP) ដែលជា​គម្រោង​សាកល្បង សំដៅ​ចែករំលែក​បទពិសោធន៍​ដល់​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​។

៧. ភាគី​ថៃ​បាន​គាំទ្រ​ឱ្យមាន​ការបណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​បន្ថែម​ដល់​អ្នកបម្រើ​ការងារ​ក​ម្ពុ​ជា ដែល​កំពុង​បម្រើ​សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋាកិច្ច ក្នុងប្រទេស​ថៃ ដោយ​រដ្ឋាភិបាល​ថៃ នឹងដាក់​ចុះ​កញ្ចប់​ថវិកា​បណ្ដុះបណ្ដាល​នេះ​។

៨. ភាគី​ទាំងពីរ នឹង​សហការ​រៀបចំ​វេទិកា​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ នាពេល​វេលា​សមស្រប​ខាងមុខ ព្រមទាំង​នឹង​រៀបចំ​ឱ្យមាន​ជំនួប រវាង​ភាគី​ឯកជន​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ (Fam-Trip) ក្នុងប្រទេស​ទាំងពីរ​។

៩. ភាគី​ថៃ គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​កម្ពុជា ជំរុញ​ឱ្យ​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ជំរុញ​ទេសចរណ៍​ក្នុង​អាស៊ាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា​អាស៊ាន ដែល​នឹងចូលរួម​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន​ផងដែរ​។

១០. ភាគី​ថៃ នឹង​ចែករំលែក​បទពិសោធន៍​លើ​ការរៀបចំ​គណនី​ទេសចរណ៍​រណប (Tourism Satellite Accounts) ដល់​មន្ត្រី​ជំនាញ​ទេសចរណ៍ ដើម្បី​រៀបចំ​គណនី​ជាតិ​របស់ខ្លួន​។

១១. ភាគី​ថៃ ក៏បាន​ទទួល​ពិចារណា​លើ​សំណើ​របស់​កម្ពុជា លើ​គំនិត​ផ្ដួចផ្ដើម​បង្កើតឱ្យមាន​លេខាធិការដ្ឋាន​ទេសចរណ៍​អេក​ម៉ិ​ក (ACMECS Tourism Secretariat) ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ក្នុង​ក្របខណ្ឌ​អនុតំបន់​នេះ​។​

​លោក ទ្រី ឈី​វ បាន​បន្តទៀតថាៈ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ លើ​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​ផែនការ​សកម្ម​ភា រួម ស្តីពី​កិច្ចសហប្រតិបត្តិកា រ លើ​វិស័យ ទេសចរណ៍ ២០១៩-២០២១ កន្លងមក ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​-​ថៃ លើក​ទី​២ កាលពី​ឆ្នាំ​២០១៨ នៅ​ខេត្តកំពត​។ ទោះបី ស្ថិតក្រោម​បរិបទ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ភាគី​ទាំងពីរ បាន​ចែករំលែក​ព័ត៌មាន​និង​បទពិសោធន៍ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នា​រយៈពេល​២​ឆ្នាំកន្លងមក ក៏ដូចជា​ចែករំលែក​បទពិសោធន៍​លើ​ដំណោះស្រាយ ចំពោះ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩ ដល់​វិស័យ​ទេសចរណ៍​។

​ភាគី​ថៃ ក៏បាន​កោតសរសើរ ដល់​វិធានការ​គ្រប់គ្រង​វិបត្តិ​ដ៏​មាន​ប្រសិទ្ធភាព​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការកំណត់​យក​ការចាក់​វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​គន្លឹះ ក្នុង​ការបើក​វិស័យ សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ក្នុង​បរិបទ​នៃ​ការរស់នៅ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​។

​លោក​ក៏បាន​បញ្ជាក់ដែរថាៈ ភាគី​ទាំងពីរ កម្ពុជា​-​ថៃ ក៏​នឹង​ជួបពិភាក្សា​បន្តទៀត នាឱកាស​កិច្ចប្រជុំ​គណៈ​ក​ម្មា ធិ​ការ​ទេសចរណ៍​អាស៊ាន នៅ​ខេត្តសៀមរាប ក្នុង​សប្ដាហ៍ ខាងមុខ ក៏ដូចជា​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី និង​ថ្នាក់​រដ្ឋមន្ត្រី​អេក​ម៉ិ​ក ដែល​គ្រោង​ធ្វើឡើង នា​ថ្ងៃទី​១-៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​៕ V / N