ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ ៖ លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​មូលនិធិ​ជាតិ ថ្លែងថា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​សារសំខាន់​ណាស់​ក្នុងការ​ជំរុញ​ខឿនសេដ្ឋកិច្ច​ជាតិ ។

​លោក ឈួ​រ សុ​បញ្ញា បាន​ថ្លែង​ដូច្នេះ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការសិក្សា​តម្រូវការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​គ្រួសារ​ក្រីក្រ​នៅ​ថ្ងៃទី​៥ ខែកញ្ញា​។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ញ៉ឹក បាន​ខេង អភិបាលរង​ខេត្តកំពង់ធំ លោក លាង សុភា ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត និង​សិក្ខាកាម​ចូលរួម​មកពី​១៣ ខេត្ត​ដែល​រៀបចំ​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា អនុគណៈកម្មាធិការ​ជំនួយ​សង្គម​និង​មូលនិធិ​ជាតិ​ជំនួយ​សង្គម ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​០៥-០៦ ខែកញ្ញា នៅ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្តកំពង់ធំ ។​

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការសិក្សា​តម្រូវការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រាប់​គ្រួសារ​ក្រីក្រ​មាន​គោលបំណង​ណែនាំ​ដល់​អ្នកប្រមូល​ទិន្នន័យ​ឱ្យបាន​យល់ដឹង​ពី​ដំណើរការ​វិធីសាស្ត្រ​ខ្លឹមសារ បញ្ជី​សំណួរ និង​ឧបករណ៍​បញ្ចូល​ទិន្នន័យ​ដើម្បី​មាន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ប្រមូល​ទិន្នន័យ​អំពី​តម្រូវការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​គ្រួសារ​ក្រីក្រ​ដើម្បី​កំណត់​តម្រូវការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​យុវជន​ក្នុង​គ្រួសារ​ក្រីក្រ ផ្អែក​តាម​តម្រូវការ​របស់​អ្នក ទទួលផល​(Demand side) ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​បង្កើត​កម្មវិធី​បណ្តុះ បណ្តាល​វិជ្ជាជីវៈ សម្រាប់ ផ្សាភ្ជាប់​ជាមួយ​ការឧបត្ថម្ភ​សាច់ប្រាក់​។​

​លោក​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូដ​-១៩.​ដើម្បី​ផ្ដល់​កិច្ច​គាំពារ​និង​រក្សា​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នៅក្នុង​អំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​បានចាប់ផ្តើម​អនុវត្ត​នៅ​ខែមិថុនា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ជាង​២​ឆ្នាំ សម្រាប់​ជួយ​លើក​កំពស់​ស្ថានភាព​ជីវភាព​រស់នៅ​របស់​គ្រួសារ​ទទួលផល​បន្ថែម​ទៀត ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ប​ង្កើ​ន​ជំនាញ​និង​មុខរបរ​ដល់​គ្រួសារ​ទទួលផល​របស់​កម្មវិធី​ឱ្យ​ចាក​ចេញពី​ភាពក្រីក្រ និង​ងាយ​រងគ្រោះ​។​

​លោក​បាន​បញ្ជាក់ថា​ការប្រមូល​ទិន្នន័យ​ជា​ផ្នែក​មួយ​អំពី​ការប៉ាន់ប្រមាណ ផ្អែក​តាម​តម្រូវការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពី​ក្រុម​គោល ដៅ​(Demandside)​។ ទិន្នន័យ​នេះ​នឹងត្រូវ​ដាក់ បញ្ចូល​ជាមួយ​ទិន្នន័យ ដែល​ទទួលបាន​ពី​ការប៉ាន់ប្រមាណ​តម្រូវកា​រ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពី​កម្មវិធី​(Supply side) ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ផ្សារភ្ជាប់​ជាមួយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក​របស់​រាជរដ្ឋាភិបាល​៕​សរន​ / N