ដោយៈ​សុផល / ភ្នំពេញ​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី ដឹកនាំ​ដោយ លោក Yongdeok Cho អគ្គលេខាធិការ​ក្រុមប្រឹក្សា​ទឹក​អាស៊ី (Asian Water Council-AWC) ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​លើ​ការងារ មួយចំនួន ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី​លើក​ទី​៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ​២០២៣ ខាងមុខនេះ​។

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី ដឹកនាំ​ដោយ លោក Yongdeok Cho អគ្គលេខាធិការ​ក្រុមប្រឹក្សា​ទឹក​អាស៊ី (Asian Water Council-AWC) ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​លើ​ការងារ មួយចំនួន ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី​លើក​ទី​៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ​២០២៣ ខាងមុខនេះ​

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​យ៉ាង​ក្រៃលែង និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ប្រតិភូ​ក្រុមប្រឹក្សា​ទឹក​អាស៊ី​ក្នុង​ដំណើរ ទស្សនកិច្ច​ការងារ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​រដ្ឋសភាជាតិ នាពេលនេះ​។ លោកស្រី បាន​មានប្រសាសន៍​លើកឡើង អំពី​សារៈសំខាន់​នៃ ទឹក​ដែលជា​តម្រូវការ​បឋម​យ៉ាង​ចាំបាច់​បំផុត​របស់​មនុស្ស​។ ទឹកជា​ធាតុ​ផ្សំ​ដ៏​សំខាន់បំផុត​សម្រាប់​គ្រប់​ផលិតកម្ម ប្រកបដោយ​ចីរភាព​ដែលជា​មូលដ្ឋាន គ្រឹះ​នៃ​សន្តិសុខ​ស្បៀង និង​ជា​ប្រភព​ចម្បង​នៃ​ជីវភាព​របស់​ប្រជាជន​ទូទាំង​សកលលោក​។

​លោកស្រី បាន​គូសបញ្ជាក់ថាៈ សន្តិសុខ​ទឹក​មាន​សារៈសំខាន់ ហើយ​មាន​ភាព​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ច្រើន​រួមគ្នា​ក្នុងការ​គ្រប់គ្រង​ទឹក ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន សង្គម និង​នយោបាយ​ជាដើម​។​ជាង​នេះ​ទៅ ទៀត ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​លើ​បរិមាណ និង​គុណភាព​ទឹក មាន​កិច្ចការងារ និង​អ្នកជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ជាច្រើន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ទឹក អន្តរាគមន៍ និង កិច្ចការពារ​ផ្សេងៗ សំដៅ​រក្សា​ចីរភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន ព្រមទាំង​រក្សា​សេវា សម្រាប់​តម្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស និង​សេដ្ឋកិច្ច ។

​សូម​ជម្រាបជូន​ថា ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី (ASIA NATIONAL ASSEMBLY WATER CONSULTATIVE BOARD) ដែល​ហៅ​កាត់​ថា “AAWC” ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​សមាជិកសភា មកពី​បណ្ដា​ប្រទេស​អាស៊ី ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក តាមរយៈ​ការចែករំលែក​ច្បាប់ និង​សកម្មភាព​នីតិបញ្ញត្តិ​ទាក់ទង​នឹង​ទឹក​។ ក្រុមប្រឹក្សា​នេះ​បង្កើតឡើង​ស្របតាម​គោលបំណង​របស់​ក្រុមប្រឹក្សា​ទឹក​អាស៊ី (Asia Water Council –AWC) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​សម្រេចបាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​អាស៊ី ប្រកប​ទឹកស្អាត អនាម័យ ឆ្លាត​វៃ ដោយ​ការអនុវត្ត​បច្ចេកវិទ្យា​ឆ្លាត​វៃ ចំពោះ​ការប្រើប្រាស់​ទឹក​គ្រប់​ប្រភេទ តាមរយៈ​ផ្តល់​ការគាំទ្រ​ផ្នែក​នីតិបញ្ញត្តិ និង​ស្ថាប័ន ដើម្បី​អនុវត្ត ដំណោះស្រាយ បច្ចេកទេស នៅក្នុង​តំបន់​គោលដៅ​។

​ថ្លែង​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Yongdeok Cho បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ដែល​បាន​ចំណាយ ពេលវេលា​ដ៏​មមាញឹក​ជួប​ប្រតិភូ​ក្រុមប្រឹក្សា​ទឺ​ក​អាស៊ី​នាពេលនេះ​។ លោក​បាន​រំលឹក​អំពី​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​សេនា​ភក្តី សាយ ឈុំ​ប្រធាន ព្រឹទ្ធសភា ទៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែមេសា ឆ្នាំ​២០២២ នេះ ដោយ​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​។

​នា​ដំណើរ​ទស្សនកិច្ច នាពេលនោះ លោក Byun Jaeill ប្រធាន​ក្រុម​មិត្តភាព​កូរ៉េ​-​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី (AAWC) បាន​ថ្លែងអំណរគុណ ចំពោះ​សភា​កម្ពុជា ដែល​បាន​ចាត់តាំង លោក សួស យ៉ា​រ៉ា​ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី លើក​ទី​៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ​២០២២ និង​បាន​សម្តែង​នូវ​ការរីករាយ ដែល កម្ពុជា​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទឹក​នៃ​សភា​អាស៊ី​លើក​ទី​៥ នា​ឆ្នាំ​២០២៣ ខាងមុខ​។

​គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​លើក​ទី​៤ របស់ AAWC ក៏បាន​អនុម័ត​លើ​គម្រោង​មួយ ក្រោម​កម្មវិធី​សុខុមាលភាព​ទឹកស្អាត AAWC នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ គម្រោង​នេះ មាន​ថវិកា​ចំនួន ៩៩៨ លាន​វ៉ុ​ន​កូរ៉េ (​ប្រហែល ៧៤៨.៩៤៥ ដុល្លារ​អាមេរិក​) ក្នុង​គោលបំណង​បង្កើត​ផែនការមេ សម្រាប់ សន្តិសុខ​ទឹក ក្នុងស្រុក​គងពិសី ដោយមាន​ក្រសួង​ឧតុនិយម និង​ធនធានទឹក ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​៕ V / N