ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រោយពី​បញ្ចប់​បេសកកម្ម​រយៈពេល ៥​ថ្ងៃ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ក្រុម​គណៈប្រតិភូ​កីឡាហែលទឹក​រួមមាន ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំនួន ៨​នាក់ ចូល​រូ​ម​ការប្រកួត​កីឡាហែលទឹក​ជើង​ទា Finswimming’s World Cup Round Swimming Pool 2022 បាន​វិល ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ ថែមទាំង​យក​មេដាយមាស ចំនួន ៣​គ្រឿង និង​សំរិទ្ធ ១​គ្រឿង មកជា​មួយ​ផង​។

  លោក ហែម គី​រី

​អគ្គលេខាធិការ និង​ប្រធាន​ប្រតិភូ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី បាន​មានប្រសាសន៍ថាៈ ក្រោយពី​ទទួលលទ្ធផល SEA GAMES នេះ​ជា​ជំហាន​ទី​២ ដែល​ពេលនេះ យើង​ដឹងថា ជា​ឈាន​ជំហាន​ដ៏​អស្ចារ្យ និង​ជា​កម្លាំងចិត្ត​យ៉ាងខ្លាំង សម្រាប់​កីឡាករ​-​កីឡាការិនី ជាពិសេស​គ្រូបង្វឹក​របស់​សហព័ន្ធ​ខ្មែរ​ទាំងមូល ក្នុងការ​ស្វែង​លទ្ធផល​ថ្មី​។

​នេះ​ជា​ជំហាន​ទី​២ របស់​សហព័ន្ធ ជាពិសេស​ប្រភេទ​កីឡាហែលទឹក​ជើង​ទា “Fin
swimming” ចេញទៅ​ប្រកួត ដោយ​ការអនុញ្ញាត​ពី CAMSOC សហព័ន្ធ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដូច្នេះ​យើង​មានឱកាស​ចូលរួម​ការ​ប្រកួត​ដ៏​កម្រិត​ធំ​មួយ​នេះហើយ​ជា​លើកដំបូង​ហើយ​។

​លោក​អគ្គលេខាធិការ បាន​បន្តថាៈ យើង​មិន​នឹកស្មាន​សោះ​ថា យើង​ដណ្តើមបាន​មេដាយមាស ៣ គ្រឿង និង​មេដាយសំរិទ្ធ ១​គ្រឿង តាមពិត​យើង​ចូលរួម​ការប្រកួត​មួយ​នេះ ដើម្បី​វាស់​ស្ទង់ និង​ធ្វើ​តេ​ស្តិ៍​សមត្ថភាព​បច្ចេកទេស​កីឡាករ កីឡាការិនី វិញ្ញាសា​ហែល​ទឹក​ជើង​ទា ក្រោយពី​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។

​អ្វីដែល​ជាក់ស្តែង កីឡាការិនី កាំ​ង មុយ​នី​ន ធ្វើបាន​យ៉ាង​ល្អ យើង​ទាំងអស់ ពិតជា​មានការ​រំភើប សម្រាប់​សមត្ថភាព​កីឡាការិនី ជាមួយ​ជើង​ខ្លាំង​មកពី​ប្រទេស​ជាច្រើន​ទៀត​។

​លោក​បាន​បន្ថែមថាៈ នេះ​ជា​ជំហាន​ដ៏​ធំ​សហព័ន្ធ គិតថា វា​ជា​កត្តា​វិជ្ជមាន​មួយ​របស់​សហព័ន្ធ​ក្នុងការ​ស្វែង​មេដាយ សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ជា​ម្ចាស់ផ្ទះ ដោយសារ​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ជើង​ទា ប្រហាក់ប្រហែល​នឹង​ប្រទេស​ជាច្រើន​ទៀត​។

​ព្រឹត្តិការណ៍​ខាងលើនេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន ៨​នាក់ រួមមាន​លោក ហែម គី​រី ប្រតិភូ លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក កីឡាការិនី កាំ​ង មុយ​នី​ន កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរតក កីឡាករ លឹម កែវ​ឧ​ត្ត​ម កីឡាករ ឆោម ច័ន្ទ​ថន កីឡាករ ទួន ទិ​ត្យ​សត្យា និង កីឡាករ លឹម សុខវឌ្ឍន៍​ន​ន្ទ​៕V / N