ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ។ ប្រទេសប៉ាគីស្ថានកំពុងរងគ្រោះពីមហន្តរាយធម្មជាតិមិនធ្លាប់មានពីមុនមកនោះទេ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ជាងមួយពាន់នាក់ និងមនុស្សជាច្រើននាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។


លោក ជុំ សុន្ទរី( រូបថតឯកសារៈAMS)

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែកញ្ញានេះបានបញ្ជាក់ថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ។

សូមជម្រាបថា ទឹកជំនន់ដ៏ខ្លាំងភាគខាងជើងប៉ាគីស្ថានបានធ្វើឲ្យបាក់រលំសណ្ឋាគារមួយកន្លែងស្ថិតនៅខេត្ត Khyber Pakhtunkhwa ។ ប៉ាគីស្ថានកំពុងរងគ្រោះពីមហន្តរាយធម្មជាតិមិនធ្លាប់មានពីមុនមកនោះទេ។ រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់រងរបួសនោះទេ ចាប់តាំងពីការជម្លៀសមនុស្សចេញពីសណ្ឋាគារ ១៥០ បន្ទប់ក្នុងខេត្ត Khyber Pakhtunkhwa ខណៈគិតត្រឹមចុងខែសីហា ១ ភាគ ៣ នៃប្រទេសប៉ាគីស្ថានគឺស្ថិតនៅក្រោមទឹក ហើយមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ ។ ភ្លៀងមូសុងដ៏ខ្លាំងក្លាបានចាប់ផ្តើមក្នុងខែមិថុនា ពោលលឿនជាងធម្មតាសម្រាប់ប៉ាគីស្ថាន ខណៈដែលចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ បានកើនឡើងដល់ ១,៣១៤ នាក់ហើយ គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ ។
ចំណែកអង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយអន្តរជាតិចំនួន ១៦០ លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន ហើយរហូតមកដល់ពេលនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយចំនួន ៤០០ លានយ័ន (៥៨ លានដុល្លារអាមេរិក) សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈកងទ័ពរំដោះប្រជាជនចិនក៏បានប្រគល់តង់ចំនួន ៣,០០០ ដល់ទីក្រុង Karachi ភាគខាងត្បូង៕ សរន